ទីបំផុត Justin Bieber ត្រឡប់មកវិញជាមួយបទចម្រៀងថ្មី ក្រោយសម្រាកពីសិល្បៈមួយរយៈធំ

  • 2019-04-11 02:59:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Justin Bieber ធ្លាប់​បាន​ប្រកាស​ពី​ការ​ផ្អាក​ខ្លួន​ពី​វិស័យ​តន្ត្រី​មួយ​រយៈ​ដើម្បី​ផ្ដោត​លើ​ការ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​របស់​លោក។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​គាំទ្រ​បែរ​ជា​ទទួល​បាន​ការ​ភ្ញាក់ផ្អើល ក្រោយ​សារព័ត៌មាន TMZ បាន​បញ្ជាក់​ថា តារា​ចម្រៀង​វ័យ ២៥ ឆ្នាំ​រូប​នេះ កំពុង​ត្រៀម​ចេញ​បទ​ចម្រៀង​ថ្មី​នៅ​សប្ដាហ៍​ក្រោយ​នេះ ដែល​សហការ​ច្រៀង​រួម​គ្នា​ជាមួយ​តារា​រ៉េប Lil Dicky។

កាល​ពី​ថ្ងៃ​ទី ០៩ ខែ​មេសា​កន្លង​ទៅ​នេះ Lil Dicky បាន​ប្រកាស​លើ​បណ្ដាញ​សង្គម Twitter របស់​លោក​ថា លោក​នឹង​បញ្ចេញ​បទ​ចម្រៀង និង​វីដេអូ​ថ្មី​នៅ​សប្ដាហ៍​ក្រោយ​នេះ ហើយ​សារ​របស់​លោក​ក៏​ត្រូវ​បាន​ចែក​រំលែក​ត​ដោយ Justin Bieber។

ជាមួយ​គ្នា​នេះ​ដែរ បើ​តាម​ប្រភព​មួយ​ចំនួន​បាន​អះអាង​យ៉ាង​ច្បាស់​ថា Justin ពិត​ជា​សហការ​ច្រៀង​ក្នុង​បទ​ចម្រៀង​ថ្មី​នេះ​មែន ហើយ​វា​ក៏​​ជា​ចម្រៀង​លើក​ដំបូង​ដែរ គិត​តាំង​ពី​លោក​​បញ្ចេញ​បទ "No Brainer” ដែល​ច្រៀង​រួម​គ្នា​ជាមួយ DJ Khaled, Quavo និង Chance the Rapper មក៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ អន សុភក្ត្រា