បកស្រាយ​ចម្ងល់​រឿង "ភ្លើង​បំពាក់​អំពែ​ធំ ​ស៊ី​ភ្លើង​តិច និង​បំពាក់​អំពែ​តូច​ ស៊ី​ភ្លើង​ច្រើន"

  • 2019-05-01 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ការ​ចោទសួរ​តៗ​គ្នា​ពី​បញ្ហា​ភ្លើង​បំពាក់​អំពែ​ធំ​ស៊ី​ភ្លើង​តិច និង​បំពាក់​អំពែ​តូច​ស៊ី​ភ្លើង​ច្រើន។ តើ​ការ​ពិត​យ៉ាង​ណា​វិញ​? មន្រ្តីអគ្គិសនី​​ពីរ​រូប​ បក​ស្រាយ​ពី​រឿង​នេះ៖

លោក សុខ មាន ជា​ជំនាញ​ផ្នែកអគ្គិសនីម្នាក់​បាន​ប្រាប់ Sabay ថា​ ភ្លើង​បំពាក់​អំពែ​ធំ​ស៊ី​ភ្លើង​តិច និង​បំពាក់​អំពែ​តូច​ស៊ី​ភ្លើង​ច្រើន​ គឺ​អាស្រ័យ​ទៅលើ​ការ​ប្រើ​ប្រាស់។

លោក​ថា មុន​មន្រ្តី​អគ្គិសនី​​រៀប​ចំ​ប្រព័ន្ធ​អគ្គិសនី​ត​ដល់​ផ្ទះ​ប្រជាជន​​ គឺ​បាន​គិត​គូរ​​យ៉ាង​ល្អិត​ល្អន់។​ ដូច​​ផ្ទះ​គ្រួសារ​​មួយ​តូច​តម្រូវការ​តិច​​ បើ​ដាក់​អំពែ​ធំ​គឺ​​​មិន​ត្រូវ​​តាម​ស្តង់​ដា​​ឡើយ​។ ចំណែក​ឯ​​ផ្ទះ​ធំ​​​​តម្រូវការ​​ប្រើប្រាស់​ច្រើន ហើយ​​បើ​ដាក់​អំពែ​តូច​ក៏​មិន​សមស្រប​ដែរ​។

ទាក់ទង​ការ​​លើក​ឡើង​ការ​បំពាក់​អំពែ​រធំ​ស៊ី​ភ្លើង​តិច រី​ឯ​បំពាក់​អំពែ​រតូច​ស៊ី​ភ្លើង​ច្រើន​​នោះ​លោក​បក​ស្រាយ​ថា​ ​​កាល​ណា​​តម្រូវការ​ប្រើប្រាស់​ច្រើន​ ​​​ការ​ផ្តល់​ថាមពល​​​មិន​គ្រប់​គ្រាន់​​​​​ កុងទ័រ​​ភ្លើង​​​​​​ឡើង​កម្តៅ​​​​ ភ្លើង​អូស​មិន​រួច​​ ទើប​ធ្វើ​​ឲ្យ​ស៊ី​ភ្លើង​​​​អស់​ច្រើន​។

លោក​ថា​ អតិថិជន​គួរ​​ទាក់​ទង​​មក​មន្រ្តី​អគ្គិសនី​ជួយ​ត្រួត​ពិនិត្យ​ ដើម្បី​សុំ​ដំឡើង​អំពែឲ្យ​សមាមាត្រ​ការ​ប្រើ​ប្រាស់​បើ​មាន​តម្រូវការ​ច្រើន។

ងាក​មក លោក វិសាល ជា​ជំនាញ​ផ្នែកអគ្គិសនីម្នាក់​ទៀត បាន​លើក​ឡើងពី​ការ​ប្រើប្រាស់​ឧបករណ៍​មិន​មាន​ស្តង់ដារ​ ក៏​ជា​ចំណែកធ្វើ​ឲ្យ​ប្រើប្រាស់ថាមពល​អស់​ច្រើន។

លោក​បន្ត​ថា ការ​ជ្រើសរើស​​ឧបករណ៍​ប្រើប្រាស់​​​ដូច​ជា អំពែ​ភ្លើង ខ្សែ​ភ្លើង របស់​ប្រើ​ប្រាស់​ក្នុង​ផ្ទះ ទូទឹកកក ម៉ាស៊ីន​ត្រជាក់ ម៉ាស៊ីន​ទឹក​ក្ដៅ​ ដែល​ផលិត​មិន​ត្រឹម​ត្រូវ​តាម​បច្ចេកទេស​ ឬហួស​សម័យ​មិនត្រឹម​តែ​ធ្វើ​ឲ្យ​ស៊ី​ភ្លើង​ខ្លាំង​នោះទេ ថែមទាំង​អាច​​បង្ក​​ហានិភ័យ​​​ផ្សេងៗ​។ ចំណែក​ការ​រៀប​ចំ​បណ្ដាញ​ភ្លើង​អគ្គិសនី​ក្នុង​ផ្ទះ​​មិន​បាន​ត្រឹម​ត្រូវ​​ ក៏​​កត្តា​នាំ​ឲ្យ​ប្រើប្រាស់​ថាមពលច្រើន​ដែរ។

លោកបានណែនាំ​ថា​ អ្នក​ប្រើ​ប្រាស់​គួរ​តែ​ភ្ជាប់​អំពែ​កាន់​តែ​ធំ​កាន់​តែ​ល្អ ព្រោះ​ថា​តម្រូវ​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​តែង​តែ​ទិញ​របស់​របរ​អគ្គិសនី​មក​បន្ថែម​ នៅ​ពេល​ប្រើ​ប្រាស់​ច្រើន​ហើយ​អំពែ​តូច​ធ្វើ​ឲ្យ​ឧបករណ៍(អំពែ) ឡើង​កម្ដៅ អាច​ធ្វើ​ឲ្យ​កុងទ័រ​ដើរ​លឿន​ ជា​ហេតុ​ធ្វើ​ឲ្យ​គីឡូ​ភ្លើង​កើន​ឡើង ដូច​នេះ​គួរ​តែ​ភ្ជាប់​អំពែ​ឲ្យ​ធំជាង​ការ​ប្រើ​ប្រាស់​ទើប​ជា​ការ​ល្អ៕

អត្ថបទ៖ ម៉េងងី