លក្ខណៈ​ទូទៅ​ទាំង ១០ របស់​មនុស្ស​ឆ្លាត

  • 2019-04-20 06:07:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ឆ្លាតវៃ​មាន​លក្ខណៈ​ទូទៅ​ជា​ច្រើន​ដូចជា ពួកគេ​ចង់​ចេះ​ចង់​ដឹង ជា​មនុស្ស​មាន​ទំនោរ​បែប​កំប្លុកកំប្លែង យល់​ថា​ខ្លួន​ឯង​ដឹង​កម្រិត​ណា​ជា​ដើម។

​ខាង​ក្រោម​នេះ​គឺ​ជា លក្ខណៈ​ទូទៅ​ទាំង ១០ របស់​មនុស្ស​ឆ្លាត។ តើ​អ្នក​​គិត​ថា​ខ្លួន​ឯង​មាន​បុគ្គលិកលក្ខណៈ​ទាំង​នេះ​ប៉ុន្មាន​ចំណុច? ហើយ​តើ​អ្នក​ត្រូវ​ធ្វើ​អ្វី​បន្ថែម​ទៀត ដើម្បី​បង្កើន​គុណភាព​ជីវិត​ផ្ទាល់ខ្លួន? ​​​​

១ ពួកគេ​ងាយ​នឹង​សម្រប​ខ្លួន

ការ​ស្រាវជ្រាវ​ផ្នែក​ចិត្តសាស្ត្រ បាន​បង្ហាញ​ថា មនុស្ស​ឆ្លាត​វៃ​ពឹងផ្អែក​ទៅ​លើ​ការ​ផ្លាស់ប្តូរ​អាកប្បកិរិយា​ផ្ទាល់ខ្លួន​​ឲ្យ​មាន​ប្រសិទ្ធភាព​ពេល​ទៅ​ពើប​ប្រទះ​នឹង​បរិយាកាស​ថ្មី ឬ មជ្ឈដ្ឋាន​ដែល​អ្នក​កំពុង​រស់​នៅ។

Donna F. Hammett បាន​សរសេរ​ថា មនុស្ស​ឆ្លាត ឆ្លុះបញ្ចាំង​តាមរយៈ "ការ​បង្ហាញ​នូវ​អ្វី​ដែល​គេ​អាច​ធ្វើ​បាន​ទោះ​ជា​ស្ថិត​ក្នុង​ស្ថានភាព​ស្មុគស្មាញ ឬ ស្ថិត​ក្នុង​បរិយាកាស​កំហិត​យ៉ាង​ណា"។ ​​​

២ ពួកគេ​យល់​ថា​ពួកគេ​ដឹង​កម្រិត​ណា

មនុស្ស​ឆ្លាត​តែង​សារភាព​ថា​រឿង​ណា​ដែល​គេ​ដឹង និង រឿង​ណា​ដែល​គេ​មិន​ដឹង ពោល​គឺ​ផ្ទុយ​ពី​បុគ្គលិកលក្ខណៈ​របស់​មនុស្ស​ល្ងង់​ធ្វើ​ចេះ​ ដែល​ដឹង​សព្វ​ចេះ​គ្រប់។

Jim Winer បាន​សរសេរ​ថា​មនុស្ស​ឆ្លាតវៃ "មិន​ខ្លាច​ក្នុង​ការ​និយាយ​ថា ខ្ញុំ​មិន​ដឹង​ទេ។ ប្រសិន​បើ​ពួកគេ​មិន​ដឹង ពួកគេ​អាច​រៀន​បន្ថែម"។

៣ ពួកគេ​មាន​ចំណង់​ក្នុង​ការ​ចង់​ដឹង

អាលបឺត អែនស្តែន​បាន​និយាយ​ថា "ខ្ញុំ​មិន​មាន​ទេពកោសល្យ​ពិសេស​ទេ ខ្ញុំ​គ្រាន់​តែ​មាន​ចំណង់​​ក្នុង​ការ​ស្វែងយល់​បន្ថែម"។

ការ​ស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ឆ្នាំ ២០១៦ ក្នុង​ទស្សនាវដ្ដី​ Journal of Individual Differences ឬ ភាព​ខុសៗ​គ្នា​នៃ​បុគ្គល​នីមួយៗ បង្ហាញ​ថា មាន​ទំនាក់ទំនង​រវាង​ភាព​ឆ្លាតវៃ​នៅ​ពេល​មនុស្ស​ស្ថិត​នៅ​កុមារភាព និង ភាព​បើក​ចំហ​ចំពោះ​បទពិសោធន៍ ​ដែល​រួមបញ្ចូល​គ្នា​​បង្កើត​ជា​ចំណង់​ក្នុង​ការ​ចង់​ចេះ​ដឹង​នៅ​ពេល​មនុស្ស​ពេញ​វ័យ។

៤ ពួកគេ​អាន​ច្រើន

Cheikh Mutee Diop បាន​សរសេរ​ថា ដោយសារ​តែ​ពួកគេ​ចង់​ដឹង មនុស្ស​ឆ្លាត​​តែង​​មាន​ទំនោរ​​ក្នុង​ការអាន​មិន​ចេះ​ឆ្អែតឆ្អន់។

Bill Gates និង Oprah ស្ថិត​ក្នុង​ចំណោម​​ក្រុម​មនុស្ស​ដែល​បាន​និយាយ​ថា ពួកគេ​អប់រំ​ខ្លួន​ឯង​ដោយ​ការ​អាន​រឿងរ៉ាវ​ផ្សេងៗ។

៥ ពួកគេ​មាន​គំនិត​បើកចំហ

អ្នក​ចិត្តសាស្រ្ត​និយាយ​ថា​មនុស្ស​បើកចំហ តែង​ស្វែង​រក​ទស្សនៈ​ផ្សេង និង ថ្លឹង​ថ្លែង​ភស្តុតាង​ដោយ​យុត្តិធម៌ ។ ពួកគេ​មាន​ឆន្ទៈ​ក្នុង​ការ​ទទួល​យក​ និង ពិចារណា​ទស្សនៈ​អ្នកដទៃ​ ឲ្យ​តម្លៃ និង បើក​ចិត្ត​ទូលាយ​។

៦ ពួកគេចូលចិត្ត​របៀប​របស់​ខ្លួន​ឯង

Richard He បាន​និយាយ​ថា មនុស្ស​ឆ្លាតវៃ​មាន​និន្នាការ "បុគ្គលិកលក្ខណៈ​និយម"។ ការ​ស្រាវជ្រាវ​ឆ្នាំ ២០១៦ ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី​ចិត្តសាស្ត្រ​អង់គ្លេស (British Journal of Psychology) បាន​​បង្ហាញ​ថា​មនុស្ស​ឆ្លាត​តែង​មាន​ទំនោរ​​តិច​ជាង​មនុស្ស​ទូទៅ​ដែល​សប្បាយរីករាយ​នឹង​​ទំនាក់ទំនង​សង្គម​ជាមួយ​មិត្តភ័ក្ដិ។​

​៧ ពួកគេ​មាន​ការ​គ្រប់គ្រង​ខ្លួន​ឯង​បាន​ខ្ពស់

Zoher Ali សរសេរ​ថា​មនុស្ស​ឆ្លាត​អាច​យក​ឈ្នះ​លើ​ភាព​ច្របូកច្របល់​ដោយ "ធ្វើ​ផែនការ​កំណត់​គោលដៅ​បាន​​ច្បាស់លាស់ រុករក​យុទ្ធសាស្ត្រ​​ផ្សេងៗ​ដែល​អាច​ទៅ​រួច និង គិត​ពី​ផលវិបាក​មុន​ពេល [ពួកគេ] ចាប់ផ្ដើម"។

ទស្សនាវដ្ដី Psychological Science បាន​ធ្វើ​ការ​សិក្សា​មួយ​កាល​ពី​ឆ្នាំ ២០០៩ ដោយ​តម្រូវ​ឲ្យ​អ្នកចូលរួម​ជ្រើសរើស​​នូវ​ជម្រើស​២​​ដើម្បី​​ទូទាត់​សង​លុយ​គេ​វិញ៖ ទី​១ គឺ សង​តិច​ក្នុង​រយៈពេល​ខ្លី​​នៃ​​ដំណាក់កាល​ដំបូង និង ទី២ សង​ច្រើន​តែ​រយៈពេល​យូរ​នៃ​​ដំណាក់កាល​ដំបូង។

