អគ្គីភ័យ​បណ្ដាល​ឲ្យ​មនុស្ស​ ២នាក់​រង​របួស នៅ​ចំណុច​ខាងក្រោយ​មីក្រូហិរញ្ញវត្ថុ​ Asia​ Pacific​ Finance​ PLC

  • 2019-04-22 09:43:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​ម្នាក់​ជា​កូន និង​ស្រ្តី​ជា​ម្ដាយ ត្រូវ​បាន​សមត្ថកិច្ច​សង្គ្រោះ​ទាន់​ពេល​វេលា នៅ​ក្នុង​ហេតុការណ៍​អគ្គីភ័យ​មួយ​ កាល​ពី​រសៀល​ថ្ងៃ​នេះ។ អគ្គីភ័យ​នេះ​កើត​ឡើង​នៅ​ចំណុច​ខាង​ក្រោយ​មីក្រូ​ហិរញ្ញវត្ថុ​ Asia Pacific Finance PLC ហើយ​រាល​ដល់​ហាង​ភីហ្សា Domino ស្ថិត​នៅ​សង្កាត់​បឹងកក់​១ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ។

ភ្លាម​ៗ​នៃ​អគ្គីភ័យ​សមត្ថកិច្ច និង​រថយន្ត​អគ្គីភ័យ​បាន​ចេញ​ប្រតិបត្តិ​ការណ៍​ជួយ​សង្គ្រោះ​មនុស្ស និង​ពន្លត់​អគ្គីភ័យ​បាន​សម្រេច ដែល​មិន​មាន​អ្នក​ស្លាប់​នោះ​ទេ គឺ​មាន​អ្នក​រង​របួស គឺ​ក្មេង​ប្រុស​ម្នាក់​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កុមារ​ជាតិ និង​ម្ដាយ​ក្មេង​ប្រុស​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ។ ពួកគេ​សុខសប្បាយ។" នេះ​ជា​ការ​លើក​ឡើង​របស់​ លោក​ឧត្ដម​សេនីយ៍​ទោ​ ឈាង ផាន់ណារ៉ា ស្នងការ​រង​រាជធានី​ភ្នំពេញ​ ទទួល​បន្ទុក​ផែន​អាវុធ​ជាតិ​ផ្ទុះ និង​អគ្គីភ័យ។

លោក​ឧត្ដមសេនីយ៍​ទោ បាន​បន្ថែម​ទៀត​ថា នៅ​ក្នុង​ប្រតិបត្តិ​ការណ៍​ជួយ​សង្គ្រោះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គីភ័យ​ចំនួន ១០គ្រឿង ដែល​បណ្ដាល​ឲ្យ​ខូចខាត​ប្រមាណ​ជា ២០-៣០% ដែល​ធ្ងន់ធ្ងរ​ផ្នែក​មីក្រូហិរញ្ញវត្ថុ ឯ​ហាង​ Domino's Pizza ខូចខាត​ផ្នែក​ខាង​ក្រៅប៉ុណ្ណោះ។ អគ្គីភ័យ​បាន​ឆាប​ឆេះ​ ចាប់​ផ្ដើម​នៅ​ម៉ោង ១៣:២៥ នាទី រហូត​ដល់​ម៉ោង ១៤ រសៀល​នេះ​ទើប​ពន្លត់​បាន​១០០ភាគរយ។

ចំពោះ​មូល​ហេតុ​ លោក​ឧត្ដម​សេនីយ៍​ទោ បញ្ជាក់​ថា សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​លើ​បញ្ហា​នេះ ប៉ុន្ដែ​ការ​សន្និដ្ឋាន​ដំបូង​គឺ​អគ្គីភ័យ​ផ្ដើម​ចេញ​ពី​មីក្រូ​ហិរញ្ញវត្ថុ​ Asia Pacific Finance PLC។ "មែន​ទែន​ទៅ​យើង​គិតគូរ​ពី​សុវត្ថិភាព​មនុស្ស ឯ​មូល​ហេតុ​យើង​នឹង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ក្រោយ"។

សកម្មភាព​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​សង្គ្រោះ​ក្មេង​ពី​អគ្គីភ័យ (ប្រភពរូបភាព៖ BTV)

​បើ​ផ្អែក​តាម​វិបសាយ​របស់​អគ្គស្នងការ​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា តាម​របាយការណ៍​ជាបឋម​មានការ​ខូច​អាគារ​ទាំង​ពីរ​ខាងលើ​ និង​មនុស្ស​ពីរ​នាក់​ (​ស្រី​០១​ និង​ក្មេង​ប្រុស​អាយុ​ ៦​ឆ្នាំ​ )​ ដែល​ស្នាក់​នៅ​ក្នុង​អាគារ​មីក្រូហិរញ្ញវត្ថុ​ មានការ​រង​របួស​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​។ ចំពោះ​មូលហេតុ សមត្ថកិច្ច​មិនទាន់​បាន​បញ្ជាក់​នៅ​ឡើយ​ទេ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី