កំហុសបច្ចេកទេស​មួយ នាំឲ្យ​កូនសិស្ស​ឥណ្ឌា​២១​នាក់​ធ្វើអត្តឃាត​ក្រោយឃើញ​លទ្ធផលប្រ​ឡង​ធ្លាក់​

  • 2019-04-30 04:43:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស​នៅ​ប្រ​ទេស​ឥណ្ឌា​ចំនួន​២១​នាក់​បាន​សម្លាប់​ខ្លួន​ក្រោយពី​កំហុស​ផ្នែក​បច្ចេកទេស​លើ​កំណែ​វិញ្ញាសា និងបានចេញ​លទ្ធ​ផល​មក​ថា​ពួកគេ​ប្រ​ឡង​ធ្លាក់។

សិស្ស​ទាំង​២១​នាក់​នោះ​មកពី​រដ្ឋTelangana ក្នុង​នោះ​មាន​ម្នាក់​បានលោតឲ្យ​រថ​ភ្លើង​កិន និង​សិស្ស​ស្រី​ម្នាក់​បាន​ដុត​សម្លាប់​ខ្លួន​ឯង។

រដ្ឋមន្ត្រីបាន​សារភាព​ថា​ពិតជា​កំហុស​ផ្នែក​បច្ចេកទេស​លើ​ប្រ​ព័ន្ធផ្តល់​ពិន្ទុ​បាន​កើត​ឡើង និង​កំហុសពីមនុស្ស​ខ្លះ​ផង​ដែរ។

កូនសិស្ស​ដែល​ធ្លាប់តែ​ប្រ​ឡង​បាន​លទ្ធផល​ប្រ​ឡង​កាលពី​ឆ្នាំ​មុន បាន​ប្រាប់អ្នក​សារព័ត៌មាន​ថា​ពិន្ទុ​របស់ពួកគេ​នៅ​ឆ្នាំនេះ​បាន​ធ្លាក់​ចុះមក​ត្រឹម​មួយ​ខ្ទង់​តែប៉ុណ្ណោះ មានន័យ​ថា​ពួកគេ​ធ្លាក់​តែម្ដង។​

ក្រុម​អ្នក​នយោបាយ​បាន​អំពាវ​នាវ​ឲ្យ​កូន​សិស្ស​កុំធ្វើបាប​ខ្លួន​ឯង​ពេល​ប្រ​ឡង​ធ្លាក់​ ខណៈការ​ប្រ​ឡងផ្តល់ពិន្ទុ​ឡើងវិញ​មិនគិត​ថ្លៃ​នោះទេ។

ក្រោយពីមាន​ហេតុការណ៍នេះ ឪពុកម្ដាយ និង​សិស្សជា​ច្រើន​ពាន់​នាក់​បាន​ចុះផ្លូវ​ធ្វើ​បាតុកម្ម។​ ឪពុក​ម្នាក់បាន​ប្រាប់​អ្នកសារព័ត៌មានថា​កូន​របស់​លោក​ប្រ​ឡង​បាន​ពិន្ទុ​ខ្ពស់ណាស់កាលលើក​មុន តែពេលនេះ​បែរជា​ធ្លាក់ទៅវិញ។

ក្នុង​រដ្ឋនេះមាន​សិស្ស​ប្រឡង​១លាន​នាក់ ហើយ​៣សែន​នាក់​បានប្រឡង​ធ្លាក់ ដែល​ក្នុង​នោះ​មាន​ចំនួន​តិចតួចប៉ុណ្ណោះ​ធ្លាក់​ដោយសារកំហុសបច្ចេកទេស។ ​រដ្ឋ​មន្ត្រីនិយាយ។​

ចំនួន​អ្នកធ្វើ​អត្តឃាត​ដោយ​សារ​ប្រ​ឡង​ធ្លាក់​បាន​កើនឡើង​ក្នុង​រយៈពេល​បួន​ឆ្នាំនេះ។​ ​លោក​រដ្ឋ​មន្ត្រី​ម្នាក់​បាន​និយាយទៅ​កាន់​កូនសិស្ស​ដោយ​លើកទឹក​ចិត្ត​កុំឲ្យពួកគេ​ធ្វើ​បាប​ខ្លួនឯងពេលប្រឡង​ធ្លាក់។

លោក​បាននិយាយាថា៖ «​ប្រ​ឡង​ធ្លាក់​មិន​មែនមានន័យថា​បរាជ័យ​ក្នុង​ជីវិត​នោះទេ ជីវិត​មានតម្លៃ​ណាស់ ទោះបី​ធ្លាក់​ការ​ប្រ​ឡង តែ​នៅ​មាន​ឱកាស​ផ្សេងជាច្រើនទៀត​សម្រាប់ជីវិត»៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ទូច សុខា