២​ចំណុច​ដែល​ ឈោកឆៃ​ ផ្ដួល ឡុង​ សំណាង​ ចាន់​ ប៊ុនហឿន​ ឲ្យ​សន្លប់​ផុយៗ

  • 2019-04-30 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ថៃ​ ឈោកឆៃ​ ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ​ផ្ដួល​កីឡាករ​ឆ្នើម​វ័យ​ក្មេង​របស់​កម្ពុជា​ឲ្យ​សន្លប់​មុន​បញ្ចប់​ទឹក​ទី៥​តែ​ម្ដង​ ពោល​មាន​ ចាន់​ ប៊ុនហឿន​ និង​ ឡុង​ សំណាង។​ កត្តា​ចម្បង២​ដែល​ជើង​ខ្លាំង​ថៃ​ខាង​លើ​នេះ​អាច​ផ្ដួល​ សំណាង​ និង​ ប៊ុនហឿន​ ផុយៗ​នោះ​គឺ​៖

កីឡាករ ឡុង សំណាង

**ទី១​ ទម្ងន់** ចំណុច​នេះ​មាន​ន័យ​ថា​ ឈោកឆៃ​ ជា​កីឡាករ​លេង​ទម្ងន់​ ៦៥ ឬ​ ៦៧​គីឡូក្រាម​ ដូច្នេះ​នៅ​ពេល​អ្នក​លេង​គុន​ថៃ​រូប​នេះ​ទម្លាក់​ចុះ​មក​ គឺ​មាន​ប្រៀប​ជាង​ដៃគូ​ដែល​លេង​ទម្ងន់​ពិត​ប្រាកដ​ ៦៣,៥​គីឡូក្រាម។​ អ្នក​តាមដាន​ប្រដាល់​មួយ​ចំនួន​ដឹង​ច្បាស់​ហើយ​ថា​កីឡាករ​ថៃ​ ពូកែ​ធ្វើ​ទម្ងន់​ខ្លាំង​ណាស់​ ៤-៥​គីឡូក្រាម​ ពួកគេ​អាច​ធ្វើ​បាន​ បន្ទាប់​ពី​ថ្លឹង​រួច​​គេ​ញាំ​អាហារ​ ឬ​ប៊ូវ​កម្លាំង​រួច​ហើយនោះ​ ​កម្លាំង​នឹង​​ឡើង​វិញ​ទៅ​តាម​និង​ដែរ​ នេះ​ហើយ​ជា​ហេតុ​មាន​ប្រៀប​ជាង។​ កាល​ណា​កម្លាំង​ខ្លាំង​ជាង​ ជា​ហេតុ​ធ្វើ​ឲ្យ​ ឈោកឆៃ​ អាច​ចាប់​កាច់​វ៉ៃ​ជង្គង់​រហូត​ដៃគូ​សន្លប់​បាន។​

កីឡាករ ចាន់ ប៊ុនហឿន

ទី២​ បទ​ពិសោធ ចំណុច​នេះ​ក៏​ជា​ហេតុផល​ដែល​ ឈោកឆៃ​ ផ្ដួល​ សំណាង​ និង​ ប៊ុនហឿន​ ផងដែរ ​បើ​ទោះ​ជា​ទម្ងន់​ត្រូវ​គ្នា​ក៏​ដោយ​ ប៉ុន្តែ​បទ​ពិសោធ​នៅ​ខ្ចី ​ក៏​មិន​អាច​ទប់ទល់​និង​គេ​បាន​ដូចគ្នា។​ អ្នក​ទស្សនា​ប្រដាល់​ដឹង​ច្បាស់​ហើយ​ថា​ ឈោកឆៃ​ ជា​អ្នក​ប្រដាល់​មាន​បទ​ពិសោធ​ចាស់​វស្សា​ជាង​ សំណាង​ និង​ ប៊ុនហឿន។​ អ្នក​ប្រដាល់​ថៃ​រូប​នេះ​ធ្លាប់​ប៉ះ​ មឿន​ សុខហ៊ុន​ និង​ ឡៅ​ ចន្រ្ទា​ ផល​ សោភ័ណ្ឌ​ ពី​មុន​មក​ ដូច្នេះ​បទ​ពិសោធ​ និង​សមត្ថភាព​មិន​ធម្មតា​នោះ​ទេ។​ ចំណែក​ ចាន់​ ប៊ុនហឿន​ និង​ ឡុង​ សំណាង​ របស់កម្ពុជា​ទើប​តែ​ឡើង​ខ្លាំង​១ឆ្នាំ​ជាង​នោះ​ទេ​ ដូច្នេះ​នៅ​ពេល​នេះ​មិន​ទាន់​សមស្រប​អាច​ជួប​ ឈោកឆៃ​ នោះ​ឡើយ​ អាច​និយាយ​បាន​ថា​សន្សំ​បទ​ពិសោធ​បន្តិច​ទៀត។​ ដូច​នេះ​ហើយ​ការ​ចាប់​គូ​ប្រកួត​នេះ​សំខាន់​ណាស់​ មិន​អាច​ចេះ​តែ​ចាប់​ឲ្យ​តែ​មាន​កម្មវិធី​ប្រកួត​នោះ​ឡើយ ជាហេតុធ្វើឲ្យលទ្ធផលចាញ់ឈ្នះដាច់ ឬសន្លប់បែប​នេះ ម្យ៉ាងអាច​ធ្វើឲ្យបាក់កីឡាករទៀតផង។​

កីឡាករថៃ ឈោកឆៃ

ឧទាហរណ៍​ជាក់ស្ដែង​ កីឡាករ​ ឡៅ​ ចិត្រា​ ធ្លាប់​បាន​លើក​ឡើង​ថា​ នៅ​ពេល​ប្រកួត​ជា​មួយ​កីឡាករ​ដែល​គេ​ទម្លាក់​ទម្ងន់​មក​ គឺ​ពិបាក​វ៉ៃ​ខ្លាំង​ វ៉ៃ​ដៃគូ​មិន​សូវ​ឈឺ​នោះ​ឡើយ​ ព្រោះ​គេ​ធំ​ជាង​ហើយ​វ៉ៃ​បក​មក​វិញ​គឺ​ចង់​យ៉ាប់។​ ហេតុ​នេះហើយ​ ទើប​ ចិត្រា​ សម្រេចមក​លេងទម្ងន់ត្រឹម ៦០​កីឡូក្រាម​វិញ។​ ចំពោះ​ ឃីម​ ឌីម៉ា​ ក៏​ធ្លាប់​លើក​ឡើង​នា​ពេល​កន្លង​មក​ដែរ​ថា​ នៅ​ពេល​វ៉ៃ​ជា​មួយ​កីឡាករ​ធ្ងន់​ជាង​ គឺ​ពិបាក​វ៉ៃ​ ទម្រាំ​វ៉ៃ​ឈ្នះ​ក៏​ចង់​យ៉ាប់​ដែរ។​

វីដេអូ ឡុង សំណាង ប៉ះ ឈោកឆៃ៖

វិដេអូ ចាន់ ប៊ុនហឿន ប៉ះ ឈោកឆៃ៖​

ឈោកឆៃ ពេលប៉ះ ចន្រ្ទា

រំលឹក​ដែរ​ថា​ កីឡាករ​ថៃ​ ឈោកឆៃ​ ផ្ដួល​ ឡុង​ សំណាង​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី២​ នៅ​សង្វៀន​ CNC​ កាល​ពី​ថ្ងៃ​ទី២៧​ មេសា​ ២០១៩។​ ចំណែក​ ចាន់​ ប៊ុនហឿន​ ក៏​ធ្លាប់​សន្លប់​ក្នុង​ទឹក​ទី៣​ ផង​ដែរ​កាល​ពី​ថ្ងៃ​ទី៥​ ខែ​មេសា​ ២០១៩​ នៅ​សង្វៀន​បាយ័ន៕​

អត្ថបទ៖ នួន ស៊ីណា​