ចាំអីទៀត ! ចូលរួមទាំង​អស់​គ្នា យុទ្ធនាការ​សម្អាត​សំរាម​ នៅ​បរិវេណ​តំបន់​ទេសចរណ៍ ភ្នំឧដុង្គ

  • 2019-04-26 07:48:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ជា​ច្រើន​នាក់​មក​ពី​ទី​ក្រុង​ភ្នំពេញ​ និង​សហគមន៍​ដែល​នៅ​ជុំវិញ​ភ្នំ​ឧដុង្គ​ ខេត្ត​កំពង់​ស្ពឺ​ នឹង​រួម​គ្នា​ធ្វើ​ការ​សម្អាត​ទ្រង់​ទ្រាយ​ធំ​នៅ​បរិវេណ​តំបន់​ទេសចរណ៍​ (ភ្នំ​ឧដុង្គ) ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ២៨ ខែ​មេសា ២០១៩ ខាន​ស្អែក​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​របស់​ កម្ពុជា​បាល់​អោប និង ក្រុម​ការងារ​ហ្គូហ្គ្រីន​ខែមបូឌា ដែល​បាន​ផ្ញើ​មក​កាន់​អ្នក​សារព័ត៌មាន​ Sabay នៅ​ថ្ងៃ​នេះ។

យោង​តាម​សេចក្ដី​ប្រកាស​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា កម្មវិធី​សម្អាត​មួយ​នេះ​បាន​រៀប​ចំ​ឡើង​ដោយ​មាន​ការ​សហការ​ជាមួយ​អង្គការ​កម្ពុជា​បាល់​អោប និង​ក្រុម​ការងារ​ហ្គូហ្គ្រីន​ខែមបូឌា ដោយ​បាន​ការ​ឧបត្ថម្ភ​ពី ធនាគារ​ប្រិដ និង​ម្ចាស់​ជំនួយ​ជា​ច្រើន​ផ្សេង​ទៀត រួម​ទាំង​ការ​ចូលរួម​គាំពារ​ពី​ក្រសួង​បរិស្ថាន​ និង​ក្រសួង​ទេសចរណ៍។

កម្មវិធី​ខាង​លើ​នេះ​មាន​គោល​បំណង​សំខាន់​ គឺ​ដើម្បី​លប់​បំបាត់​សំរាម​នៅ​ទីតាំង​​ទេសចរណ៍​ អប់រំ​ប្រជាពលរដ្ឋ​ស្ដីពី​ការ​ទុក​ដាក់​សំរាម​ និង​តួនាទី​របស់​ពួកគេ​ក្នុង​កិច្ចការ​នេះ ក៏ដូចជា​ការ​លើក​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ឲ្យ​មាន​វប្បធម៌​ថែរក្សា​អនាម័យ​ និង​បរិស្ថាន​ស្អាត។

ក្រុម​ការងារ ហ្គូហ្គ្រីន​ខែមបូឌា

នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ព្រឹត្តិការណ៍​នេះ​រួមមាន​ការ​សម្អាត​ផ្នែក​ខ្លះ​នៃ​ផ្លូវ​ជាតិ​លេខ​៥ និង​ផ្លូវ​ចូល​ភ្នំ​ឧដុង្គ ជា​ពិសេស​តាម​ផ្លូវ​ឡើង​រហូត​ដល់​បរិវេណ​កំពូល​ភ្នំ និង​ជុំវិញ​វត្ត។

ចំពោះ​ពេល​វេលា​នៃ​ការ​ធ្វើ​ដំណើរ​ គឺ​នឹង​ចេញ​ដំណើរ​នៅ​ម៉ោង​ ៦ព្រឹក​ ដោយ​​ចេញ​ពី​ភ្នំពេញ​ទៅ​កាន់​ភ្នំ​ឧដុង្គ​ បន្ទាប់​មក​មាន​កិច្ច​បើក​សន្ទរកថា ដោយ​ប្រធាន​ដឹកនាំ​ និង​អ្នក​តំណាង​មក​ពី​ក្រសួង​បរិស្ថាន​ និង​ទេសចរណ៍​ នៅ​នឹង​បរិវេណ​ភ្នំ ក៏ដូចជា​ការ​បែង​ចែក​ក្រុម​សម្អាត។ សកម្មភាព​សម្អាត​និង​ចាប់​ផ្ដើម​នៅ​វេលា​ម៉ោង​៨ព្រឹក និង​បិទ​កម្មវិធី​ដោយ​ម្នាក់ៗ​ត្រូវ​ត្រឡប់​មក​ជួបជុំ​គ្នា​នាទី​តាំង​ប្រារព្ធ​ពិធី។

ក្នុង​ឆ្នាំ​២០១៧ នៅ​ប្រទេស​កម្ពុជា​មាន​សំរាម​ ១,៤២លាន​តោន និង​ដោយ​មាន​កំណើន​ប្រជាជន​កាន់តែ​កើន​ឡើង​សំរាម​កាន់តែ​កើន​ឡើង​នៅ​ថ្ងៃ​ខាង​មុខ។

ផ្អែក​តាម​ក្រសួង​បរិស្ថាន​សំរាម​ស្ទើរ​តែ​ ៦០% មិន​ត្រូវ​បាន​គ្រប់​គ្រង​បាន​ត្រឹមត្រូវ​ ក្នុង​នោះ​ ១៥.៧៤% គឺជា​សំរាម​ផ្លាស្ទិក​ដែល​នៅ​រាយ​ពាស​វាល​ពាស​កាល​នៅ​លើ​ផ្ទៃ​ដី​ និង​ផ្លូវ​ទឹក​ ដែល​កំណើន​បញ្ហា​នៃ​សំរាម និង​ការ​គ្រប់គ្រង​នៃ​សំរាម​បាន​ក្លាយ​ជា​ប្រធាន​បទ​សំខាន់​មួយ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ៕

សកម្មភាព​ក្រុម​ ហ្គូហ្គ្រីន​ខែមបូឌា ដែល​បាន​ចុះ​ប្រមូល​សំរាម​កន្លង​មក

ស្វែងរកព័ត៌មានបន្ថែម​តាម Link ខាងក្រោម​នេះ

រូបថត៖ Page GoGreen Camboida

អត្ថបទ៖ ប៊ិន ប៊ុណ្ណា