នារី​បង់ក្លាដេស​ម្នាក់​ត្រូវ​គេ​ដុត​សម្លាប់​តាម​បញ្ជា​នាយក​សាលា​យ៉ាង​ឃោរឃៅ

  • 2019-04-20 09:04:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នារី​ម្នាក់​ត្រូវ​បាន​គេ​ដុត​សម្លាប់​នៅ​ក្នុង​ប្រទេស​បង់ក្លាដេស​តាម​បញ្ជា​របស់​នាយកសាលា​​ ក្រោយ​ពី​នាង​បាន​រាយការណ៍​ពី​ការ​បៀតបៀន​ផ្លូវ​ភេទ​របស់​នាង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP កាល​ពី​ថ្ងៃ​សុក្រ។

ករណីនេះបានបណ្តាលឱ្យផ្ទុះកំហឹងនៅប្រទេសបង់ក្លាដេសដោយនាយករដ្ឋមន្ត្រីសន្យាថានឹងកាត់ទោសអ្នកជាប់ពាក់ព័ន្ធទាំងអស់

Nusrat Jahan Rafi អាយុ ១៩ ឆ្នាំ​​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ឡើង​ទៅ​ដំបូល​នៃ​ មហាវិទ្យាល័យ​អ៊ីស្លាម ជា​កន្លែង​ដែល​នាង​ត្រូវ​​បាន​គេ​វាយប្រហារ​ ដោយ​ស្នើ​ឱ្យ​នាង​ដក​ពាក្យ​បណ្តឹង​ពី​ការ​បៀតបៀន​ខាង​ផ្លូវភេទ ​ដែល​នាង​បាន​ដាក់​ទៅប៉ូលីស។

នៅ​ពេល​ដែល​នាង​បដិសេធ នាង​ត្រូវ​បាន​គេ​ចាក់​ប្រេងកាត និង ដុត​សម្លាប់។ ប្រភព​ខាង​លើ​បន្ត។

Nusrat Jahan Rafi អាយុ ១៩ ឆ្នាំត្រូវ​បាន​គេ​ចាក់​ប្រេងកាត និង ដុត​​សម្លាប់ នៅ​ពេល​ដែល​នាង​បដិសេធ​ដក​ពាក្យ​បណ្តឹង

ប៉ូលីស​បាន​និយាយ​ថា​មនុស្ស​​​ម្នាក់​ក្នុង​ចំណោម​១៧​នាក់​​ដែល​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​នាង​គឺ​ជា​នាយក​សាលា​​របស់​នាង។ ប៉ូលីស​បាន​និយាយ​ថា ​នាយក "បាន​ប្រាប់​ពួកគេ ឲ្យ​ដាក់​សម្ពាធ​លើ​ Rafi ឲ្យ​ដក​ពាក្យ​បណ្តឹង ឬ ក៏​សម្លាប់​ប្រសិន​បើ​នាង​បដិសេធ"។

យ៉ាងហោច​ណាស់​មនុស្ស ៥ នាក់​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​រួម​មាន​មិត្ត​រួម​ថ្នាក់​របស់ Rafi ៣​នាក់​បាន​ចង​នាង​ជាមួយ​នឹង​កន្សែង​មុន​ពេល​​គេ​ដុត​នាង។

Rafi បាន​ទៅ​ប៉ូលីស​កាល​ពី​ចុង​ខែ​មីនា​ ដើម្បី​រាយការណ៍​ពី​ការ​យាយី​ខាង​ផ្លូវ​ភេទ​ជា​ច្រើន​ដង​មក​លើ​រូប​នាង ពី​សំណាក​នាយក​សាលា​ឈ្មោះ Maulana Siraj Ud Doula ហើយ​បាន​ប្រាប់​នាង​ឲ្យ​រក្សា​ភាព​ស្ងៀមស្ងាត់។

នាយក​សាលា​ឈ្មោះ Maulana Siraj Ud Doula ជា​ជន​សង្ស័យ​ពីក្រោយ​ការ​ស្លាប់​របស់ Rafi

​មន្ត្រី​ប៉ូលីស​បាន​ថត​វីដេអូ​ដោយ​​មិន​សុំ​ការ​អនុញ្ញាត ​នៅ​ពេល​ Rafi ទៅ​ដាក់​ពាក្យ​បណ្តឹង ហើយ​ព្រម​ទាំង​បាន​ចែក​រំលែក​វា​នៅ​លើ​បណ្តាញ​សង្គម​ដែល​ជា​សកម្មភាព​ខុស​ច្បាប់។ នៅ​ក្នុង​វីដេអូ​នោះ​គេ​ឮ​​ប៉ូលីស​មូលដ្ឋាន​ដែល​ទទួល​ពាក្យ​បណ្តឹង​របស់​នាង​បាន​ឆ្លើយ​ថា "វា​មិនមែន​ជា​រឿង​ធំ​ទេ"។

Rafi បាន​រលាក​រហូត​ដល់ ៨០ ភាគ​រយ​នៃ​រាងកាយ​ហើយ​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ទី ១០​ ខែ​មេសា។

ប៉ុន្តែ​នាង​បាន​ថតវីដេអូ​មួយ​មុន​ពេល​ដែល​នាង​បាន​ស្លាប់​ ដោយ​ធ្វើ​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​នាយក​សាលា​ដែល​បាន​បៀតបៀន​​ផ្លូវ​ភេទ​លើ​រូប​នាង៕

អាន៖ គំនិត​ទីក្រុង​បណ្ដែត​ទឹក​​របស់ UN ឃើញ​ប្លង់​ហើយ​ចង់​ឲ្យ​មាន​ឆាប់ៗ

អាន៖ តៃវ៉ាន់​​គ្រោង​បង្កើត​ច្បាប់​ប្រហារជីវិត​សម្រាប់​អ្នក​បើកបរ​មាន​ជាតិ​ស្រវឹង​​បណ្ដាល​ឲ្យ​អ្នកដទៃ​ស្លាប់

ប្រភព៖ www.afp.com   ប្រែ​សម្រួល៖ សុខ លាងហ៊ត