​​​​​​​ម្ចាស់​លំនៅឋាន​នៅ​​ភ្នំពេញ​ត្អូញ​រឿង​​​ ប្រមូល​សំរាម​យឺត​យ៉ាង​ខ្លាំង​​តាំង​ពីក្រោយ​ចូល​ឆ្នាំ​មក​​

  • 2019-04-29 09:10:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​តាម​ចិញ្ចើម​ផ្លូវ​ជាច្រើន​​នៅ​រាជធានី​ភ្នំពេញ​ ក្នុង​នោះ​​​មាន​​​ក្បែរ​ផ្សារ​អូរឫស្សី ផ្សារ​បឹង​ព្រលិត​ម្ដុំ​ផ្សារ​ដើម​គរ​​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនីរ៉េត ម្ដុំ​បុរី​មួយ​ចំនួន​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ​រាជធានី​​ភ្នំពេញ​ តាំង​ពី​ចុង​សប្ដាហ៍​មុន​ ​​​ប្រជាពលរដ្ឋ​រអ៊ូ​ថា ការ​ប្រមូល​សំរាម​​ហាក់​មាន​​ភាព​រ​យឺតយ៉ាវ​ ជាហេតុ​​ធ្វើ​​ឱ្យ​ភាយ​ក្លិន​មិន​​ស្អុយ និង​ប៉ះពាល់​ដល់​សណ្ដាប់​សាធារណៈ​ជា​ខ្លាំង។​

លោក យី សម្បត្តិ​ ប្រជាពលរដ្ឋ​រស់​នៅ​ម្ដុំ​ផ្សារ​បឹង​ព្រលិត​ថា ការ​ប្រមូល​សំរាម​​នៅ​មិន​ទាន់​បាន​ដូច​ធម្មតា​ទេ​ចាប់​តាំង​ពី​ក្រោយ​ចូល​ឆ្នាំ​ថ្មី​មក ជាហេតុ​ធ្វើ​ឱ្យ​មាន​ក្លិន​​មិនល្អ និង​បាត់​បង់​សោភ័ណភាព​។ លោក​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ពិសេស​ក្រុម​ហ៊ុន​ស៊ិនទ្រី ​បង្កើន​ការ​​ទទួល​ខុស​ត្រូវ​ប្រមូល​សំរាម​ឱ្យ​បាន​ទាន់​ពេល​ ព្រោះ​បង្ក​ឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​អារម្មណ៍​ប្រជាពលរដ្ឋ​។ ​ ចំណែក​​លោក ហ៊ុន សោភ័ណ្ឌ​ ប្រជាពលរដ្ឋ​រស់​នៅ​សង្កាត់​ចង្រែ​ក្រោម​ខណ្ឌ​មាន​ជ័យ​ឱ្យ​ដឹង​ដែរ​ថា ​ការ​ប្រមូល​សំរាម​ពិតជា​មាន​ភាព​យឺត​យ៉ាវ​ និង​រអាក់រអួល​ប្រាកដ​មែន​ចាប់តាំង​ពីក្រោយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​មក​។ លោក​បាន​ដាក់​ការ​សង្ស័យ​ថា បុគ្គលិក​​ក្រុមហ៊ុន​ស៊ិនទ្រី​ អាច​ធ្វើ​បាតុកម្ម​ ដោយ​ស្ងប់​ស្ងាត់​ទើប​មិន​មក​ប្រមូល​សំរាម​បាន​ទាន់​ពេល​។

រយៈ​ពេល​ចុង​ក្រោយ​បុគ្គលិក​ក្រុមហ៊ុន​ស៊ិន​ទ្រី​ តែង​ធ្វើ​បាតុកម្ម​ជា​ញឹកញាប់ ដើម្បី​ទាមទារ​នូវ​អត្ថប្រយោជន៍​ផ្សេង ជាហេតុ​ធ្វើ​ឱ្យ​សំរាម​មាន​ការ​កកស្ទះ​ច្រើន​។

ទាក់ទង​នឹង​បញ្ហា​នេះ​ លោក​ ម៉េត មាសភក្តី អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា បុគ្គលិក​ក្រុមហ៊ុន​​​មិន​មាន​ធ្វើ​បាតុកម្ម​ឡើយ ប៉ុន្តែ​លោក​ថា បរិមាណ​សំរាម​បាន​​​កើន​ឡើង​ច្រើន​តាំង​ពីថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​មក​។ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​កន្លង​បុគ្គលិក​ក្រុមហ៊ុន​ស៊ិនទ្រី​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​​ឈប់​សម្រាក​ដូចគ្នា​ទៅ​នឹង​បុគ្គលិក​នៅ​តាម​សហគ្រាស​ឯកជន​ដទៃ​ទៀត​ដែរ។ 

អញ្ចឹង​រាល់​ពេល​យើង​មាន​បុណ្យទាន​ធំ​ដុំ ឈប់​សម្រាក​យូរ​ហ្នឹង…ច្រើន​តែ​មានការ​គរ​សំរាម​ច្រើន​ដូច្នេះ។ អញ្ចឹង​ទោះ​បី​ជា​បុគ្គលិក​ក្រុមហ៊ុន​ស៊ិន​ទ្រី​គាត់​មក​បម្រើ​ការងារ​ជាប្រក្រតី​ឡើង​វិញ​ហើយក៏​លទ្ធភាព​ប្រមូល​ប្រចាំ​ថ្ងៃ​វា​ទាមទារ​ពេលវេលា​ ដើម្បី​ប្រមូល​គ្រប់​ជ្រុង​ជ្រោង​ទាំងអស់​​។ ដូច្នេះ​សុំ​មាន​ការយោគយល់​អធ្យាស្រ័យ​បញ្ហា​​ហ្នឹង​”។

លោក​បាន​បន្ថែម​ថា សាលា​រាជធានី​ភ្នំពេញ​កំពុង​ចាត់​វិធានការ គ្រប់​ខណ្ឌ​បាន​បញ្ចេញ​កំលាំង មធ្យោបាយ​បន្ថែម​ដើម្បី​ប្រមូល​សំរាម​  ហើយ​សង្ឃឹម​ថា ឆាប់ៗ​នេះ នឹង​ដោះស្រាយ​អស់​ហើយ។

តំណាង​ក្រុមហ៊ុន​ស៊ិនទ្រី​ មិន​អាច​សុំ​ការ​អធិប្បាយ​បាន​ទេ ជុំវិញ​បញ្ហា​នេះ។ យោង​តាម​របាយការណ៍ បរិមាណ​​សំរាម​នៅ​​ភ្នំពេញ​មាន​ប្រមាណ​ ៣ ០០០ តោន​ ក្នុងមួយថ្ងៃ៕

អត្ថបទ៖ សុផល

អត្ថបទពេញនិយម