មាន១ ក្នុង៩ចំណុចនេះ បង្ហាញថាប្រុសៗលង់ស្នេហ៍តែស្រីចំណាស់
- 2019-05-02 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាន១ ក្នុង៩ចំណុចនេះ បង្ហាញថាប្រុសៗលង់ស្នេហ៍តែស្រីចំណាស់
ចន្លោះមិនឃើញ
ពាក្យថាស្នេហា គឺពិតជាមានន័យជ្រៅ ពិបាកពណ៌នា ហើយវាមិនដែលចេះប្រកែប្រកាន់អាយុ ពណ៌សម្បុរ ឬរូបសម្រស់ឡើយ។ ជាធម្មជាតិប្រុសៗ ចូលចិត្តស្រីស្អាត ហើយនៅក្មេង តែបើសួរឲ្យស៊ីជម្រៅមែនទែនទៅ រឿងយកជាគូអនាគត គឺប្រុសៗ ១០លើ១០ តែងប្រាថ្នានារីល្អ មិនថាអាយុចាស់ជាងខ្លួន ឬមុខមាត់សឹងតែប្រហែលអ្នកម៉ែក៏ដោយ។
សំខាន់បេះដូងគេប្រាប់ថា ខ្លួនស្រឡាញ់នាង ចង់នៅក្បែរនាងជានិច្ច ព្រោះស្ត្រីកាលបើមានវ័យកាន់តែជ្រេ តែងមានបទពិសោធន៍ជីវិត និងចំណេះដឹងគ្រប់គ្រាន់ ដែលស្ត្រីក្មេងៗខ្លះមិនសូវមាន។
៩ចំណុច ដែលប្រុសៗ សារភាពថា ខ្លួនតែងលង់ស្នេហ៍ ស្ត្រីចំណាស់ ដូចគេថា ខ្ចីចាស់កាន់តែហឹរ ស្ត្រីវ័យកាន់តែចាស់ កាន់តែពូកែ ដែលជាគុណសម្បត្តិដ៏ទាក់ទាញបំផុត។
១. ដឹងរាក់ជ្រៅពីជីវិត
ទោះបីស្នេហាខុសជំនាន់បន្តិចមែន តែស្ត្រីចំណាស់ កាលបើដាក់ចិត្តស្រលាញ់បុរសណាហើយ គឺនាងតែងតែប្រើបេះដូង ជាជាងប្រើអារម្មណ៍ មានន័យថា នាងមានចិត្តអំណត់ មិនមែនចេះតែខឹង ប្រាវៗ អាងអីបែកៗ ដូចស្នេហាក្មេងៗខ្លះទេ។
ស្រឡាញ់ស្ត្រីចំណាស់ គឺអាចជាទីប្រឹក្សាឲ្យបុរសបានយ៉ាងល្អ នាងអាចជួយយឹត ជួយយោងអ្នក ឲ្យឈានទៅសម្រេចគោលដៅធំនៃជីវិត ក្នុងកម្រិតខ្ពស់ ព្រោះថានាង មានទាំងចំណេះដឹង និងចំណេះធ្វើពិតៗជាច្រើន ដែលបុរសមិនអាចយល់។
២. នាងអាចមើលឃើញពីអ្វីដែលអ្នកនឹកស្មានមិនដល់
មិនខុសទេ នារីវ័យចូលក្បាល ៣ ឬជាង៣០ឡើង ខ្មែរយើងចាត់ទុកថា ចំណាស់ហើយ។ ស្រឡាញ់នាង គឺមិនប្រឈមនឹងស្នេហ៍ក្មេងចិត្តក្មេងទេ ដែលតែងតែ ងរង៉ក់ដាក់អាទិត្យ ឬដាក់ខែទេ។ នារីខ្មែរវ័យចំណាស់ តែងតែនាំអ្នកឲ្យយល់កាន់ច្បាស់ពីទំនាក់ទំនងមួយដ៏រឹងមាំ អ្វីទៅជាស្នេហាពិត? មិននាំអ្នកឲ្យអង្គុយតែឈឺក្បាលរឿងកំប៉ិកកំប៉ុកឥតប្រយោជន៍ទេ។ ឧទាហរណ៍ថា ប្រុសៗតែងគិតថា ស្រីៗតែងតែត្រូវការអ្នកលួងលោម ប៉ុន្តែតាមពិតនារីចំណាស់ មិនដែលខ្វល់ ឬចង់ចាក់សោអ្នកទុកឲ្យអ្ននៅជិតទេ មានន័យថា នាងអាចថែខ្លួនឯងបាន។
៣. មនោសញ្ចេតនាជ្រាលជ្រៅបែបចាស់ទុំ
ស្ត្រីវ័យចំណាស់មានបទពិសោធន៍ជីវិត និងបានឆ្លងកាត់រសជាតិជីវិតជាច្រើន ដែលធ្វើឲ្យបុរសស្រឡាញ់អត្តចរិតបែបនេះ។ នាងមានមនោសញ្ចេតនាជ្រាលជ្រៅ ច្បាស់ពីរបៀបគ្រប់គ្រងអារម្មណ៍ មិនឡិកឡក់ ពេលខឹងចេះតែបញ្ចេញមកក្រៅទាំងកាកៗ ធ្វើចរិត ដូចក្មេងបៀមដៃទេ។ នាងមានភាពចាស់ទុំ ច្បាស់ថា ពេលណាត្រូវលេងសើច ពេលណាអត់ មិនមែនចេញមកភ្លាវៗ ខុសកាលៈទេសៈទេ។
៤. ភាពស្ងប់ស្ងាត់
ស្ត្រីចំណាស់ភាគច្រើន តែងមានភាពស្ងប់ស្ងាត់ និងសន្តិភាពក្នុងចិត្ត ដែលជាចំណុចល្អ និងជាឱសថទិព្វឆក់យកបេះដូងប្រុសៗឲ្យលង់ស្រឡាញ់។ នាងតែងតែមានការអត់អោន និងប្រុងប្រយ័ត្នខ្ពស់ សូម្បីតែរបៀបលេងខ្លួនក៏សមសួន មិនមែនចេះតែដាក់អំពើចិត្ត។ ខុសពីនារីក្មេងៗ កំពុងពេញកម្លាំងខ្លះ ចូលចិត្តធ្វើអ្វីតាមចិត្តខ្លួនឯង មិនសូវខ្វល់ច្រើន ដែលនេះវាមិនមែនជាអ្វីដែលប្រុសៗចង់បានទេ។
៥. មានភាពប៉ិនប្រសប់ក្នុងការសន្ទនា
ការសិក្សាមួយបានរកឃើញថា នារីចំណាស់មានវ័យ ចាប់ពី៣០ជាងឡើង គឺមានភាពវៃឆ្លាត និងយល់ដឹងស៊ីជម្រៅពីជីវិត។ វ័យនេះ ស្ត្រីបានរៀនសូត្រច្រើនគួរសម បូករួមបទពិសោធន៍សឹងតែពាក់កណ្ដាលជីវិត ដូច្នេះនាងល្មមអាចមានចំណេះដឹងទូទៅខ្ពស់ ងាយយល់សាច់ការ និងជាដៃគូសន្ទនាដ៏ល្អ សម្បូរបែប មិនថារឿងទាក់ទងនឹង៖ បរិស្ថាន សហគមន៍ ការធ្វើដំណើរ ឬព័ត៌មាននានានោះទេ។
នារីចំណាស់ តែងមានគំនិតវិជ្ជមាន និងការយល់ឃើញផ្ទាល់ខ្លួនមួយ ប្រកបដោយហេតុផលសមស្រប ដែលនេះជាចំណុចដ៏ទាក់ទាញចំពោះបុរស ចង់ជជែកជាមួយ។
៦. មិនធេងធោងរឿងលុយកាក់
នាងមានលំនឹងលុយកាក់ នេះជារឿងសំខាន់បំផុតដែលប្រុសៗ ស្រឡាញ់នារីចំណាស់ គឺមិនខុស! នាងពូកែចាត់ចែងលុយកាក់ នារីវ័យនេះ តែងមានអាជីពការងារល្អ ជាហេតុធ្វើឲ្យនាងមានសមត្ថភាព និងលំនឹងរឿងហិរញ្ញវត្ថុ និយាយរួមនាងអាចចិញ្ចឹមខ្លួនឯងបាន។
ប្រុសៗ មិនសូវមានបន្ទុករឿងចិញ្ចឹមគេរស់ ឬមិនរស់ មានន័យថា បើសម្រេចចិត្តចាប់ដៃគ្នា គឺត្រៀមតែមានបាន សប្បាយចិត្ត ដូចពាក្យខ្មែរយើងនិយាយថា យកប្រពន្ធចាស់ជាងខ្លួនទៅ គឺច្រើនតែសំណាងនោះឯង។
៧. ម្ចាស់ការលើខ្លួនឯង
រាប់ពីចំណុចល្អៗតាំងពីខាងលើមក នារីចំណាស់ គឺពិតជានារីរឹងមាំ ដូច្នេះបុរសបើបានជាគូ ហើយ គឺមិនសូវហត់រឿងតាមថែទាំនាង។ នាងមានឯករាជ្យភាពរឿងលុយកាក់ទៅហើយ តើចាំបាច់អីឲ្យគូស្នេហ៍ទៅហត់រឿងមើលថែ ឬយកចិត្តយកថ្លើម ដូចកូនក្មេងនោះ? ចម្លើយ គឺពិតជាមិនចាំបាច់ទេ នាងអាចម្ចាស់ការលើខ្លួនឯងបានយ៉ាងល្អ។
៨. ប្រៀបដូចអ្នកម្ដាយ
តាមលក្ខណៈធម្មជាតិ ស្ត្រីតែងមានភាពចាស់ទុំជាងបុរសបាត់ទៅហើយ បើទោះបីមានវ័យស្រករគ្នាក៏ពិតមែន។ ចំណែកបុរសទោះមានអាយុតិច ឬច្រើនប៉ុនណា គឺហាក់នៅក្មេង ចង់ឲ្យមានអ្នកថែ ឬអ្នកយកចិត្តច្រើន។
មិនខុសទេ តម្រូវការនេះ បើងាកមកនារីចំណាស់ ដូចនិយាយតាំងខាងលើមក គឺនាងបានធំធាត់ឡើងមកជាមួយភាពចាស់ទុំ គួបផ្សំនឹងអាយុមិនតិចផង គឺនាងមានសមត្ថភាពទ្វេដង ដើម្បីមើលថែអ្នកដូចកូន ពោរពេញដោយក្ដីស្រឡាញ់បានយ៉ាងល្អ និងប្រកបដោយការទទួលខុសត្រូវ។
៩. នាងជាចុងភៅដ៏ចំណាន
ក្រៅពីជាអ្នកម្ដាយដ៏ល្អម្នាក់ ស្នេហាខុសជំនាន់ជាមួយស្ត្រីចំណាស់ក៏មានគុណសម្បត្តិល្អមួយទៀត គឺនាងមានភាពស្ទាត់ជំនាញខាងចម្អិនម្ហូបអាហារជាច្រើនមុខ ប្លែកៗ និងរសជាតិឆ្ងាញ់។ ខុសពីស្នេហានារីក្មេងៗ បទពិសោធន៍ជីវិត និងអាយុនៅតិច ដូច្នេះមិនចម្លែកទេ គឺនាងចូលចិត្តញ៉ាំអីតាមហាងខាងក្រៅបែបក្មេងនិយម។
អ្នកខ្លះគឺមិនចេះធ្វើម្ហូប ឬចេះធ្វើខ្លះតាមទម្លាប់ ឬចេះតែម្ហូបណាដែលខ្លួនចូលចិត្ត។ ស្រួលៗមិនស្រួល នារីក្មេងៗខ្លះ ចង់ឲ្យប្រុសៗ ធ្វើជាចុងភៅដាំស្ល ផងក៏ថាបាន។
ចំណែកនារីចំណាស់ ចូលចិត្តធ្វើអាហារគ្រប់យ៉ាងនៅផ្ទះ វាពិតហត់មែន និងស៊ីពេលមែន តែនាងយល់ថាវាល្អ និងដើម្បីជាឱកាសជួបជុំក្រុមគ្រួសារ។ នេះហើយ ជារឿងដែលប្រុសៗ ចូលចិត្តបំផុត។