មកស្គាល់ របស់ ៨​យ៉ាង ​អ្នក​គួរ​ជៀស​វាង​ប្រើ​ប្រាស់​ពេល​ជិះ​យន្ត​ហោះ

  • 2019-05-06 08:34:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស មិន​ដូច​ជិះ​រថយន្ត​ក្រុង​ឡើយ ព្រោះ​ត្រូវ​ការពារ​សុវត្ថិភាព​ចាំ​បាច់ ហើយ​មាន​រឿង​រ៉ាវ​មួយ​ចំនួន​ដែល​អ្នក​គួរ​ដឹង និង​ប្រុង​ប្រយ័ត្ន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​របស់​ទាំង ៨​យ៉ាង​ដែល​អ្នក​គួរ​ជៀស​វាង​ប្រើ​ប្រាស់​ពេល​ជិះ​យន្តហោះ៖

១. ទឹកអប់

នៅ​ពេល​កំពុង​ហោះ​ហើរ អ្នក​មិន​គួរ​ប្រើ​ប្រាស់​ទឹក​អប់​មាន​ក្លិន​ខ្លាំង​នោះ​ទេ ដោយ​សារ​តែ​អ្នក​ដំណើរ​ផ្សេង​ក្នុង​យន្តហោះ​អាច​មាន​អារម្មណ៍​មិន​ល្អ ហើយ​អ្នក​ខ្លះ​ទៀត​អាច​ប្រតិកម្ម​ជាមួយ​ក្លិន​ទឹក​អប់​និង​មាន​ជំងឺ​ហឺត​ជា​ដើម។

២. ខោ​អាវ​រឹប​ៗ

ប្រ​សិន​បើ​ជើង​ហោះ​ហើរ​របស់​អ្នក​មាន​រយៈ​ពេល​យូរ​ជាង ៤​ម៉ោង អ្នក​មិន​គួរ​ស្លៀក​ពាក់​ខោ​អាវ​រឹប​ៗ​នោះ​ទេ ព្រោះ​វា​អាច​បង្ក​អោយ​មាន​ការ​កក​ឈាម​ក្នុង​សរសៃ​ជ្រៅ​ដែល​ជា​ធម្មតា​កើត​ឡើ​ង​ចំពោះ​ជើង​របស់​អ្នក។

៣. របស់​របរ​រញ៉េរញ៉ៃ

ប្រសិន​បើ​អ្នក​ស្លៀក​រ៉ូប ឬ​សំលៀកបំពាក់​ដែល​មាន​ឡេវ​និង​រូត​ច្រើន វា​អាច​ធ្វើ​អោយ​អ្នក​លំបាក​ពេល​ចូល​បន្ទប់​ទឹក​នៅ​លើ​យន្ត​ហោះ ដោយ​សារ​តែ​វា​ជា​បន្ទប់​តូច​ហើយ​អ្នក​នឹង​ត្រូវ​ចំណាយ​ពេល​យូរ។

៤. ខោ​អាវ ឬ​គ្រឿង​អលង្ការ​មាន​ជាតិ​លោហៈ

ស្បែក​ជើង​ដែល​មាន​គ្រឿង​តុប​តែង​ដោយ​លោហៈ និង​គ្រឿង​អលង្ការ​ដែក​អាច​ពន្យារ​ពេល​របស់​អ្នក​ដោយ​សារ​តែ​អ្នក​ត្រូវ​បាន​តម្រូវ​ឲ្យ​ដោះ​វា​ចេញ​ដើម្បី​ត្រួត​ពិនិត្យ។

៥. ខោអាវ​វាល

ទោះ​បី​ជា​អ្នក​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ក្ដៅ​ក៏​ដោយ អ្នក​មិន​គួរ​ស្លៀក​ពាក់​ខោ​អាវ​វាល​នោះ​ទេ ព្រោះ​សីតុណ្ហភាព​ក្នុង​យន្តហោះ​អាច​ចុះ​ត្រជាក់​ជាង​ពេល​ធម្មតា។ ដូចនេះ​ជា​ការ​ល្អ អ្នក​គួរ​តែ​ស្លៀក​ពាក់​ឲ្យ​បាន​ជិត​ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​ផ្សេង​ៗ។

៦. Lenses ភ្នែក

ប្រសិន​បើ​អ្នក​ធ្វើ​ដំណើរ​រយៈ​ពេល​យូរ អ្នក​គួរ​តែ​ដោះ Lense ចេញ​ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​គេង​ព្រោះ​ជាទូទៅ នៅ​ក្នុង​យន្តហោះ​មាន​សំណើម​តិច​ជាង​ខាង​ក្រៅ ២០% ដែល​អាច​ធ្វើ​ឲ្យ Lense របស់​អ្នក​ស្ងួត​យ៉ាង​ឆាប់​រហ័ស។

៧. ស្បែក​ជើង​កែង

សន្តិសុខ​នៅ​ព្រលាន​យន្តហោះ​នឹង​សុំ​ឲ្យ​អ្នក​ដោះ​ស្បែក​ជើង​កែង​ចេញ ដោយ​សារ​តែ​វា​អាច​ផ្ទុក​របស់​ហាម​ឃាត់ និង​មាន​ជាតិ​លោហៈ​ធាតុ​ដែល​អាច​បញ្ឈប់​សំឡេង​រោទ៍​ប្រកាស​អាសន្ន។ គ្មាន​នរណា​ម្នាក់​ចង់​ដើរ​ដោះ​ស្បែក​ជើង​ក្នុង​ប្រលានយន្តហោះ​នោះ​ទេ ដូចនេះ​អ្នក​មិន​គួរ​ពាក់​ស្បែកជើង​កែង​នោះ​ទេ។

៨. អាវ​យឺត​ដែល​មាន​សរសេរ​ពាក្យ​មិន​សមរម្យ

អ្នក​ប្រហែល​ជា​មិន​ជឿ​នោះ​ទេ ប៉ុន្តែ​មាន​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ជើង​ហោះ​ហើរ​ដោយ​សារ​តែ​ការ​ស្លៀក​ពាក់​របស់​ពួក​គេ ក្រោម​ហេតុ​ផល​មួយ​ចំនួន​ដូច​ជា ខោ​អាវ​ស្ដើង​ពេក ឬ​ខើច​ពេក ខោ​រឹប​ខ្លាំង និង​អាវ​យឺត​ដែល​មាន​សរសេរ​ពាក្យ​មិន​សមរម្យ​ជា​ដើម៕

ប្រភព៖ Brightside   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី