កីឡាករ​រៀម​ច្បង​ល្បី​​៨​​នាក់​នេះ​នៅ​តែ​សកម្ម​លើសមរភូមិលីគកម្ពុជា

  • 2019-05-09 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​​បាល់ទាត់​​កម្ពុជា​រៀម​ច្បង​ជា​ច្រើន​​នាក់​បាន​ឃ្លាត​ឆ្ងាយ​ពី​សមរភូមិ​​បាល់ទាត់​ដោយ​សារ​វ័យ​កាន់​តែ​ច្រើន​​ កម្លាំង​កាន់​តែ​​ធ្លាក់​ចុះ។ ស្រប​ពេល​កីឡាករ​វ័យ​ក្មេង​ជា​ច្រើន​បាន​កំពុង​​លេច​ធ្លោ​ដែល​​​នេះ​ជា​​​​ធម្មជាតិ​នៃ​ការ​ប្រែ​ប្រួល។

យ៉ាង​ណា​ កីឡាករ​រៀម​ច្បង​ជា​ច្រើន​នាក់​នៅ​តែ​មាន​​មុខ​លេង​ក្នុង​លីគ​បាល់ទាត់​កំពូល​កម្ពុជា​​​ ហើយ​រដូវ​ដល់​ឆ្នាំ​២០១៩​នេះ​ក៏​នៅ​តែ​មាន​មុខ​​ស្ទើរ​គ្រប់​ការ​ប្រកួត​ទៀត​ផង។ ថ្ងៃ​នេះ​សូម​បង្ហាញ​​មុខ​កីឡាករ​បាល់ទាត់​កម្ពុជា​​៨​រូប​ដែល​នៅ​តែ​សកម្មភាព​ និង​​បង្ហាញ​មុខ​លើ​ទី​លាន​នៃ​លីគ​កំពូល​កម្ពុជា​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

១-ខ្សែការពារវិសាខា ទៀង ទីនី​

ទៀង ទីនី (ស្តាំទី១)ជា​ប្រធាន​ក្រុម

ខ្សែ​ការពារ​ចាស់​ វស្សា​ ទៀង ទីនី​ ​​បាន​លេង​ឲ្យ​ក្លឹប​ធំ​ៗ​នៅ​កម្ពុជា​ស្ទើរ​ទាំង​អស់​ហើយ​ បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក។ ទោះ​ជា​​វ័យ​កាន់​តែ​ច្រើន​ ប៉ុន្តែ​រូប​គេ​​នៅ​តែ​ជា​ខ្សែ​ការពារ​ដ៏​សំខាន់​របស់​​វិសាខា​​ដែល​តែង​​តែ​ជាប់​ជម្រើស​១១​នាក់​ដំបូង។ គិត​រហូត​ដល់​ពេល​នេះ​រូប​គេ​បាន​ប្រឡូក​ក្នុង​លីគ​កម្ពុជា​ជាង​១០​ឆ្នាំ​ហើយ។

  • ខេមរា​កីឡា​ ឆ្នាំ​​២០០៦-២០០៧​
  • ណាហ្គាខប​ ឆ្នាំ​២០០៧-២០០៨​
  • ភ្នំពេញ​ក្រោន​ ឆ្នាំ​​២០០៨-២០១២​
  • ណាហ្គាវើល​ ឆ្នាំ​​២០១២-២០១៦​
  • ខេមបូឌាន​ ថាយហ្គឺរ​ ឆ្នាំ​​២០១៦-២០១៧​
  • វិសាខា​ ឆ្នាំ​២០១៧-បច្ចប្បន្ន​ ​

២-ខ្សែ​បម្រើ​ណាហ្គាវើល​ គួច សុកុម្ភៈ

​កីឡាករ​​ប្រជា​ប្រិយ​ គួច សុកុម្ភៈ​ ឆ្លង​កាត់​ក្លឹប​អាជីព​៣​ហើយ​ក្នុង​លីគ​កំពូល​កម្ពុជា​គិត​ចាប់​តាំង​ពី​ឆ្នាំ​​២០០៥​ ប៉ុន្តែ​រូប​គេ​នៅ​តែ​ជា​ខ្សែ​បម្រើ​ដ៏​ល្អ​របស់​ក្លឹប​ណាហ្គាវើល​ដែល​ជា​ទ្រនំ​ចុង​ក្រោយ។ រហូត​ដល់​ពេល​នេះ​កីឡាករ​ចិត្ត​ធ្ងន់​មក​ពី​ខេត្ត​កំពង់ធំ​លេង​ក្នុង​លីគ​កម្ពុជា​​បាន​ប្រមាណ​១៤​ឆ្នាំ​ហើយ។

  • ខេមរា​កីឡា​ ឆ្នាំ​២០០៥​-២០១០​
  • ភ្នំពេញ​ក្រោន​ ឆ្នាំ​២០១០-២០១៥​
  • ណាហ្គាវើល​ ឆ្នាំ​២០១៥-បច្ចុប្បន្ន​ ​

៣-ខ្សែ​បម្រើ​ណាហ្គាវើល​ ឃីម បូរី

និយាយ​ពី​ខ្សែ​បម្រើ​ការពារ​ ឃីម បូរី​ វិញ​ក៏​ជោកជាំ​ខ្លាំង​ក្នុង​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ និង​ធ្លាប់​ចេញ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​ថែម​ទៀត។ ជា​រឿយ​ៗ​នៅ​ឆ្នាំ​២០១៩​នេះ​ រូប​គេ​ក៏​ស្ថិត​នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​គ្រូ​បង្វឹក​លោក​ មាស​ ចាន់ណា​ដែរ។ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក​ បូរី​​ប្រឡូក​ក្នុង​លីគ​កម្ពុជា​បាន​​១៣​ឆ្នាំ​ហើយ។​

  • ក្រសួង​ការពារ​ជាតិ​ ឆ្នាំ​ ២០០៦-២០១០​
  • Sisaket FC ឆ្នាំ​២០១០-២០១១​
  • ភ្នំពេញ​ក្រោន​ ឆ្នាំ​២០១១-​២០១៥​
  • ណាហ្គាវើល​ ២០១៥​-បច្ចុប្បន្ន​ ​

៤-ខ្សែ​ការពារ​បឹងកេត ស៊ុន​ សុវណ្ណរិទ្ធី

សមាជិក​របស់​បឹងកេត​បច្ចុប្បន្ន​ ស៊ុន សុវណ្ណរិទ្ធី​ ​នៅ​តែ​ជា​ខ្សែ​ការពារ​ដ៏​សំខាន់​ដែល​បង្ហាញ​ខ្លួន​ស្ទើរ​គ្រប់​ការ​ប្រកួត។ អាយុ​៣៤​ឆ្នាំ​ហើយ​ ប៉ុន្តែ​កីឡាករ​​រូប​នេះ​នៅ​តែ​​លេង​បាន​យ៉ាង​ល្អ​ និង​​ជាប់​ជម្រើស​១១​នាក់​ដំបូង​រហូត​​របស់​លោក​គ្រូ​ ហៅ សុជាតិ។

  • ណាហ្គាខប​ ឆ្នាំ​២០០៨-២០១០​
  • ភ្នំពេញ​ក្រោន​ ឆ្នាំ​​២០១០-២០១១​
  • ណាហ្គាវើល​ ឆ្នាំ​​២០១២-២០១៦​
  • បឹងកេត​ ឆ្នាំ​២០១៧-បច្ចុប្បន្ន​ ​

៥-អ្នក​ចាំទី​ណាហ្គាវើល​ ស៊ូ យ៉ាទី

ក្នុង​នាម​ជា​អ្នក​ចាំ​ទី ស៊ូ យ៉ាទី​ ​បាន​លេង​ឲ្យ​​ក្លឹប​អាជីព​៥​​​​ដែល​សុទ្ធ​តែ​ជា​ក្លឹប​ធំ​​ៗ​ក្នុង​លីគ​បាល់ទាត់​កំពូល​កម្ពុជា។ សព្វ​ថ្ងៃ​នេះ​រូប​គេ​ជា​ជម្រើស​ទី​១​របស់​ក្លឹប​ណាហ្គាវើល​​​រហូត​ដល់។​​

  • បៀល​ប្រាយ​យូណាយធីត​ ឆ្នាំ​២០០៦-២០០៧​
  • ក្រសួង​ការពារ​ជាតិ​ ឆ្នាំ​​២០០៩-២០១៣​
  • ភ្នំពេញ​ក្រោន​ ឆ្នាំ​២០១៣-២០១៥​
  • បឹងកេត​ ឆ្នាំ​​២០១៥-២០១៨​
  • ណាហ្គាវើល​ ឆ្នាំ​​២០១៨-បច្ចុប្បន្ន​ ​

៦-ខ្សែ​ប្រយុទ្ធ​ក្រសួង​ការពារ​ជាតិ ភួង សុខសាណា

ទោះ​ជា​វ័យ​កាន់​តែ​ច្រើន​ និង​បាន​រង​របួស​​ដែល​ឃ្លាត​ឆ្ងាយ​ពី​ទី​លាន​ច្រើន​ខែ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ ប៉ុន្តែ​សព្វ​ថ្ងៃ​ ភួង សុខសាណា នៅ​តែ​មាន​មុខ​ឲ្យ​ក្រសួង​ការពារ​ជាតិ​រហូត។ ខ្សែ​ប្រយុទ្ធ​រូប​​នេះ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៥​មក​លេង​ឲ្យ​ក្រសួង​ការពារ​ជាតិ​រហូត។

  • ក្រសួង​ការពារ​ជាតិ​ ឆ្នាំ​២០០៥​-បច្ចុប្បន្ន​

៧-ខ្សែ​បម្រើ​ការពារ​ក្រសួង​ការពារ​ជាតិ​ ឈិន ឈឿន​

ខ្សែ​បម្រើ​ការពារ​មាឌ​ល្អិត​ ឈិន ឈឿន​ ក៏​មិន​ខុស​ពី​​រៀម​ច្បង​ ភួង សុខសាណា​ឡើយ​គិត​ចាប់​ពី​ឆ្នាំ​២០១០​មក​​លេង​ឲ្យ​ក្រសួង​ការពារ​ជាតិ​រហូត។ រដូវ​កាល​២០១៩​នេះ​ រូប​គេ​​នៅ​តែ​ជា​សមាជិក​សំខាន់​​របស់​លោក​គ្រូ​​ ភា សុភ័ត្ត្រា​រហូត។

  • ក្រសួង​ការពារ​ជាតិ​ ឆ្នាំ​​២០១០​ ដល់​បច្ចុប្បន្ន​

៨-ខ្សែ​ការពារ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សាយ ពិសិដ្ឋ​

ខ្សែ​ការពារ​មក​តំបន់​អារិយ​ក្សត្រ​ សាយ ពិសិដ្ឋ ក៏​ជា​កីឡាករ​រៀម​ច្បង​ដែល​មាន​មុខ​លើ​ទី​លាន​​លីគ​កម្ពុជា​​​មិន​ដាច់​ដែរ​សម្រាប់​ក្លឹប​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។ រហូត​ដល់​បច្ចុប្បន្ន​នេះ​ រូប​គេ​លេង​​​ក្លឹប​តែ​ពីរ​ប៉ុណ្ណោះ​គឺ​​ឆ្លាម​សមុទ្រ​ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។

  • ឆ្លាម​សមុទ្រ​ ឆ្នាំ​​២០០៨-២០១០​
  • អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ ឆ្នាំ​ ២០១០-បច្ចុប្បន្ន​

អត្ថបទ៖ ជាន ចាន់រ៉ា