អ្នក​ចូលរួម​ភាគ​ច្រើន​ជ្រើស​យក​ជម្រើស​ទី២ សង​ច្រើន​តែ​រយៈពេល​យូរ​នៃ​​ដំណាក់កាល​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​ព្យាយាម​ដោះស្រាយ​បញ្ហា​នៃ​បរិបទ​ដំបូងៗ បង្ហាញ​ពី​តួនាទី​សំខាន់​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា ពោល​គឺ​មនុស្ស​ឆ្លាត​ភាគតិច​​នៃ​អ្នក​ចូលរួមជ្រើស​យក​ជម្រើស​ទី១ គឺ​ប្រើ​ពេល​ខ្លី​ដោះស្រាយ​បំណុល​ចំពោះ​មុខ​ដោយ​សង​តិចៗ​ពី​ដំបូង ជាជាង​ទុក​ពេល​យូរ​ដោយ​សង្ឃឹម​ថា​នឹង​មាន​ពេល​ដោះស្រាយ​បំណុល​ធំ។ ​​​​​

៨ ពួកគេ​ជា​មនុស្ស​រីករាយ

Advita Bihani បាន​បង្ហាញ​ថា​មនុស្ស​ដែល​មាន​បញ្ញា តែង​មាន​ទំនោរ​ មាន​គំនិត​កំប្លុកកំប្លែង។ ការ​សិក្សា​មួយ​នៅ​សាកលវិទ្យាល័យ New Mexico បាន​លើក​ឡើង​ថា អ្នក​ចូលចិត្ត​សរសេរ​ captions បែប​កំប្លែង​ តែង​ទទួល​ពិន្ទុ​ខ្ពស់​ផ្នែក​វោហារ​សាសព្ទ។

៩ ពួកគេ​ងាយ​នឹង​យល់​បទពិសោធន៍​របស់​អ្នកដទៃ

មនុស្ស​ឆ្លាត​ស្ទើរ​តែ​អាច "មាន​អារម្មណ៍​ថា​នរណា​ម្នាក់​កំពុង​គិត​អ្វី ឬ មាន​អារម្មណ៍​ដូចម្តេច"។ អ្នក​ចិត្តសាស្ត្រ​មួយ​ចំនួន​អះអាង​ថា​ការ​យល់ចិត្ត​អ្នកដទៃ​គឺ​ជា​តម្រូវការ​ធាតុ​ស្នូល​នៃ​ភាព​ឆ្លាតវៃ​ផ្នែក​ស្មារតី ហើយ ពួកគេ​តែងតែចាប់អារម្មណ៍​ក្នុង​ការ​និយាយ​ជាមួយ​មនុស្ស​ថ្មី និង រៀន​បន្ថែម​ពី​មនុស្ស​ទាំង​នោះ។

១០ ពួកគេ​គិត​ ក្រៅ​ប្រអប់

ភាព​ឆ្លាត​វៃ គឺ​ការ​គិត​គឺ​ខុស​ពី​គេ។ Scott Galloway សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ញូវយ៉ក​បាន​ប្រាប់ Business Insider ថា​មនុស្ស​ឆ្លាត​តែង​សួរ​សំណួរ​ថា "ចុះ​បើ​យើង​ធ្វើ​របៀប​នេះ​វិញ?”៕

អាន៖ មកស្គាល់ ព្រលានយន្ដហោះគ្រោះថ្នាក់បំផុតនៅប៊ូតាន់ មានពីឡុតមិនដល់ ២០នាក់ហ៊ានចុះចត

អាន៖ អ្នក​ចិត្តសាស្ត្រ​កំណត់​ ៧​ប្រភេទ​នៃ​ស្នេហា និង ប្រភេទ​​ចុង​ក្រោយ ​​​មាន​មនុស្ស​តិច​តួច​ដែល​ធ្លាប់​មាន

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខ លាងហ៊ត