Yoochun ប្រកាសចេញពីវិស័យសិល្បៈ ក្រោយរកឃើញមានសារធាតុញៀនក្នុងខ្លួន

  • 2019-04-24 03:56:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ២៤ ខែ​មេសា​នេះ ខាង​ផលិតកម្ម C-Jes Entertainment របស់​ក្រុម​ចម្រៀង JYJ បាន​ចេញ​សារ​ផ្លូវការ​មួយ​ប្រកាស​​បញ្ចប់​កុងត្រា និង​បញ្ចប់​ពី​វិស័យ​សិល្បៈ​របស់​តារា​ចម្រៀង Yoochun។

តាម​រយៈ​សារ​នោះ​ដែរ​បាន​សរសេរ​ថា៖

“សួស្ដី នេះ​គឺ​ផលិតកម្ម C-Jes Entertainment។

ពួក​យើង​បាន​ធ្វើ​ការ​តាមដាន​ការ​ស៊ើបអង្កេត​ជាមួយ​ក្ដី​ទុកចិត្ត​លើ Park Yoochun ដែល​បាន​អះអាង​ថា​រូបលោក​ស្អាតស្អំ ប៉ុន្តែ​កាល​ពី​ម្សិលមិញ​នេះ ពួក​យើង​បាន​ដឹង​តាម​រយៈ​ព័ត៌មាន​ថា សេវា​នីតិកម្ម​ជាតិ​បាន​បង្ហាញ​លទ្ធផល​វិជ្ជមាន​លើ​សារធាតុ​ញៀន​ក្នុង​ខ្លួន​លោក។

ជា​ជាង​រង់ចាំ​លទ្ធផល​ល្អ​លើ​ការ​ស៊ើប​អង្កេត​ជាមួយ​ទំនុក​ចិត្ត​លើ​អ្នក​សិល្បៈ​របស់​យើង ពួក​យើង​បែរ​ជា​ប្រឈម​ជាមួយ​នឹង​ព័ត៌មាន​បែប​នេះ​ទៅ​វិញ ដែល​ធ្វើ​ឲ្យ​ពួក​យើង​ខកចិត្ត​ជា​ខ្លាំង។ ក្រោយ​ពី​ពិចារណា​ចុង​ក្រោយ​ថា ពួក​យើង​មិន​អាច​បន្ត​ទុក​ចិត្ត​លើ Park Yoochun ត​ទៅ​ទៀត​បាន ពួក​យើង​បាន​សម្រេច​ចិត្ត​លុប​ចោល​កុង​ត្រា​ជាមួយ​អ្នក​សិល្បៈ​រូប​នេះ។

​ដូច​ដែល​បាន​បញ្ជាក់​ពី​មុន​មក​អ៊ីចឹង Yoochun នឹង​ត្រូវ​បញ្ឈប់​ពី​វិស័យ​សិល្បៈ លុប​ចោល​រាល់​កាលវិភាគ​នៅ​ថ្ងៃ​មុខ​ទាំង​ប៉ុន្មាន​ចោល​ទាំង​អស់​ រាប់គិត​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ ដើម្បី​រង់ចាំ​ការ​សម្រេច​ចិត្ត​របស់​តុលាការ។

ពួក​​យើង​ពិត​ជា​ទទួល​ស្គាល់​ចំពោះ​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​មួយ​នេះ ហើយ​យើង​នឹង​សន្យា​ថា ហេតុការណ៍​បែប​នេះ​នឹង​មិន​កើត​មាន​ឡើង​ទៀត​ទេ តាម​រយៈ​វិន័យ​តឹង​រឹង និង​ការ​ផ្លាស់ប្ដូរ​របៀបរបប។

ជា​ថ្មី​ម្ដង​ទៀត ពួក​យើង​សូម​ឱន​ក្បាល​សូម​ទោស​ចំពោះ​បញ្ហា​ដែល​បាន​កើត​មាន​ឡើង​នេះ"។

គួរ​បញ្ជាក់​ថា តារា​ចម្រៀង Park Yoochun ត្រូវ​បាន​ក្រុម​ប៉ូលិស​រក​ឃើញ​សារធាតុ​ញៀន​ក្នុង​ខ្លួន ក្រោយ​ធ្វើ​ការ​តេស្ត​លើ​រោម​ជើង​របស់​លោក៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម