កូរ៉េខាងជើង ធ្វើតេស្ដអាវុធថ្មីជាលើកដំបូងក្រោយបរាជ័យជំនួបកំពូលនៅហាណូយ

  • 2019-04-18 06:42:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេដឹកនាំ​កូរ៉េ​ខាងជើង លោក គីម ជុងអ៊ុន បាន​ទៅមើល​ដោយ​ផ្ទាល់​នូវ​ការ​បាញ់​សាកល្បង​អាវុធ​យុទ្ធសាស្រ្ត​ថ្មី​របស់​​កូរ៉េ​ខាងជើង ដោយ​លោក​បាន​ហៅថា ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ក្នុង​ការ​បង្កើន​អំណាច​យោធា​របស់​ប្រទេស​ខ្លួន។

ភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង (KCNA) បាន​រាយការណ៍​ថា ​ការ​សាកល្បង​នេះ ធ្វើឡើង​កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០១៩ ប៉ុន្តែមិន​បាន​បញ្ជាក់​លម្អិត​ និង​បង្ហាញ​រូបភាព​អំពី​ប្រភេទ​អាវុធ​ថ្មី​នោះឡើយ។ នេះគឺជា​លើក​ដំបូង ចាប់​តាំង​ខែវិច្ឆិកា​ឆ្នាំមុន​មក ដែល​លោក គីម ជុងអ៊ុន បាន​ត្រួត​ពិនិត្យ​ការ​បាញ់​សាកល្បង​នេះ​ដោយផ្ទាល់ ហើយ​ក៏ជាលើកទី១ បន្ទាប់ពី​កិច្ចប្រជុំកំពូល ​ត្រាំ-គីម កាលពី​ចុងខែកុម្ភៈ បញ្ចប់​ទៅ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ណាមួយ។ បន្ទាប់ពី​ទស្សនា​រួចហើយ មេដឹកនាំ​កូរ៉េ​ខាងជើង បាន​គូស​បញ្ជាក់​ថា៖ «អ្នកវិទ្យាសាស្រ្ត​យោធា និង​កម្មករ​​របស់យើង នៅក្នុង​ឧស្សាហកម្ម​ផលិត​គ្រាប់​រំសៀវនេះ បាន​បំពេញ​ការងារ​បាន​យ៉ាងអស្ចារ្យ ​ក្នុងការ​បង្កើន​សមត្ថភាព​ការពារ​ប្រទេស»។

​ក្រៅពី​មើលការ​បាញ់​សាកល្បង​អាវុធថ្មីនេះ លោក គីម ជុងអ៊ុន ក៏បាន​ធ្វើទស្សនកិច្ច​នៅអង្គភាព​ទ័ព​អាកាស និង​ពិនិត្យ​មើល​លំហាត់​ហោះហើរ ដែល​នេះ​ក៏ជាការ​ត្រួតមើល​សកម្មភាព​យោធា​ជាសាធារណៈ​របស់​លោក​ ​ក្នុងរយៈពេល​៥ខែចុងក្រោយ​នេះ​ផងដែរ៕

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម