ជៀសមិនផុតពីហៅអ្នកជំនាញជួយមើល ពេលទិញឡានមួយទឹកជិះ តែក៏ត្រូវ​ដឹង​ខ្លួនឯងខ្លះៗដែរ

  • 2019-05-13 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​មាន​ជី​វភាព​សម​ល្មម និង​មាន​បំណង​ចង់​រក​ទិញ​ឡាន​មួយ​ទឺក​ជិះ ហើយ​ពេល​ទិញ​មក​ហើយ​មិ​ចង់​មាន​បញ្ហា​ច្រើន ឬ​ប៉ះ​ចំឡាន​មាន​គូណ​ភាព​អន់ តើត្រូវ​ដឹង​ពី​ចំណុច​អ្វី​ខ្លះ? ពេល​ទិញ​មក​ប្រើ​ប្រាស់​ត្រូវ​ដឹង​របៀប​ថែទាំ​បែប​ណា​​ខ្លះ ទើប​មិន​ត្រូវ​រត់​រក​ជាង និង​ចំណាយ​លុយ​ជួស​ជុល​គ្រប់​ពេល?

ចំពោះ​រឿង​ទិញ​ឡន​មួយទឹក​ជិះ​នេះ​ដែរ​អ្នក​ធ្លាប់​មាន​បទពិសោធន៍​ប្រើ​ប្រាស់​ឡាន​មួយ​ទឹក ៣ រូបបាន​ចែក​រំលែក​បទពិសោធន៍​ការ​ទិញ​រថយន្ត​មួយ​ទឹក​និងបច្ចេកទេស​ការ​ថែទាំ ​ដើម្បី​រថយន្ត​ប្រើប្រាស់​បាន​យូរ មិន​សូវ​រត់​រក​ជាង៖

លោក ហេង ថាត អ្នក​គួកជេ​រថយន្ត​​មួយ​រូប​បាន​ប្រាប់ Sabay ថា​ មុន​ទិញ​រថ​យន្ត​មួយ​ទឹក ​អ្នក​គួរ​ពឹង​​អ្នក​ជំនាញ ឬ​ជាង​ទៅ​ជួយ​មើល​ ព្រោះ​រថយន្ត​មួយ​ទឹក​ជា​រថយន្ត​​​ដែល​នាំ​ចូល ហើយ​​ការ​ខូចខាត​ជៀស​មិនផុត​។

លោក​ថា ម្ចាស់​ការាសមុន​​យក​ទៅ​ដាក់​លក់​ តែង​យក​រថយន្ត​​ទៅ​​​ជួស​ជុល​ ឬ​ប្ដូរ​គ្រឿង​បង្គំ​ផ្សេងៗ។ អ្វីខ្លាច​បំផុត​ ​រថយន្ត​ដែល​ខូច​ខាតខ្លាំង​ ដែល​គេ​អាច​កាត់​ត​តួ​រថយន្ត​នៅ​ចំណុច​ណាមួយ​ ដែលបង្ក​គ្រោះថ្នាក់​ក្នុង​ពេលបើកបរ​ ដែល​មាន​តែ​អ្នក​ជំនាញ​ទេ​ ទើប​អាច​មើល​ដឹង។

លោក​ផ្តល់ការណែនាំ​ថា បើ​ពិបាក​រើស​​ទិញ​នៅ​តាម​ការាស​ គួរ​​រក​ទិញ​ត​ពី​អ្នក​ប្រើ​ប្រាស់​​ដូច​គ្នា ព្រោះ​រថយន្ត​នេះ​យើង​អាច​ស្គាល់​ប្រវត្តិ​ច្បាស់ និង​អាច​មាន​តម្លៃ​ធូរ​ថ្លៃ​ផង​ដែរ។

ចំណែក ​​​លោក ងិន សុភាព ជា​អ្នក​មាន​បទ​ពិសោធន៍​មើល​រថយន្ត​មួយ​ទឹក​បាន​ណែនាំ​​ឲ្យ​អ្នក​ ដែល​ចង់​ទិញ​រថយន្ត​មួយទឹក​ គួរ​​ទៅ​រក​ទិញ​រថយន្ត​ទម្លាក់​ពី​កុងតឺន័រ​ផ្ទាល់​ ព្រោះ​វា​ងាយ​មើល​​ឃើញ​សភាព​រថយន្ត​​ដោយ​ផ្ទាល់​ខូច​តិច​ឬ​ច្រើន និង​ទទួល​បាន​គ្រឿង​មក​ពី​នាយ​ ដែល​មិន​អាច​ធ្វើ​ឈ្មួញ​ផ្លាស់​ប្ដូរ​​ឬ​បន្លំ​គ្រឿង​បាន​។

ងាក​មក​លោក ហួន រ៉ាវី អ្នក​មាន​បទ​ពិសោធន៍​ប្រើ​ប្រាស់​រថយន្ត​មួយ​ទឹកបាន​ប្រាប់ Sabay ថា​ ទិញ​រថយន្ត​មួយ​ទឹក​មក​ប្រើ​មិន​ចង់​រត់​រក​ជា​ងញឹក​ គួរ​​ថែទាំ​ឲ្យ​បាន​ច្រើន ដូច​ជា​ប្រញាប់​យក​ទៅ​ត្រួត​ពិនិត្យ​ពេល​លោត​ចេញ​សញ្ញា Check ​មើល​កម្រិត​ប្រេងម៉ាស៊ីន ជាតិ​រំអិល​ហើយ​ត្រូវ​ដឹង​ពី​រយះ​ពេល​ប្ដូរ​ចេញ ពិនិត្យ​មើល​សំបក​កង់​ បើ​ដល់​អាយុ​កាល​ត្រូវ​តែ​ប្ដូរ​ចេញ​ព្រោះ​វា​អាច​ទាក់​ទង់​នឹង​សុវត្ថិភាព​ការ​បើក​បរ។

លោក​ថា អ្នកប្រើប្រាស់​ត្រូវ​មាន​កាលវិភាគ​យក​រថយន្ត​ទៅ​ត្រួត​ពិនិត្យ​ ឧស្សាហ៍​លាង​សម្អាត​បើ​មិន​ដូច្នេះ​ទេ​អាច​ធ្វើ​ឲ្យ​គ្រឿង​បង្គំ​របស់​រថយន្ត​អ្នក​កាន់​ស្នឹម​ឆាប់​ច្រេះ។ ពេល​បើក​បរ​គួរ​តែ​កំណត់​ល្បឿន​ឲ្យ​បាន​ច្បាស់​ទោះ​ស្ថិត​ក្នុង​ស្ថាន​ភាព បែប​ណា​ជៀស​វាង​ពេល​បើក​លឿន​ហើយ​ឈប់​ភ្លាម​ បើក​បរ​ខុស​បច្ចេកទេស​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រេង ប្រព័ន្ធ​ម៉ាស៊ីន និង​ផ្នែក​ផ្សេងៗ​នៃ​​រថយន្ត​៕

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម