ជា​មោទកភា​ពមួយ​ដែល​ស្ត្រី​ខ្មែរ​ម្នាក់​បាន​និពន្ធ​សៀវភៅ​មួយ​ក្បាល​ “MOTHER IS MY ANGEL - ទឹកចិត្ត​អ្នក​ម្តាយ ”

  • 2019-05-16 09:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​ទេ​អង្គុយ​សុខៗ ស្រាប់តែ​នឹករលឹក​ដល់​អ្នក​ម្តាយ​ទាំង​មិន​ដឹងខ្លួន​? ឆ្ងល់​ទេ​ថា​តើ​ពេល​នេះ អ្នក​ម្តាយ​កំពុងតែ​ធ្វើ​អ្វី​? តើ​អ្នក​ម្តាយ​បាន​ពិសារ​អាហារ​ហើយ​ឬ​នៅ​? អ្នក​ម្តាយ​ធ្វើ​កិច្ចការ​ហត់នឿយ​ដែរ​ឬទេ​? អ្នក​ម្តាយ​ជួប​បញ្ហា​ពិបាកចិត្ត​ឬ​អត់​?​ទាំងអស់​នេះ​ហើយ​សុទ្ធសឹងតែ​ជា​ក្តី​នឹករលឹក ក្តីបារម្ភ​របស់​កូនៗ​គ្រប់​រូប​ទៅកាន់​អ្នក​ម្តាយ​ជា​ទីស្រឡាញ់​គ្រប់​រូប​នៅលើ​ពិ​ភព​លោក​។ ហើយ​សំណួរ​ខាងលើ​ក៏​ជា​ភាព​កង្វល់​របស់​អ្នក​ម្តាយ​គ្រប់​រូប មាន​មក​លើ​កូនៗ​ដូចគ្នា​។

អ្នក​ម្តាយ​គឺជា​មនុស្ស​ទីមួយ​ ដែល​សប្បាយចិត្ត​ខ្លាំង​បំផុត​គ្មានអ្វី​ប្រៀ​ប​បាន​នៅពេលដែល​ដឹងថា អ្នក​បាន​មក​ចាប់​កំណើត​នៅក្នុង​ផ្ទៃ​របស់គាត់​។ កូនៗ​គ្រប់​រូប​ដឹង​ទេ​ថា រយៈពេល​៩​ខែ​១០​ថ្ងៃ​មាន​អ្នក​នៅក្នុង​ផ្ទៃ អ្នក​ម្តាយ​ទទួល​រង​នូ​វ​ការ​លំបាក​ជាច្រើន​ដូចជា​៖ អកា​រៈចា​ញ់ ការ​តម​អាហារ ចាញ់​ក្លិន ផ្សែង លែង​ខ្វល់ខ្វាយ​ពី​សម្រស់ មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំ​ពោះ​សុខភាព សុវត្ថិភាព រិះរក​នូ​វ​អាហា​រណា​ដែល​មាន​ជីវជាតិ​គ្រប់​គ្រាន់​ដើម្បី​ឱ្យ​អ្នក​លូតលាស់ និង​មាន​សុខភាព​ល្អ ។

បន្ទាប់ពី​ព​ពោះ​ហើយ អ្នក​ម្តាយ​បាន​តស៊ូ​ពុះពារឧ​សគ្គ​ដ៏​ធំ​មួយ​ គឺ​ការឆ្លង​ទ​ន្លេ​ដែល​សឹងតែ​ដាច់​ដង្ហើម ទម្រាំ​តែ​បង្កើតកូន​ចេញ​មក​ឱ្យបាន​ឃើញ​ព​ន្លឺ​ថ្ងៃ បានឮ​សំឡេង​កូន​យំ និង​ដឹងថា​កូន​មាន​សុខភាព​ល្អ សុខ​សុវត្ថិភាព អ្នក​ម្តាយ​ញញឹម​ទាំង​ទឹក់ភ្នែក​ដោយ​ក្តីរំភើប​ភ្លេច​អស់​រាល់​ការឈឺចាប់​ទាំងអស់​។ កូនៗ​ឃើញ​ទេ អ្នក​ម្តាយ​គ្រប់​រូប​មាន​ការលះបង់​ខ្ពស់​ណាស់​សម្រាប់​កូនៗ ហេតុ​នេះ​ហើយ​ទើប​អ្នកស្រី ស្រ៊ុន រឿន​រ៉ាស៊ី បាន​ខិត​ខំ​តាក់តែង​ចេញជា​សៀវភៅ​មួយ​ក្បាល​ដែលមាន​អត្ថ​ន័​យ និង​ខ្លឹមសារ​យ៉ាង​វិសេសវិសាល​អំពី​អ្នក​ម្តាយ​ដែលមាន​ចំ​ណង​ជើង​ថា “MOTHER IS MY ANGEL - ទឹកចិត្ត​អ្នក​ម្តាយ ”​។ ខាងក្រោម​នេះ​ជា​ហេតុផល​សំ​ខាន់ៗ​មួយ​ចំនួន​ដែលជា​សម្រង់​ឃ្លា​ខ្លះៗ​ដកស្រង់​ចេញពី​សៀវភៅ “MOTHER IS MY ANGEL - ទឹកចិត្ត​អ្នក​ម្តាយ”​ ​។​

អ្នកស្រី ស្រ៊ុន រឿន​រ៉ាស៊ី ជា​កូន​ខ្មែរ​កើត​នៅ​ទីក្រុង​ភ្នំពេញ​បន្ទាប់ពី​កម្ពុជា​ឆ្លងកាត់​របប ប៉ុល ពត ហើយ​ក៏​ធំ​ដឹងក្តី​នៅ​ក្នុងគ្រួសារ​មួយ​ដ៏​មាន​សុភម​ង្គ​ល​។ ក្រោយ​មក​គាត់​ក៏​បាន​រៀបការ​ជាមួយ​លោក ស្រ៊ុន រតនៈ ហើយ​ក៏​បាន​ទៅ​រស់នៅ​ឯ​សហរដ្ឋ​អា​មេ​រិច​។ គាត់​បាន​បញ្ចប់​ថ្នាក់​បរិ​ញ្ញាប​ត្រ​ផ្នែក​គណនេយ្យ (Accounting) ពី សកលវិទ្យា​ល័យ University of Central Florida ហើយ​បន្ទាប់មក​គាត់​ក៏​ពពោះ​បាន​កូនស្រី​ម្នាក់​គួរ​ឱ្យ​ស្រឡាញ់ និង​រស់នៅ​យ៉ាង​មាន​សុភម​ង្គ​ល​។

អ្នកស្រី ស្រ៊ុន រឿន​រ៉ាស៊ី បាន​លើកឡើងថា ខ្ងុំ​មិន​ដែល​មានចេតនា​ក្នុង​ការតាក់តែង​ចេញ​ជា​សៀវភៅ​ស​អ្វី​នោះ​ទេ រហូតដល់​ថ្ងