ពេលទិញឡានមួយទឹក កុំភ្លេចធ្វើរឿងទាំងនេះ បើមិនចង់រត់រកជាងញឹក

  • 2019-04-18 02:13:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​មួយ​ទឹក​ គ្រប​ដណ្តប់​ជិត ៩០ភាគរយ​នៅ​លើ​​ទីផ្សារ​​​រថយន្ត​នៅ​កម្ពុជា​ ដោយសារ​តែ​វា​មាន​តម្លៃ​ត្រឹម ១ម៉ឺន​ ទៅ២ម៉ឺន សម​ល្មម​សម្រាប់​អ្នក​មាន​ជីវភាព​មធ្យម​ទិញ​ជិះ។

ពេលទិញឡានមួយទឹកមកជិះភ្លាម តើអ្នកត្រូវធ្វើ​ដូចម្ដេចខ្លះ?

បើ​តាម​ លោក ហេង ថាត់ ជា​អ្នក​លក់​រថយន្ត​មួយ​ទឹក​នៅ​រាជធានីភ្នំពេញ បាន​ប្រាប់ Sabay ថា​ ពេល​ទិញ​រថយន្ត​មួយទឹក​​ភ្លាម​​ ត្រូវ​​អនុវត្ត​ប៉ុន្មាន​ចំណុច​សំខាន់​នេះ។

១. លាង​សម្អាត

ពេល​ទិញ​ភ្លាម គួរ​យក​ទៅ​កន្លែង​លាង​សម្អាត​ឲ្យ​គេ​លាង​សម្អាតភាព​កខ្វក់ទាំង​ខាង​ក្នុង​និង​ខាងក្រៅ​រថយន្ត ដើម្បីនាំភាព​ស្រស់ថ្លា ក៏​ដូចជានាំ​សិរី​សួស្តី​លើ​រថយន្ត​របស់​អ្នក។

២. ប្ដូរ​ប្រេង

ត្រូវ​ប្ដូរ​ប្រេងម៉ាស៊ីនចោល​​​​ភ្លាម​ ក៏​ដូចជា​​ប្រេង​ប្រអប់​​លេខ ​​ប្រេង​ចង្កូត​ ប្រេង​មី​ញុង​ ប្រេង​ហ្វាំ្រង​ជាដើម។ ព្រោះ​មុន​ពេល​ម្ចាស់​រថយ​ន្ត​លក់ មិន​បាន​ផ្លាស់ប្តូរ​បានត្រឹម​ត្រូវ​ ដើម្បី​ឲ្យ​រថយន្ត​ដំណើរការ​បាន​ល្អ។

៣.​ ផ្លាស់​ប្ដូរ​សម្បក​កង់

សម្បកកង់ បើ​​ត្រូវ​ប្តូរ​ក៏​គួរ​តែ​ប្តូរ​ដែរ។ ​ពិនិត្យ​មើល​ឲ្យ​បាន​លម្អិត​ថា​សម្បក​កង់​មានការ​ប្រេះ​ ឬ​សឹក​? ​ពិសេសពេលទិញនៅច្បាស់ណាស់អ្នកលក់ប្រកាដជាផ្ដល់ជម្រើសឲ្យអ្នកក្នុងការជ្រើសរើសកង់ប្ដូរ ហើយ​បើ​សម្បក​ហើម​វា​អាច​ធ្វើ​ឲ្យ​រថយន្ត​ញ័រ​ ខណៈ​ពេល​បើកបរ​ក្នុង​ល្បឿន​លឿន។​ បើ​ជួប​ថា​មាន​សភាព​ដូច​ការ​រៀបរាប់​ខាងលើ​ ​ប្រញាប់​ប្ដូរ​យក​សម្បក​កង់​ថ្មី​​។

៤. ឆែក​ប្រព័ន្ធ​ហ្រ្វាំង

ហ្រ្វាំង​ឡាន​មាន​ ២​ប្រភេទ​គឺ​ហ្រ្វាំង​ដៃ ដែល​អ្នក​អាច​ដាក់​បាន​ដោយ​ការ​ទាញ​វា​នៅ​ពេល​ឈប់​ស្ងៀម និង​ហ្វ្រាំង​ជើង ដែល​អ្នក​ត្រូវ​ប្រើប្រាស់​ភ្លាម​ៗ​ ដើម្បី​បន្ថយ​ល្បឿន ឬ​ចង់​ឈប់​រថយន្ត។ ដូច្នេះ​ការ​មើល​ថែទាំ​ហ្រ្វាំង​ដោយ​ថែម​ប្រេង ឬ​ប្ដូរ​ស្បែក​ហ្រ្វាំង​ជួយ​ឲ្យ​រថយន្ត​អ្នក​ដំណើរ​ការ​បាន​យ៉ាង​ប្រក្រតី។ ហ្រ្វាំង​សំខាន់​ណាស់​ ទាក់ទង​សុវត្ថិភាព​ក្នុង​ការ​បើកបរ។ ពិនិត្យ​មើល​​ប្រព័ន្ធ​ហ្រ្វាំង​ ហើយ​បើ​​ចាំបាច់​ត្រូវ​ប្តូរ​ថ្មី​កុំ​ឲ្យ​មាន​បញ្ហា​ពេលធ្វើ​ដំណើរ។

៥. ជួសជុល​ចំណុច​ខូចខាត

​ពេល​ទិញ​​អ្នក​បាន​ពិនិត្យ​មើល​គ្រប់​ជ្រុង​ជ្រោយ​ក៏​ដោយ ប៉ុន្តែ​​ពេល​​ខ្លះ​ក៏​អាច​មើល​រំលង​ចំណុច​ណាមួយ​ក៏​ថា​បាន។ វិធី​ល្អ​អ្នក​ត្រូវ​យក​រថយន្ត​ទៅ​យានដ្ឋាន​ ដើម្បី​ពិនិត្យ​មើល​សភាព​រថយន្ត​ ហើយ​ឲ្យ​ជាង​បញ្ជាក់​ពី​ផ្នែក​ណាខ្លះ​ដែល​ត្រូវ​ប្ដូរ​ចេញ ។

ជា​ចុង​ក្រោយ​លោក​បញ្ជាក់​ប្រាប់​ថា​ ការ​ទិញ​រថយន្ត​មួយ​ទឹក​​មិន​ល្អ​១០០% ក៏​មិនមែន​ជា​រឿង​ប្លែក​​ដែរ។ តែ​រឿង​សំខាន់​បំផុត​គឺ​ការ​ថែទាំ​ឲ្យ​បាន​ល្អ​ដើម្បី​ឲ្យ​​ប្រើ​ប្រាស់​បាន​យូរ៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី