តារាកំប្លែង ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​អ៊ុយក្រែន

  • 2019-04-22 03:55:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​ការបោះឆ្នោត​ជុំ​ចុងក្រោយ​កាលពី​ថ្ងៃទី​២១​ ខែមេសា​បានបញ្ចប់ លទ្ធផល​បាន​បង្ហាញថា​អ្នកកំប្លែង​ដែល​គ្មាន​បទពិសោធន៍​នយោបាយ ហើយ​ទើប​ចូលប្រឡូក​ក្នុង​នយោបាយ​ថ្មីថ្មោង​ លោក​ Volodymyr Zelensky បានទទួល​ជ័យជម្នះ​យ៉ាង​ភ្លូកទឹកភ្លូកដី ជាប់​ជា​ប្រធានាធិបតី​ថ្មី​អ៊ុ​យក្រែន​។

លោក​ Volodymyr Zelensky (រូបភាពផ្ដល់សិទ្ធិដោយ Reuters)

លោក​ទទួលបាន​សំឡេងគាំទ្រ​រហូតដល់ ​៧៣​ភាគរយ​ ឈ្នះ​ដាច់​គូប្រជែង​គឺ​លោក​ Petro Poroshenko ដែលជា​ប្រធានាធិបតី​អ៊ុយ​ក្រែ​នបច្ចុប្បន្ន​។ ប្រសិនបើ​លទ្ធផល​នេះ​ត្រឹមត្រូវ​ពិតប្រាកដ​ហើយ នោះ​លោក Zelensky​នឹងត្រូវ​ជ្រើសរើស​ជា​ប្រធានាធិបតី​ថ្មី​អ៊ុយ​ក្រែន​សម្រាប់​អាណត្ដិ ​៥​ឆ្នាំ​។

​សូមបញ្ជាក់ថា លោក ​Volodymyr Zelensky កើត​នៅ​ថ្ងៃទី​២៥​ ខែមករា ​ឆ្នាំ​១៩៧៨ បច្ចុប្បន្ន​មាន​វ័យ​ ៤១​ឆ្នាំ​។ លោក​ពុំមាន​បទពិសោធន៍​នយោបាយ​ទេ ដែល​បទពិសោធន៍​ការងារ​របស់លោក​ជា​អ្នក​កំប្លែង និងជា​អ្នក​ផលិត​ភាពយន្ដ​។ លោក​បាន​ចូលប្រឡូក​ក្នុង​អាជីព​ជា​អ្នក​កំ​ប្លែង​តាំងពី​អាយុ ​១៧​ឆ្នាំ ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​រហូតដល់​សព្វថ្ងៃ​។

លោក​ Volodymyr Zelensky (រូបភាពផ្ដល់សិទ្ធិដោយ Reuters)

ចំពោះ​អាជីព​នយោបាយ​ លោក​ទើប​ចាប់ផ្ដើម​ក្នុង​ឆ្នាំ​២០១៨ ហើយ​បាន​ឈរ​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ទើប​បង្កើត​ថ្មី សម្រាប់​ការបោះឆ្នោត​កាលពី​ថ្ងៃទី​៣១​ ខែ​មីនា ឆ្នាំ​២០១៩ ជា​ការបោះឆ្នោត​ជុំទីមួយ​។ លទ្ធផល​ទទួល​បានកា​ល​នោះ ​គឺ​លោក​មាន​សំឡេងគាំទ្រ​ច្រើនជាងគេ​ជាមួយ​លោក Poroshenko ប៉ុន្ដែ​មិន​គ្រប់​៥០​បូក​១​ទេ​។ ដូច្នេះហើយ​ទើបត្រូវ​ជ្រើសរើស​ឲ្យចូល​រួម​ការបោះឆ្នោត​ផ្ដាច់ព្រ័ត្រ​កាលពី​ថ្ងៃទី​២១ ខែ​មេសា​។ ទីបំផុត​លោក​ក៏​ទទួលបាន​លទ្ធផល​យ៉ាង​ល្អ​គាប់ចិត្ដ​៕

ប្រភព៖ Vayo Fm   អត្ថបទ៖ វិទ្យុវាយោ