Rudy និង ចាន់ រតនា មាន​រឿងប្រហែលគ្នាដែលអ្នកត្រូវដឹងមុនប៉ះគ្នានៅONE

  • 2019-05-01 07:45:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​នៅ​កម្ពុជា​កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​​ទុក​​ដាក់​រាល់​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ ​​ព័ត៌មាន​អនឡាញ​ ទូរទស្សន៍​ និង ​កាសែត​​​មុន​ការ​ប្រកួត​រវាង​ជើង​ខ្លាំង​​​​​ Rudy Agustian ​និង ​ខ្ចី​ចាស់​ ​ចាន់ រតនា​ ​​នៅ​លើ​​សង្វៀន​ ONE: FOR HONOR ​​នៅ​ថ្ងៃ​ទី​ ៣ ខែ​ ឧសភា ​ឆ្នាំ​ ២០១៩​ ​ខាង​មុខ​ ​​នា​រដ្ឋធានី​​​ ហ្សាកាតា​​ ​ប្រទេស​ ឥណ្ឌូណេស៊ី ​។ ទន្ទឹម​គ្នា​នេះ​ ​ជើង​ខ្លាំង​ទាំង​ពីរ​មាន​ចំណុច​​ខ្លះ​ប្រហាក់​ប្រហែល​គ្នា​ដែល​ ដែល​​​អ្នក​តាម​​ដាន​​​មិន​ទាន់​ដឹង​ដូច​ខាង​ក្រោម។

កីឡាករ ចាន់ រតនា

ដ្បិត​មិន​ដែល​ជួប​​គ្នា​ពី​មុន​មក​ ​ប៉ុន្តែ Rudy Agustian ​និង​ ​​ចាន់​ រតនា​ មាន​បទ​ពិសោធ​​លើ​សង្វៀន​ ONE ប្រហាក់​ប្រហែល​គ្នា។​ គូ​ប្រកួត​ទាំង​ពីរ​នេះ​មាន​អាយុ​​​ដំណាល​​គ្នា​​គឺ ​៣៣ ឆ្នាំ។​ Rudy ​មាន​​ឈ្មោះ​ក្រៅ​ថា «The Golden Boy» ជា​តារា​ប្រចាំ​សង្វៀន​​កម្រិត​ពិភព​លោក​​នេះ​​​​​ពី​ឆ្នាំ​ ២០១៦ មក​ ដែល​ឡើង​វ៉ៃ​បាន​ ៦ ​ដង​ក្នុង​នោះ​ឈ្នះ​ ៥ ដង​ និង ចាញ់ ​១ដង។ បរាជ័យ​របស់​ ​Rudy ក្រោយ​ថ្វី​ដៃ​របស់ មិត្ត​រួម​ជាតិ​ Rengga Raphael Richard ​កាល​ចុង​ឆ្នាំ​​ ២០១៦ និង​ជា​ប្រកួត​លើក​ទី២​​របស់​ខ្លួន​លើ​សង្វៀន​ដដែល​នេះ។​ ​​ប្រកួត​ចុង​ក្រោយ​វិញ​ Rudy ​បាន​យក​ឈ្នះ​​កីឡាករ​កម្ពុជា​​ ខុន ស៊ីចាន់ ​ត្រឹម​តែ​ទឹក​ទី១ ប៉ុណ្ណោះ​ដោយ​​ប្រើ​ក្បាច់​បោក​ហើយ​កាច់​ចូល​ឃ្លេ។​ ​

ងាក​មក​កាន់​តារា​ប្រចាំ​ព្រះរាជាណា​ចក្រ​កម្ពុជា​វិញ​ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ ពោល​ឡើង​​ប្រឡូក​​លើ​រេញ​ ONE បាន​ចំនួន ៧ ​ដង (បើ​គិត​វ៉ៃ​ក្នុង​ស្រុក​​ទៀត​បាន​ ៨​ដង) តាំង​ពី​ឆ្នាំ​ ២០១៤ មក ​ហើយ​គេ​ជា​តារា​ប្រចាំ​សង្វៀន​អន្តរជាតិ​នេះ​ដូច​គ្នា។ ​​ក្នុង​​ការ​ប្រកួត​ ៧ ​ដង​លើ​សង្វៀន​ ONE Championship ​រតនា​ ឈ្នះ​ចំនួន​ ​៤ ​ដង​ និង ​ចាញ់​ ៣ ដង។ ​ក្នុង​​ការ​​ប្រកួត​លើង​ចុង​ក្រោយ​​​​វ៉ៃ​​កីឡាករ​ឥណ្ឌូណេស៊ី​ Abrou Fernandes ​ឲ្យ​ចុះ​ចាញ់​ត្រឹម​ទឹក​ទី២​ ប៉ុណ្ណោះ ​កាល​ខែ ធ្នូ​ ​​​ចុង​​ឆ្នាំ​ ២០១៨។ ​នេះ​​វា​ដូច​ជា​ការ​ឈ្នះ​ ប្ដូរ​គ្នា ​ព្រោះ​ រតនា​ ឈ្នះ ​កីឡាករ​ឥណ្ឌូណេស៊ី​ ​ខណៈ​​​គូ​ប្រកួត​ Rudy ឈ្នះ​កីឡាករ​ ខុន ស៊ីចាន់ របស់​កម្ពុជា។​

