ទីបំផុតមានហើយ! កន្លែងទស្សនាមច្ឆាក្រោមទឹកដំបូងគេនៅកម្ពុជា នឹងបង្កើតលើទឹកដីអង្គរ

  • 2019-04-30 09:25:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខេត្ត​សៀមរាប​នឹង​មាន​ផលិតផល​ទេសចរណ៍​ថ្មី​លេច​រូបរាង​ដំបូង​ក្នុង​ពេល​ខាងមុខ​ ដែល​គេ​ស្គាល់​ថា​ជា​កន្លែង​ទស្សនា​មច្ឆា​ក្រោម​ទឹក​ ឬ ជលវប្បដ្ឋាន​ត្រី​ទឹកសាប-ទឹកប្រៃ និង​ជម្រក​អភិរក្ស​សត្វ ​ដែល​នេះ​ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន និងកម្ពុជា។

រូបតំណាង

​​នេះ​ជា​គម្រោង​​ការ​វិនិយោគ​ដ៏​ធំ​របស់​ក្រុមហ៊ុន​ Angkor Wildlife & Aquarium ដែល​បង្កើតឡើង​ក្នុង​ទម្រង់​ជាដៃគូ​រវាង​វិនិយោគិន​កម្ពុជា និង​វិនិយោគិន​ជប៉ុន​ ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ ICM Inc. International Concept Management Inc.) ​មក​ពី​សហរដ្ឋអាមេរិក។​ ​​

គម្រោង​នេះ​មាន​ទំហំ​វិនិយោគ​សរុប ​ប្រមាណ​ ៧០លានដុល្លារ​អាមេរិក ​ស្ថិត​នៅ​លើ​ផ្ទៃ​ដី​ទំហំ​ ១០០ហិកតា នៅ​ខេត្តសៀមរាប។ ការសាងសង់​ចែកចេញជា ០៣ដំណាក់កាល ហើយ​ដំណាក់​កាល​ទី​មួយ ​គ្រោង​ចំណាយអស់​ប្រមាណ ១៨លានដុល្លារអាមេរិក។​

ការ​សាងសង់ក្នុងដំណាក់កាលទី១ នឹងប្រើរយៈពេល ០២ឆ្នាំ ដោយចាប់ផ្តើមពីខែឧសភា ឆ្នាំ២០១៩ និងបញ្ចប់នៅខែឧសភា ឆ្នាំ២០២១។​ គម្រោងនេះនឹងនាំមកនូវមជ្ឈមណ្ឌល ជលវប្បដ្ឋានត្រីទឹកសាប-ទឹកប្រៃ និងជម្រកអភិរក្សសត្វ ដើម្បីបម្រើសេចក្តីត្រូវការ និងការសិក្សាអប់រំដល់ប្រជាពលរដ្ឋមូលដ្ឋាន និងទេសចរអន្តរជាតិដែលមកទស្សនាខេត្តសៀមរាប។

គេ​រំពឹង​ថា​ គម្រោង​វិនិយោគ​នេះ គឺជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយ​ទៀត​សម្រាប់​ខេត្ត​សៀមរាប​ ដែល​នឹង​ក្លាយ​ជា​គោលដៅ​ទាក់ទាញ​បំផុត​ទីពីរ បន្ទាប់​ពីអង្គរវត្ត ពិសេស ​គឺជា​ការ​បង្កើត​ភាព​ទាក់ទាញ​ថ្មី​ដែល​នឹង​ជំរុញ​​ឲ្យ​ទេសចរ​មកកាន់​ខេត្ត​សៀមរាប​ បន្តការ​ស្នាក់​នៅ​ជា​មធ្យម​ពាក់​កណ្តាល​ថ្ងៃ​ទៀត​ផង។

គួរជម្រាបថា ​ពិធី​សម្ពោធ​ដំណើរ​ការ​សាងសង់​ កាល​ពី​ថ្ងៃ​ទី ២៩ ខែ​មេសា ឆ្នាំ២០១៩ គេ​ឃើញ​មាន​វត្តមាន​ឯកឧត្តម ​ទិត ចន្ថា រដ្ឋមន្រ្តី​ស្តីទី​ក្រសួង​ទេសចរណ៍ រួម​ជាមួយ​ឯកឧត្តម​ Michael Newbill ឯកអគ្គរដ្ឋទូត​ស្តីទី​សហរដ្ឋអាមេរិក​ប្រចាំកម្ពុជា​ ចូលរួម​ផងដែរ​៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម