អតីតប្រធានាធិបតីប៉េរូ ធ្វើ​អត្ដឃាតក្រោយប៉ូលិសតាមចាប់ខ្លួនពាក់ព័ន្ធការសូកប៉ាន់

  • 2019-04-18 03:07:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ប្រធានាធិបតី​ប៉េរូ​លោក Alan Garcia បាន​ធ្វើ​អត្ដឃាត​ដោយ​បាញ់​សម្លាប់​ខ្លួន​ក្រោយ​ពេល​ដែល​ប៉ូលិស​ទៅ​ដល់​ផ្ទះ​របស់​លោក​ដើម្បី​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការចោទ​ប្រកាន់​ទទួល​សំណូកប៉ាន់។

យោង​តាម​សារពត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ប៉ូលិស​មួយក្រុម​ត្រូវ​បានបញ្ជូន​ឲ្យ​ទៅ​ចាប់​ខ្លួន​លោក Garcia នៅ​ផ្ទះ​របស់លោក​ក្នុងទីក្រុង Miraflores។ ប៉ុន្តែ​នៅ​ពេល​ដែល​ប៉ូលិស​ទៅ​ដល់ លោក Garcia បាន​ស្នើសុំ​ពេល​ពី​របីនាទី​ដើម្បី​ទូរស័ព្ទ ហើយ​ក៏​ដើរ​ចូល​ក្នុង​បន្ទប់​បិទ​ទ្វារ​ជិត។ មួយ​សន្ទុះ​ក្រោយ​មក ប៉ូលិស​ក៏​ស្រាប់​តែ​លឺ​សំឡេងគ្រាប់​កាំភ្លើង​ផ្ទុះ​ពី​ក្នុង​បន្ទប់ ហើយ​បើក​ទ្វារ​ចូល​ទៅ​ក៏​ឃើញ​លោក Garcia អង្គុយ​លើ​កៅអី​ដោយ​មាន​ស្នាម​គ្រាប់​កាំភ្លើង​នៅ​លើ​ក្បាល។

ក្រោយ​កើត​ហេតុ​លោក Garcia ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​អះអាង​ថា​ស្លាប់​បាត់​បង់ជីវិត។ ក្រុម​អ្នកគាំទ្រ​របស់​លោក បាន​នាំ​គ្នា​ប្រមូល​ផ្ដុំ​នៅ​មុខ​មន្ទីរ​ពេទ្យ​ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដោយ​ក្រុម​ប៉ូលិស។

គួរ​ឲ្យ​ដឹង​ថា លោក Garcia បាន​ឡើ​ងកាន់​តំណែង​ជា​ប្រធានាធិបតី​ប៉េរូចាប់​តាំង​ពី​ឆ្នាំ ១៩៨៥-១៩៩០ និង​ម្ដងទៀត​ចាប់​ពីឆ្នាំ ២០០៦-២០១១។ លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ទទួល​សំណូក​ពីក្រុមហ៊ុន​សាងសង់​ប្រេស៊ីល Odebrecht ជិត ៣០​លាន​ដុល្លារ ទាក់​ទង​នឹង​ការ​សាង​សង់​ផ្លូវ​រថភ្លើង​ក្រោម​ដី​ក្នុង​រដ្ឋធានី​របស់​ប៉េរូ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម