បើ​ Rodtang ឈ្នះ សុខ ធី អាចទៅសងសឹក Nasukawa ដែលធ្លាប់វ៉ៃនឹង Floyd​

  • 2019-04-21 23:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ដើម​កំណើត​ខេត្ត​​បន្ទាយ​មានជ័យ​ សុខ​ ធី​ ហៅ​ កាកា ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង​ជួរ​មុខ​របស់​ថៃ​ Rottang Jitmuangnon នៅ​ថ្ងៃ​ទី១០​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ ខាង​មុខ​នេះ​នៅ​សង្វៀន​ One​ ក្នុង​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ។ យ៉ាង​ណា កីឡាករ​ថៃ​ម្នាក់​​​នេះ​អាច​សម្លឹង​ឃើញ​គោល​ដៅ​សំខាន់​មួយ​ទៀត​​ បន្ទាប់​ពី​វ៉ៃ​ជា​មួយ​ សុខ ធី។

ពិចារណា​លើ​កត្តា​ខ្លះ​ៗ​ខាង​ក្រោម​

  • Rottang ជួប​ សុខ ធី លើក​នេះ​អាច​ជា​​ការ​ស្វែង​រក​ការ​បើក​ផ្លូវ​ឆ្ពោះ​ទៅ​សង​សឹក​កីឡាករ​ជប៉ុន ​Tenshin Nasukawa។ កាល​ពី​​ថ្ងៃ​ទី​១៧​ ខែ​មិថុនា ឆ្នាំ​២០១៨​កន្លង​ទៅ​ Rottang​ បាន​ប្រកួត​ជា​មួយ​ Nasukawa នៅ​ទឹក​ដី​ជប៉ុន​ដែល​​ពេល​នោះ​ប្រើ​ពេល​៥​ទឹក​ អ្នក​ទាំង​ពីរ​ស្មើ​គ្នា។ ដើម្បី​ស្វែង​រក​អ្នក​ឈ្នះ​​ ការ​ប្រកួត​ត្រូវ​បន្ថែម​​១​ទឹក​ទៀត​ ហើយ​ចៅ​ក្រម​ប្រកាស​ឲ្យ​កីឡាករ​ជប៉ុន​ឈ្នះ​ពិន្ទុ​​ Rottang​ បន្ទាប់​ពី​ចប់​ទឹក​ទី​៦។
កីឡាករ​កម្ពុជា សុខ ធី (រូបថត៖ ONE)

- លទ្ធផល​ចាញ់​ពិន្ទុ​នោះ​បាន​ធ្វើ​ឲ្យ​ Rottang​​ ខក​ចិត្ត​យ៉ាង​ខ្លាំង។ ពេល​​នោះ​រូប​គេ​​បាន​លើក​ឡើង​ថា ចង់​សង​សឹក​ Nasukawa​ ឲ្យ​ខាង​តែ​បាន​ ព្រោះ​រូប​គេ​មិន​ចិត្ត​នឹង​លទ្ធផល​ដែល​ឲ្យ​រូប​គេ​ចាញ់​ឡើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ អ្នក​គាំទ្រ​ថៃ​មួយ​ចំនួន​ថែម​ទាំង​នាំ​គ្នា​រិះ​គន់​ថា​ ឲ្យ​ជ័យជម្នះ​ទៅ​កីឡាករ​ជប៉ុន​​នោះ​ជា​ការ​ប្លន់​យក​ទាំង​ស្រុង។

កីឡាករ Rottang​ (រូបថត៖ ONE)
  • ដំណឹង​ក្រៅ​​​ផ្លូវ​ការ​មួយ​ថា​ ​កីឡាករ​ជប៉ុន​ Nasukawa បាន​ចូល​ហ្វឹក​ហាត់​នៅ​ក្លឹប​ Evolve MMA​ របស់​ប្រទេស​សិង្ហបុរី។ ក្លឹប​នេះ​ល្បី​ទូទាំង​អាស៊ី​​ដែល​ជា​កម្មសិទ្ធិ​របស់​លោក​ Chatri Sityodtong​ ​នាយក​ប្រតិបត្តិ​ (CEO)​របស់​ ONE Championship។ ការ​ចូល​ហាត់​នៅ​ក្លឹប​កំពូល​ Evolve ជា​សញ្ញា​ថា​ រូប​គេ​ប្រាកដ​ជា​ចូល​វ៉ៃ​សេរី​នៅ​សង្វៀន​ ONE មិន​ខាន​ឡើយ។ អ្នក​តាម​ដាន​កីឡា​ប្រហែល​ជា​ស្គាល់​ Nasukawa​ ច្បាស់​ហើយ​ដែល​រូប​គេ​ធ្លាប់​វ៉ៃ​ជា​មួយ​កំពូល​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​របស់​អាមេរិក​ Floyd Mayweather​ កាល​ពី​ឆ្នាំ​២០១៨។
កីឡាករ​ជប៉ុន Nasukawa (ខោស)​ពេល​វ៉ៃ​ជា​មួយ Mayweather​
  • ប្រសិន​បើ​ជើង​ខ្លាំង​មុខ​ដែក​​ Rottang​ ទទួល​បាន​ជ័យជម្នះ​លើ​កីឡាករ​កម្ពុជា​ សុខ​ ធី​ រូប​គេ​អាច​មាន​មុខ​ឆ្ពោះ​ទៅ​ការ​ប្រកួត​សំខាន់​​ដណ្ដើម​ខ្សែ​ក្រវាត់ ជា​ពិសេស​សង​សឹក​កីឡាករ​ជប៉ុន​ ​ Nasukawa ដែល​មាន​ប្រវត្តិ​មិន​ដែល​ចាញ់​ក្នុងវ៉ៃ​សេរី។

  • ផ្ទុយ​ទៅ​វិញ​ ប្រសិន​បើ​ សុខ​ ធី​ ទទួល​បាន​ជ័យជម្នះ​ កីឡាករ​កម្ពុជា​រូប​នេះ​​អាច​នឹង​មាន​ផ្លូវ​ឆ្ពោះ​ទៅ​ប្រកួត​គូ​សំខាន់​ គូ​ឯក​ ឬ​គូ​ខ្សែ​ក្រវាត់​ក៏​ថា​បាន​ ពី​ព្រោះ​រូប​គេ​ធ្លាប់​វ៉ៃ​នៅ​ ONE ពីរ​​​ដល់​រួច​មក​ហើយ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​​រៀប​ចំ​កម្មវិធី៕

វីដេអូ៖ Rottang​​ ចាញ់​ពិន្ទុ Nasukaw

អត្ថបទ៖ ជាន ចាន់រ៉ា