ហេតុ​អ្វី​យុវវ័យ​ចូលចិត្ត​ថត​រូប​ក្នុង​បន្ទប់​ទឹក?

  • 2019-04-22 03:20:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​បណ្ដាញ​សង្គម​ Facebook តែង​តែ​ឃើញ​យុវវ័យ​មួយចំនួន​ ចូល​ចិត្ត​បង្ហោះ​រូប​ខ្លួន​ឯង​ ដែល​បាន​ថត​នៅ​ក្នុង​បន្ទប់​ទឹក​ មិន​ថា​ក្នុង​បន្ទប់​ទឹក​តាម​សាធារណៈ​ ឬ​ ក៏​នៅ​ក្នុង​ផ្ទះ​ទេ។ តើ​ហេតុ​អ្វី​បាន​ជា​យុវវ័យ​បច្ចុប្បន្ន​និយម​ថត​រូប​ក្នុង​បន្ទប់​ទឹក? ​

ឆ្លើយ​តប​​​នឹង​សំណួរ​ខាង​លើ យុវជន​​ ស៊ឹម​ សូរ្យ​ម៉ូ​និន្ទ ជា​និស្សិត​ឆ្នាំ​ទី ១ នៃ​សាកល​វិទ្យាល័យ​កម្ពុជា បាន​ប្រាប់​ Sabay ថា ​​ខ្លួន​ចូល​ចិត្ត​ថត​រូប​ក្នុង​បន្ទប់​ទឹក​ព្រោះ​ថា ក្នុង​បន្ទប់​ទឹក​មាន​កញ្ចក់​ធំ​មើល​បាន​មួយ​ជំហរ​ខ្លួន។​

យុវជន​ដែល​សិក្សា​ផ្នែក​រដ្ឋបាល រូប​នេះ ​ក៏​បាន​បន្ត​ទៀត​ថា៖ "មិន​មែន​អោយ​តែ​ពេល​ចូល​បន្ទប់ ​គឺ​សុទ្ធ​តែ​ថត​រូប​ទេ​ ពេល​បត់​ដៃ​បត់​ជើង​រួច​ក៏​ឆ្លុះ​កញ្ចក់​ បើ​មើល​ឃើញ​ថា ​ខ្លួន​ឯង​ស្អាត​ទើប​ថត”។ ​​ ម៉ូនិន្ទ​ ក៏​បាន​បន្ត​លើក​បន្ថែម​ថា​ ការ​ថត​រូប​ក្នុង​បន្ទប់​ទឹក​មិន​មែន​ជា​រឿង​មិន​ល្អ​នោះ​ទេ​តែ​វា​អា​ស្រ័យ ​លើ​ទី​តាំង​ក្នុង​បន្ទប់​ទឹក​ដែរ​ បើ​ថត​ឱ្យ​ឃើញ​ចាន​បង្គន់​ក៏​មិន​ល្អ​ដែរ។

 

Photo-in-bathroom

ការ​ថត​រូប​នៅ​ក្នុង​បន្ទប់​ទឹក (រូបថត​បរទេស)

 

ស្រដៀង​គ្នា​នេះ​ដែរ​ កញ្ញា លី​ ស្រី​ពៅ និស្សិត​ឆ្នាំ​ទី ​២ នៃ​សាកល​វិទ្យាល័យ​អន្តរជាតិ​បាន​លើក​ឡើង​ថា​​៖  "គ្មាន​ឃើញ​ខុស​ត្រង់ណា​ផង ព្រោះ​វា​មិន​មែន​ជា​ការ​រំខាន​អ្នក​ដទៃ​"។ ​ និស្សិត​ផ្នែក ធនាគារ​រូប​នេះ​បាន​ប្រាប់​ថា ​ខ្លួន​មិន​ចូល​ចិត្ត​ថត​រូប​ក្នុង​បន្ទប់​ទឹក​ទេ​តែ​វា​ក៏​មិន​មានផល​ប៉ះ​ពាល់​អ្វី​ដល់​យុវវ័យ​​​​​ ដែល​ចូល​ចិត្ត​ធ្វើ​រឿង​ដូច​​នេះ​ដែរ។​

កញ្ញា​ ជុំ ដា​ណែត និស្សិត ភាសា​អង់គ្លេស​ នៃ​សាកល​វិទ្យាល័យ​មួយ​កន្លែង បាន​លើក​ឡើង​ថា​ កន្លែង​ដែល​ខ្លួន​ចូល​ចិត្ត​ថត​នោះ​ គឺ​បន្ទប់​ទឹក​នៅ​តាម​ ផ្សារ​ទំនើប​ព្រោះ​ថា ​វា​ស្អាត​​និង​មាន​កញ្ចក់​ធំ។​​​​​

ឆ្លើយ​តប នឹង​សំណួរ​ដែល​លើក​ឡើង​ថា​ តើ​ការ​ថត​រូប​ក្នុង​បន្ទប់ទឹក​ជា​រឿង​ល្អ​ឬ​ទេ?​ ដា​ណែត លើក​ឡើង​ថា​ "ខ្ញុំ​យល់​ថា មិន​មែន​ជា​រឿង​មិន​ល្អ​ទេ គឺ​វា​អា​ស្រ័យ​លើ​អ្នក​ថត​យក​ស្ទិល​យ៉ាង​ម៉េច​ប៉ុណ្ណោះ!”។

  តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ កញ្ញា​ សុវណ្ណ​ សិលា ​និស្សិត បញ្ចប់​បរិញ្ញាបត្រ​ច្បាប់​ បាន​លើក​ឡើង​ថា៖ "​ថត​រូប​ក្នុង​បន្ទប់​ទឹក​មិន​ប៉ះ​ពាល់​ដល់​អ្នក​ណា​មែន ​ប៉ុន្តែ​ វា​មិន​មែន​ជា​រឿង​សមរម្យ​ទេ​ពេល​ដែល ​post ទៅ​មាន​អ្នក​ខ្លះ​កំពុង​ញ៉ាំ​បាយ​ហើយ​ក៏​ឃើញ​រូប​ភាព​ក្នុង​បន្ទប់​ទឹក គិត​ទៅ​មិន​សូវ​សម​ដែរ! ម្យ៉ាង​ទៀត បន្ទប់​ទឹក​ជា​កន្លែង​លាក់​បាំង មិន​គួរ​ណា​ថត បង្ហោះ​ជា​សាធារណៈ​ទេ!”៕

ចុះ​ប្រិយមិត្ត​អ្នក​វិញ​ មាន​យោបល់​ដូច​ម្ដេច​ដែរ​ជុំវិញ​បញ្ហា​នេះ?  

អត្ថបទ៖ គង់ ច័ន្ទវ៉ាន់ណេង

អត្ថបទពេញនិយម