អ្នក​ផលិត​រឿង Titanic សរសើរ​ដល់ Marvel អាច​ពន្លិច​កប៉ាល់​របស់​ខ្លួន

  • 2019-05-10 03:49:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ James Cameron ជា​ផលិតករ​ភាពយន្ត​ល្បី​ឈ្មោះ​មួយ​រូប​ ដែល​បាន​រិះគន់​ខ្សែ​ភាពយន្ត​ Mavel Cinematic Universe កាល​ពី​ឆ្នាំ​មុន បាន​ផ្លាស់​ប្ដូរ​ ៣៦០ ដឺក្រេ​ ទៅ​កោត​សរសើរ​​និង​សាទរ​ដល់​ប្រធាន​ផលិតកម្ម Marvel Studios លោក Kevin Feige នូវ​ជោគជ័យ​របស់​ Avengers: Endgame។

​​​​​តាម​រយៈ​គណនី Twitter របស់​ខ្លួន​ លោក James បាន​សរសេរ​បែប​នេះ​ថា ៖ "ជូន​ចំពោះ Kevin និង​គ្រប់​គ្នា​នៅ Marvel។ ផ្ទាំង​ទឹកកក​មួយ បាន​ពន្លិច​កប៉ាល់​ Titanic ពិត ហើយ​ Avengers បាន​ពន្លិច​កប៉ាល់​ Titanic របស់​ខ្ញុំ។ គ្រប់​គ្នា​នៅ​ផលិតកម្ម Lightstorm នេះ សុំ​សរសើរ​ដល់​សមិទ្ធផល​ដ៏​អស្ចារ្យ​របស់​អ្នក។ អ្នក​បាន​បង្ហាញ​ថា​សហគ្រាស​ភាព​យន្ត​ មិន​ត្រឹម​តែ​​នៅ​មាន​ជីវិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​មាន​ទំហំ​ធំ​ខ្លាំង​បំផុត”។

សារ​របស់​លោក James មាន​អម​ជា​មួយ​រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​កប៉ាល់​ Titanic បាន​បុក​ជា​មួយ​នឹង​ស្លាក​សញ្ញា​ Avengers ដែល​ធ្វើ​ឲ្យ​កប៉ាល់​ត្រូវ​បាន​លិច។ នេះ​​ចង់​សំដៅ​ដល់​ការ​ដណ្ដើម​យក​តំណែង​លេខ ២ ពី​ខ្សែ​ភាពយន្ត​ Titanic របស់​​ភាពយន្ត Avengers: Endgame នៅ​តារាង​ Box Office។

គួរ​ដឹង​ថា​​នៅ​​ព្រឹក​ថ្ងៃ​ទី ៦ ខែ​ឧសភា ខ្សែ​ភាពយន្ត​​​ Avengers: Endgame អាច​រក​ចំណូល​បាន​ខ្ទង់ ២ ១៨៩ លាន​ដុល្លារ ដែល​អាច​ទាញ​ទម្លាក់​ខ្សែ​ភាពយន្ត​ Titanic ចេញ​ឆ្នាំ ១៩៩៧ ដើម្បី​ឈរ​តំណែង​លេខ​ ២ ជា​ខ្សែ​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ៕

អត្ថបទ៖ សុខហេង

អត្ថបទថ្មី