បន្តការសិក្សានៅសិង្ហបុរីជាប់ជាជម្រើសល្អបំផុតមួយ ៥ចំណុចនេះជាមូលហេតុ

  • 2019-04-22 04:11:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តើ​អ្នក​កំពុង​ស្វែង​រក​សាលា​បន្ត​ការ​សិក្សា​នៅ​បរទេស​មែន​ទេ​? ជាមួយ​ទិសដៅ​ និង​ជម្រើស​ជាច្រើន នេះ​គឺ​ជា​ហេតុ​ផល​ធំៗ​ទាំង ៥ ដែល​ធ្វើ​ឲ្យ​វិទ្យាស្ថាន​គ្រប់គ្រង​សិង្ហបុរី Singapore Institute of Management (SIM) អាច​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក។

១. សិង្ហបុរី​ គឺ​កន្លែង​ប្រមូល​ផ្តុំ​នៃ​ប្រព័ន្ធ​អប់រំ​គុណភាព​ខ្ពស់​លំដាប់​ពិភពលោក

ប្រព័ន្ធ​អប់រំ និង គរុកោសល្យ​សិង្ហបុរី ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ខ្ពស់ និង​ឈានមុខ​គេ​មួយ​​ក្នុង​តំបន់​អាស៊ី និង​ពិភពលោក។ ប្រព័ន្ធ​អប់រំ​នៃ​ប្រទេស​គុជ​អាស៊ី​មួយ​នេះ ពោរពេញ​ដោយ​បទពិសោធន៍ និង​បាន​វិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​ដើម្បី​រៀប​ចំ​សិស្ស​និស្សិត​កាន់​តែ​ប្រសើរ​ សម្រាប់​ជីវិត​ក្រោយ​សាលា​។ យោង​តាម​របាយការណ៍​ថ្មី​មួយ​ចេញ​ផ្សាយ​ដោយ [Economist Intelligence Unit( EIU)] កាល​ពី​ខែ​តុលា ២០១៧ បាន​ឲ្យ​ដឹង​ថា​សិង្ហបុរី​ជាប់​ចំណាត់​ថ្នាក់​លេខ ៥ កម្រិត​ពិភពលោក​ នៅ​ពី​ក្រោយ​ ប្រទេស​ញ៉ូហ្សេលែន កាណាដា ហ្វាំងឡង់ និង​ស្វីស ក្នុង​ការ​រៀប​ចំ​យុវជន​ជំនាន់​ក្រោយ​​សម្រាប់​អនាគត។

មួយ​ក្នុង​ចំណោម​វិធីសាស្ត្រ​ជាច្រើន​ដែល​ SIM បាន​អនុវត្ត​ដើម្បី​បង្កើត​ឲ្យ​មាន​បរិយាកាស​រៀនសូត្រ​​​ពេញ​លេញ​ដ៏​មាន​គុណភាព​មួយ គឺ​ គម្រោង​ជីវិត​និស្សិត "Project 1095 ” ដែល​រួម​បញ្ចូល​បណ្ដុំ​គំនិត​ផ្តួច​ផ្តើម​ចាប់​ពី​ក្រុម​អ្នក​ចាប់​អារម្មណ៍ ​រហូត​ដល់​ឱកាស​អភិវឌ្ឍ​អាជីព​ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​សិស្ស​និស្សិត​ឱ្យ​ធ្វើ​បាន​ល្អ​បំផុត​ក្នុង​រយៈ​ពេល​បី​ឆ្នាំ(1095 ថ្ងៃ) ​នៃ​ការ​សិក្សា​របស់​ពួកគេ ​នៅ​ក្នុង​កម្មវិធី​ [SIM Global Education]។​​​

“ជីវិត​និស្សិត​នៅ​ SIM ពិត​ជា​ពោរ​ពេញ​ដោយ​បទពិសោធន៍​សម្បូរ​បែប។ ក្នុង​នាម​ខ្ញុំ​ជា​អ្នកណែនាំ​ក្នុង​ក្រុម​ម្នាក់​ ខ្ញុំ​បាន​អភិវឌ្ឍ​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន ដូចជា​ជំនាញ​ភាព​ជា​អ្នក​ដឹកនាំ និង​ជំនាញ​ធ្វើ​ការងារ​ជា​ក្រុម​ជាដើម។ អ្វី​ដែល​កាន់​តែ​សំខាន់​នោះ ខ្ញុំ​បាន​បង្កើត​មិត្ត​ភក្តិ​ថ្មី​ល្អ​ៗ ដែល​ជំរុញ​ឲ្យ​ខ្ញុំ​កាន់តែ​ចង់​យល់ដឹង និង​មាន​គោល​ដៅ​កាន់​តែ​ខ្ពស់​សម្រាប់​អនាគត។ នៅ SIM ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​កំពុង​រៀនសូត្រ​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឯង​ឲ្យ​ក្លាយ​ជា​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ជីវិត​ខ្ញុំ​។ នេះ​ជា​ការ​លើក​ឡើង របស់ Vallie Ang Ye Qian និស្សិត​មក​ពី ម៉ាឡេស៊ី សិក្សា​បរិញ្ញាប័ត្រ​ពាណិជ្ជកម្ម ជំនាញ​គណនី នៅ​សាកលវិទ្យាល័យ RMIT នៃ​ប្រទេស​អូស្ត្រាលី។

២. ទីក្រុង​បៃតង ស្អាត​មាន​អនាម័យ និង​ធានា​សុវត្ថិភាព

នៅ​សិង្ហបុរី​ពោរពេញ​ដោយ​តំបន់​ដែល​មាន​ធម្មជាតិ​បៃតង ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ទីក្រុង​មួយ​ក្នុង​អាស៊ី​ដែល​បៃតង​បំផុត។ ស្ទើរតែ ៣០% នៃ​ផ្ទៃ​ទី​ក្រុង គឺ​ជា​តំបន់​តែ​គ្រប​ដណ្តប់​ដោយ​ធម្មជាតិ​បៃតង។ ផ្លូវ​ថ្នល់​នៃ​ទីក្រុង​នេះ ក៏​ត្រូវ​បាន​គេ​​ទទួល​​ស្គាល់​ថា​មាន​ស្តង់ដារ​អនាម័យ​សាធារណៈ​ខ្ពស់ និង​ធានា​សុវត្ថិភាព ជាមួយ​នឹង​ការ​អនុវត្ត​ច្បាប់​តឹង​រ៉ឹង​ តួយ៉ាង​សិង្ហបុរី​មាន​អត្រា​ឧក្រិដ្ឋកម្ម​ទាប​បំផុត​នៅ​ក្នុង​ពិភពលោក​។

ដូច្នេះ​ក្រៅ​ពី​ម៉ោង​សិក្សា​ អ្នក​ក៏​អាច​យក​ពេល​សម្រាក​ខ្លះ​ដើម្បី​លម្ហែ​អារម្មណ៍ ចេញ​ដើរ​លេងកម្សាន្ត​​ជា​មួយ​មិត្តភក្ដិ​ រីករាយ​ជាមួយ​ភាព​ស៊ីវិល័យ​ទីក្រុង និង​ពន្លឺ​ភ្លើង​ពេល​រាត្រី​ដោយ​មិន​បារម្ភ​ច្រើន​ពី​សុវត្ថិភាព​ឡើយ។

៣. ការ​រស់​នៅ​មាន​តម្លៃ​សមរម្យ ៖ បើ​ចេះ​រៀប​ចំ​ផែន​ការ​ចាយ​រាយ​ប្រុង​ប្រយ័ត្ន​ និង​គម្រោង​ថវិកា​ត្រឹមត្រូវ​ ការ​រៀន​សូត្រ និង​រស់នៅ​សិង្ហបុរី អាច​មាន​តម្លៃ​សមរម្យ​ជាទី​បំផុត។ នេះ​គឺ​ជា​ ការ​បំបែក​លម្អិត​ពី​ថ្លៃ​ចំណាយ​ប្រចាំ​ខែ​សម្រាប់​និស្សិត​អន្តរជាតិ ​ប៉ាន់​ប្រមាណ​​ចេញ​ពី SIM Global Education’s International Student Prospectus

៤. សិង្ហបុរី​ជា​ទី​កន្លែង​គ្មាន​បែង​ចែក ជាតិសាសន៍ និង​វប្បធម៌

លក្ខណៈ​ពិសេស​ប្លែក​គេ​នៃ​កោះ​កូន​នាគ​តូច​នេះ គឺ​បើ​ទោះជា​មាន​ទឹក​ដី​តូច តែ​ជា​សង្គម​ធំ​ទូលាយ​ដែល​ប្រមូល​ផ្តុំ​ជាតិសាសន៍​ចម្រុះ ដែល​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​បន្ត​ថែរក្សា​វប្បធម៌ ទំនៀមទម្លាប់ ​ប្រពៃណី និង​អរិយធម៌​គ្មាន​ពីរ​របស់​ពួក​គេ។ នេះ​ហើយ​ដែល​ពួន​ផ្តុំ​បង្កើត​បាន​ជា​សហគមន៍​សិស្ស​ចម្រុះ​ជាតិ​សាសន៍​នៅ​ក្នុង​បរិវេណ​សាលា​រៀន​តែ​មួយ​។

“ថ្វី​ត្បិត​តែ​រស់​នៅក្នុង​បរិយាកាស​នគរូបនីយកម្ម តែ​ការដែល​យើង​អាច​ដក​ពិសោធន៍​ពី​វប្បធម៌​ផ្សេង​ៗដោយ​ផ្ទាល់ ​ផ្តល់​ឲ្យ​យើង​នូវ​អារម្មណ៍​ផ្សេង​មួយ​ទៀត​។ គ្រាន់តែ​ធ្វើ​ជា​បុគ្គល​សកម្ម​ម្នាក់​ និង​​​ប្រាស្រ័យ​ទាក់ទង​​ជាមួយ​មិត្ត​នៅ​ជុំវិញ​ខ្លួន​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​អាច​​រៀន​សូត្រ​បាន​​យ៉ាង​ច្រើន តាមរយៈ​​ការ​ចូល​រួម​ជាមួយ​ SIM” ។ នេះ​ជា​ការ​លើក​ឡើង​របស់​ Richard Lim និស្សិត​បរិញ្ញាប័ត្រ​ផ្នែក​សិល្បៈ​ទំនាក់​ទំនង​ ពី សាកលវិទ្យាល័យ Buffalo នៃ​ទីក្រុង​ញ៉ូយក​ សហរដ្ឋអាមេរិក។

៥. ជា​ប្រទេស​ប្រើប្រាស់​ភាសា​អង់គ្លេសផ្លូវការលើគ្រប់វិស័យ

ថ្វីបើ​មាន​វប្បធម៌ និង​ជាតិសាសន៍​ផ្សេង​ៗ​គ្នា ភាសា​អង់គ្លេស​គឺ​ជា​ភាសា​គោល​ប្រើប្រាស់​ផ្លូវការ​​ក្នុង​ប្រព័ន្ធ​អប់រំ និង រដ្ឋ​បាល​សាធារណៈ​នៅ​សិង្ហបុរី។

ដូច្នេះ​សិក្សា​នៅ​សិង្ហបុរី គឺ​ជា​ឱកាស​ដ៏​ល្អ​បំផុត​មួយ​ក្នុង​ការ​ហ្វឹកហាត់​ដុស​សំលៀង​​ភាសា​អង់គ្លេស​តាមរយៈ​ប្រាស្រ័យ​ទាក់​ទង​រាល់​ថ្ងៃ ទាំង​នៅ​ក្នុង​ និង​នៅ​ក្រៅ​ថ្នាក់រៀន ដែល​មិន​ត្រឹម​តែ​ឲ្យ​អ្នក​អាច​រៀន​ពី​វប្បធម៌​ថ្មី​ៗ​ជាច្រើន​ប៉ុណ្ណោះ​ទេ អ្នក​ថែម​ទាំង​កាន់​តែ​ស្គាល់​ច្បាស់​ពីសង្គម​មួយ​ដ៏​ទូលំ​ទូលាយ ​ដែល​​​​ជំនាញ​ទាំង​នេះ​នឹង​​នៅ​ជាមួយ​អ្នក​ពេញ​មួយ​ជីវិត​បើ​ទោះ​អ្នក​បញ្ចប់​ការ​សិក្សា​ពី​សិង្ហបុរី​ក៏​ដោយ​៕

អត្ថបទ៖ លីដា