ក្ដៅខ្លាំងពេក! វិទ្យាល័យមួយក្នុងខេត្តបាត់ដំបងចំណាយថវិកា៤លានរៀលទិញកង្ហារដាក់ក្នុងបន្ទប់រៀន
- 2019-04-29 03:23:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅខ្លាំងពេក! វិទ្យាល័យមួយក្នុងខេត្តបាត់ដំបងចំណាយថវិកា៤លានរៀលទិញកង្ហារដាក់ក្នុងបន្ទប់រៀន
ចន្លោះមិនឃើញ
ដោយសារអាកាសធាតុក្ដៅខ្លាំង វិទ្យាល័យមួយនៅខេត្តបាត់ដំបងបានចំណាយថវិកាប្រមាណ ៤លានរៀល ដើម្បីទិញកង្ហារបំពាក់ក្នុងបន្ទប់រៀន។ វិទ្យាល័យមានឈ្មោះថា វិទ្យាល័យសង្កែស្ថិតក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
លោក ទង កន នាយកវិទ្យាល័យសង្កែ បានមានប្រសាសន៍ថា ដោយសារអាកាសធាតុក្ដៅខ្លាំងមានការលំបាកក្នុងការរៀន និងបង្រៀន ទើបគណៈគ្រប់គ្រងសម្រេចបំពាក់កង្ហារក្នុងបន្ទប់រៀន ដែលមានចំនួន ៨៥កង្ហារ ហើយ១បន្ទប់ចំនួន៥ ដែលសម្រាប់សិស្ស៤ និងគ្រូ១។
លោក កន លើកឡើងទៀតថា ថវិកាទាំងអស់បានមកពីសប្បុរសជន និងថវិកាដំណើរការសាលារៀន។
“អញ្ចឹងកន្លងមកអាកាសធាតុក្ដៅខ្លាំង ធ្វើឱ្យការសិក្សារបស់សិស្សមានការលំបាកក្នុងការសិក្សា ជាពិសេសនៅពេលថ្ងៃ។ ថវិកានេះយើងមិនបានប្រមូលពីសិស្សទេ គឺបានមកពីការចូលរួមរបស់សប្បុរសជន និងថវិកាសាលា ហើយករណីដាច់ភ្លើងញឹកញាប់យើងមានគម្រោងទិញម៉ាស៊ីនភ្លើងនៅពេលដាច់ភ្លើងម្តងៗ”។
យ៉ាងណាមិញ លោកបានបន្ថែមថា បញ្ហាអាកាសធាតុក្ដៅខ្លាំងនេះមិនបណ្ដាលឱ្យមានបញ្ហាសិស្សសន្លប់ទេ និងថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកក្នុងការកាត់បន្ថយអាកាសធាតុក្តៅដើម្បីសុខភាពរបស់សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ។ អគារត្រូវបំពាក់កង្ហរមាន១៧ អគារ ខណៈសាលាមានសិស្សចំនួន ៨០៤ នាក់។ ក្រសួងអប់រំយុវជន និងកីឡាក្នុងសប្ដាហ៍នេះ បានសម្រេចកែសម្រួលម៉ោងសិក្សានៅគ្រាដែលអាកាសធាតុក្ដៅខ្លាំងឡើងលើសពី ៤០អង្សារ ដើម្បីបង្ការបញ្ហាមួយចំនួន ដែលអាចកើតឡើងជាយថាហេតុ។ តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន ក្រសួងអប់រំបានស្នើគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ចាត់ចែងសម្រួលម៉ោងសិក្សារបស់សិស្ស ដោយចូលរៀននៅពេលព្រឹកម៉ោង ៧៖០០នាទី និងចេញម៉ោង ១០៖៣០នាទី។
ចំណែកពេលរសៀលវិញចូលរៀននៅម៉ោង ១៣៖៣០នាទី និងចេញនៅម៉ោង ១៥៖០០នាទី។
ការកែសម្រួលម៉ោងសិក្សារបស់សិស្សនេះ នឹងត្រូវអស់សុពលភាពនៅពេលផុតរដូវក្ដៅខ្លាំង។
យោងតាមសេចក្ដីប្រកាសដដែលនេះ មូលហេតុដែលក្រសួងសម្រេចកែសម្រួលម៉ោងសិក្សារបស់សិស្សជាបណ្ដោះអាសន្ននេះ ជាមធ្យោបាយមួយដើម្បីបង្ការទប់ស្កាត់ហានិភ័យ និងចៀសវាងជំងឺផ្សេងៗ ដែលអាចប៉ះពាល់ដល់សុខភាពសិស្ស និងគ្រូ ការប៉ះពាល់ដល់គុណភាពរៀន និងបង្រៀន និងការបំពេញការងាររបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ជាពិសេសកុមារតូចៗ។ កម្ពុជាកំពុងទទួលរងនូវបាតុភូត «អ៊ែលនីណូ» ដែលបង្កឱ្យអាកាសធាតុក្ដៅខ្លាំង។
នៅកម្ពុជាសីតុណ្ហភាពកំពុងមានកម្រិតកម្ដៅហក់ដល់ ៤២អង្សារសេ ខណៈរបាយការណ៍មួយបង្ហាញថា នៅវៀតណាមកើនដល់ ៤៣ អង្សា និង ប្រទេសមីយ៉ាន់ម៉ាមានរហូតដល់ ៤៤ អង្សា។ បញ្ហាកើនកម្ដៅនៅរយៈពេលចុងក្រោយនេះ បានបង្កជាបញ្ហាយ៉ាងច្រើននៅកម្ពុជា។ បញ្ហាដែលកំពុងកើតឡើងគឺបញ្ហាការផ្គត់ផ្គង់អគ្គិសនីខ្វះខាតដល់ប្រជាពលរដ្ឋ ព្រោះវារីអគ្គិសនីស្ទើរគ្រប់កន្លែងកំពុងខ្វះទឹក។ ក្រសួងពាក់ព័ន្ធមួយចំនួនទៀតក៏បានអំពាវនាវដល់ប្រជាកសិករ កុំប្រញាប់ធ្វើស្រែវស្សាលឿនពេលព្រោះរដូវប្រាំងនៅឆ្នាំនេះអាចអូសបន្លាយយូរ៕