កម្ពុជាមានរោងចក្រផលិតសាច់មាន់ស្តង់ដាអន្តរជាតិដំបូងបង្អស់ ដាក់ឲ្យដំណើរការ នៅក្នុងខេត្តកំពត

  • 2019-04-26 02:36:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រោង​ចក្រ​ផលិត​សាច់​មាត់​ស្តង់​ដា​អន្តរជាតិ​មួយ​បង្កើត​ដោយ​អ្នក​វិនិយោគ​ក្នុង​ស្រុក​បាន​លេច​វត្ត​មាន​នៅ​ខេត្ត​កំពត ដែល​រោងចក្រ​នេះ​មាន​ ស្តង់ដាអនាម័យ គុណ​ភាព និង​សុវត្ថិភាព​អន្តរ​ជាតិ​។

រោង​ចក្រនេះ​មាន​ឈ្មោះ​ថា​ ៣ភីអិលអ៊ីហ្វាម (3PLE Farm)​​មានទីតាំង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤១ ​ក្នុង​ភូមិ​ឈើទាល ឃុំ​ជម្ពូវ័ន្ត ស្រុកជុំគិរី ខេត្ត​កំពត។ ​ កាល​ពី​ម្សិល​មិញ​ឯកឧត្តមបណ្ឌិត ជា វណ្ណដេត ប្រធានគណៈកម្មការ​ផែនការ​វិនយោគ ​កសិកម្ម​ អភិវឌ្ឍន៍​ជនបទ​ បរិស្ថាន និង​ធនធានទឹក​នៃរដ្ឋសភា ​បាន​ដឹក​នាំ​ប្រតិភូ​ធ្វើទស្សន​កិច្ចសិក្សា​ស្វែងយល់​អំពីរោងចក្រ​ផលិត​កែច្នៃសាច់ ​និង​វេចខ្ចប់​សាច់​មាន់នេះ ផង​ដែរ ដោយ​មានការ​អប​ដំណើរ​ដោយ​ ឯកឧត្តម ជាវ តាយ អភិបាល​ខេត្តកំពត​ និង​មន្ត្រីជាន់​ខ្ពស់​មកពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​មន្ត្រីមក​ពីក្រសួង​បរិស្ថាន​ ជាច្រើន​រូបទៀត​ផង​ដែរ​។

ឯកឧត្តម ជា វណ្ណដេត បាន​សម្តែង​ការកោត​សរសើរ​ដល់​ដំណើរ​ការ​ចង្វាក់​ផលិត​កម្ម និង​ស្តង់ដា អនាម័យ ​សុវត្ថិភាពសាច់​នៅក្នុង​រោងចក្រ​នេះ ព្រម​ទាំង​លើក​ទឹកចិត្ត​ឲ្យក្រុម​ពង្រីក​ការ​ផលិត​ និង​ចែកចាយ​ផលិត​ផល​របស់ខ្លួន​នៅ​តាម​ទីផ្សារ​ក្នុងព្រះ​រាណាច​ក្រ​កម្ពុជា ​និង​ទៅ​កាន់​ទីផ្សារបរទេស​។

អគ្គនាយក​ក្រុម​ហ៊ុន៣ភីអិលអ៊ីហ្វាម (3PLE Farm)​​ លោក អ៊ុន ប៊ុន​ថុល មាន​ប្រ​សាសន៍ថា​ រោងច​ក្រផលិត​សាច់មាន់​របស់​ក្រុមហ៊ុន​លោកមាន​សមត្ថភាព​អាចផលិត​បាន​សាច់​មាន់​ប្រមាណប្រាំបួន​តោន​ក្នុង​១ថ្ងៃ និង​បង្កើន​សមត្ថ​ភាព​ផលិត​នៅឆ្នាំខាង​មុខ​ទៀត ដើម្បី​បំពេញ​តម្រូវការ​នៅលើ​ទីផ្សារ​កម្ពុជា ​រួម​មាន​ផ្សារ​ទំនើប​ ភោជនីយដ្ឋាន​ និង​សណ្ឋាគារធំៗ​ជាដើម។ ជាពិសេសទៅទៀត​នោះ​ក្រុម​ហ៊ុន​របស់​លោក​ក៏​នឹង​ទទួលបាន​វិញ្ញាបនបត្រ​Halal ដំបូង​គេ​សម្រាប់​អ្នកផលិត​សាច់មាន់ ​នៅក្នុង​ប្រទេសកម្ពុជា ​ចេញ​ដោយគណៈកម្មាធិការ​ដឹកនាំ​ហាឡាល់​កម្ពុជា ​(CHSC) នៃក្រសួង​ពាណិ​ជ្ជកម្ម​។

លោក​បាន​បន្ថែម​ថា ​ដើម្បី​ផលិត​សាច់​មាន់ ដែល​មានគុណភាព​និងសុវត្ថិភាព​សម្រាប់​អ្នកបរិភោគ​ក្រុម​ហ៊ុន​បាន​នាំចូល​និង​បំពាក់​នៅក្នុង​រោងចក្រ​នូវគ្រឿង​ម៉ាស៊ីន​ និង​ឧបករណ៍​កែច្នៃ​ទាំង​អស់ ដែល​ជាបច្ចេកវិទ្យា​ចុងក្រោយ​បំផុត​របស់​ប្រទេស​ដាណឺម៉ាក​។

លោកអគ្គនាយក​បាន​បញ្ជាក់​ទៀត​ថា រោង​ចក្រ​របស់​លោក គឺ​ផ្តោត​សំខាន់​លើគុណភាព និង​អនាម័យ​ ជាពិសេសសុវត្ថិ​ភាពដល់​អ្នកទទួលទាន​ដែល​ប្រជាពលរដ្ឋ​ខ្មែរត្រូវ​ការចាំបាច់​ណាស់សម្រាប់​ផលិត​ផល​បែប​នេះ។

លោកអគ្គនាយក​បង្ហើប​ឲ្យ​ដឹងដែរថា​នាពេល​អនាគត​ក្រុមហ៊ុន​របស់​លោក​ក៏មាន​គម្រោង​នាំសាច់​មាន់ចេញ​ទៅ​លក់​នៅ​លើទីផ្សារ​អន្តរជាតិ​ផងដែរ​ ព្រោះ​​ផលិត​ផលសាច់​មាន់​របស់​លោក​ បាន​មក​ពីសត្វ​មាន់​ដែល​ត្រូវ​បាន​ចិញ្ចឹម ​និងថែទាំ ​ដោយ​មិន​ប្រើសារធាតុ​បំប៉ន​ហាម​ឃាត់​ ដូច​ជាអង់ទីប៊ីយោទិច​និងអក​ម៉ូន ជាដើមឡើយ​។

ក្រៅពីនេះ​ក​និយោជក កម្មករ និយោជិត និងបុគ្គលិក​បច្ចេក​ទេស​ទាំងអស់​​របស់​ក្រុម​ហ៊ុន​សុទ្ធតែ​ទទួល​បានការ​បណ្តុះ​បណ្តាល​យ៉ាងល្អ​ពីសំណាក់​អ្នក​ជំនាញ​ខាង​ម្ហូបអាហារ​ដែល​ទទួល​បាន​វិញ្ញាបន​ប័ត្រ និង​ក្រុម​គាំទ្របច្ចេក​ទេស​មក​ពីប្រទេស​នូវែល​សេឡង់ ​ដោយក្រុម​ហ៊ុន ដែល​មាន​ឈ្មោះ​ថា​ Biggs Food Consultancy Ltd. Linco Machineries from Demark និង Asia ។

គួរបញ្ជាក់​ថាបច្ចុប្បន្ន​រោងចក្រផលិត​សាច់មាន់​របស់ក្រុម​ហ៊ុនក្រុម​ហ៊ុន៣ភីអិលអ៊ីហ្វាម (3PLE Farm) បាន​​ផ្តល់ឱកាស​ការងារ​ដល់ប្រជា​ពលរដ្ឋ​ប្រមាណ​ជាជិត​៣០០នាក់​ជាមួយការផ្តល់​អាហារពិរ​ពេល​កន្លែង​ស្នាក់​នៅការ​បណ្តុះ​បណ្តាល​ប្រាក់​ឈ្នួលគោល​២០០ដុល្លារ​និងប្រាក់​លើកទឹកចិត្ត​ទៅតាម​ច្បាប់ការ​ងារ៕

រូបភាព៖ ទូច សុខា