កីឡាករ Rudy Agustian

មុន​ពេល​​​ធ្វើ​ដំណើរ​ទៅ​​ប្រទេស​ ឥណ្ឌូណេស៊ី​​​នា​ពេល​ថ្មីៗ​នេះ​​ដើម្បី​​ត្រៀម​ការ​ប្រកួត​ ​​អ្នក​លេង​គុន​ចម្រុះ​​​ដ៏​លេច​ធ្លោ​នៅ​កម្ពុជា​​​បាន​បង្ហើប​​អំពី​​ជំហរ​រឹង​ប៉ឹង​ថា ៖«ខ្ញុំ​បាន​មើល​វីដេអូ​​គេ​ប្រកួត​ហើយ។ ​ក្រៅ​ពី​កម្លាំង​​​ខ្លាំង​ ខ្ញុំ​មិន​ញញើត​ចំពោះ​បច្ចេកទេស​របស់​គាត់​ទេ​ ព្រោះ​ខ្ញុំ​​បាន​ហ្វឹកហាត់​ត្រៀម​ច្រើន​ខែ​មក​ហើយ។ ​​ខ្ញុំ​បាន​ហាត់​​ត្រៀម​ទប់ទល់​គាត់​យូរ​ហើយ​ ​ព្រោះ​កាល​ហ្នឹង​គេ​​ចាប់​​គូ​​ឲ្យ​វ៉ៃ​ជា​មួយ​គាត់​ ​កាល​ប៉ុន្មាន​ខែ​​មុន ​ប៉ុន្តែ​​ត្រូវ​ខក​ខាន​​វិញ។ ​ឥឡូវ​​​​ទើប​គេ​ដាក់​​​ឲ្យ​​ជួប​គ្នា ​ជា​ថ្មី​ ដូច្នេះ​ ​ការ​ត្រៀម​របស់​ខ្ញុំ​មិន​ផ្លាស់​ប្ដូរ​ទេ»។

ជា​មួយ​​គ្នា​នោះ​លោក​ Alan Mccune​ អ្នក​ជំនាញ​ MMA ​និង​​បង្ហាត់​សិស្ស​តាំង​ពី​​ឆ្នាំ​១៩៩៦ ​មក​នោះ​​​បាន​វិភាគ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា​ ៖«​​​​​​កន្លង​ទៅ​ Rudy ​​​មាន​ក្បាច់​ល្អ​​​​ដោយ​​ចូល​កៀក​​ ដែល​ប្រើ​កម្លាំង​បោក​ ស៊ីចាន់​​ ផ្ដួល​លើ​រេញ​ហើយ​​​ឃ្លេ​យក​ឈ្នះ​តែ​ម្ដង។ ​​ប៉ុន្តែ​ ចាន់​ ​​រតនា ​​​បម្លាស់ទី​រហ័ស​ ​​និង​ ​ចេញ​ក្បាច់​គុន​​ប្រើ​ជំហរ​​​បាន​ល្អ​ជាង​​​ Rudy ​។ ​ក្នុង​ករណី​​​ Rudy ចាប់​​បោក​​បាន​ច្បាស់​ជា​ឆាប់​​អស់​កម្លាំង​មិន​ខាន​ ​ព្រោះ​​ រតនា​ ​​ក៏​បញ្ចុះ​គីឡូ​ខ្លះ​ដែរ​ ​ដូច​ កាល​ ស៊ីចាន់ បញ្ចុះ​គីឡូ​រហូត​ដល់​ ៦​ គីឡូ​ មុន​ជួប​ Rudy អីចឹង»។

​​បែប​ណា​​ក្ដី​​គ្រូ​បង្វឹក​​សញ្ជាតិ​​ស្កុតឡែន​​រូប​​​នេះ ​ជឿជាក់​លើ​ ចាន់ រតនា ​ថា​​ នឹង​ទទួល​បាន​លទ្ធផល​ល្អ​ ​បន្ទាប់​ពី​បាន​​ហ្វឹកហាត់​​​ខ្លាំងក្លា​ជា​មួយ​គ្រូ​បង្វឹក​របស់​គេ​នៅ​ក្លឹប​ «សិល្បៈ»។

នៅ​ថ្ងៃ​ជា​មួយ​គ្នា​នោះ​ដែរ​ ​ក្រៅ​ពី​​គូ​ Rudy Agustian និង​​​កីឡាករ​ជើង​ចាស់​ ចាន់ រតនា ​​​​ ប៉ុន្តែ​​ថែម​ទាំង​​មាន​​កីឡាការិនី​​គុន​ខ្មែរ​ នៅ ស្រីពៅ​ ​​ក៏​​ត្រូវ​តតាំង​នឹង​ កីឡាការិនី​ម្ចាស់​ផ្ទះ​ Priscilla Hertati Lumban Gaol ​ផង​​ដែរ​នៅ​សង្វៀន ONE: FOR HONOR​ ​​នា​ថ្ងៃ​ទី​ ៣​ ខែ ឧសភា​ នោះ​នៅ​​រដ្ឋធានី​ ហ្សាកាតា​ប្រទេស​ ឥណ្ឌូណេស៊ី៕

អត្ថបទ៖ ស៊ីធី