Apple ឈរ​លេខ ១ លក់​ស្មាតហ្វូន​ប្រណីត​ដាច់​ជាង​គេ តែ Oppo/Huawei តាមធ្វើ​ទុក្ខ​ឥត​ល្ហែ

  • 2019-04-18 01:37:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​នាំ​ចេញ​ស្មាតហ្វូន​ប្រណីត​ក្នុង​ឆ្នាំ ២០១៨ ​មាន​ការ​កើន​ឡើង​ប្រមាណ ១៨ ភាគរយ ធៀប​នឹង​ឆ្នាំ​ចាស់ ២០១៧។ នេះ​បើយោងតាមរបាយការណ៍ពី Counterpoint ។ ក្នុង​នោះ​ឃើញ​ថា​ការ​ប្រកួតប្រជែង​នៅ​តែ​បន្ត​កើត​មាន ជា​ពិសេស​គឺ​ក្រុមហ៊ុន​កំពូលៗ​របស់​ប្រទេស​ចិន ក៏​បន្ត​ទទួល​ភាព​ជោគជ័យ​ឥត​ឈប់ឈរ។

ត្បិត​អី Apple ឈរ​លេខ ១ ក្តោបក្តាប់​ចំណែក​ទីផ្សារ​ស្មាតហ្វូន​ប្រណីត (៤០០ ដុល្លារ​ឡើង) មាន ៥១ ភាគរយ​ធ្លាក់​ចុះ​ពី ៥៨ ភាគរយ​ធៀប​ឆ្នាំ​ចាស់ ខណៈ Samsung រក្សា​តំណែង​ទី ២ ធ្លាក់​ចុះ​មួយ​ភាគរយ ហើយ Huawei កើន​បាន ២ ភាគរយ ចំណែក​ឯ​លេខ ៤ គឺ Oppo មាន ៦ ភាគរយ និង​កុលសម្ព័ន្ធ OnePlus ឡើង​មក ២ ភាគរយ​ឈរ​លេខ ៥។

ចែក​ជា​ទីផ្សារ​តាម​បណ្តា​តំបន់​ធំៗ​ក្នុង​លោក សម្រាប់​ប៉ែក​អាមេរិក​ខាង​ជើង​គឺ Apple (១), Samsung (២) និង Google (៣) ស្រដៀង​នឹង​ទីផ្សារ​ចិន Apple ក៏​ឈរ​កំពូល តែ​ពីរ​លេខ​ខាង​ក្រោម​មាន Huawei និង Oppo ហើយ​នៅ​ទីផ្សារ​ឥណ្ឌា Samsung ទៅ​វិញ​ជា​អ្នក​នាំ​មុខ តាម​ពី​ក្រោយ​ដោយ OnePlus និង Apple នៅ​លេខ ៣។

រំឭកថា​ស្មាតហ្វូនតម្លៃលើ ៤០០ ដុល្លារ ត្រូវបានក្រុមហ៊ុនចិនជាច្រើនចេញផ្សាយបន្តកន្ទុយគ្នា ហើយក៏ទទួលបានការចាប់អារម្មណ៍ខ្ពស់ពីមួយជំនាន់ទៅមួយជំនាន់ រហូតបង្កជាផលវិបាកសម្រាប់ក្រុមហ៊ុនយក្សដូចជា Apple និង Samsung ក្នុងការស្វែងរកនូវភាពច្នៃប្រឌិតថ្មីឬចំណុចខ្លាំងណាមួយដើម្បីប្រជែងនឹងក្រុមហ៊ុនទាំងនោះនៅលើទីផ្សារសកលលោក។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា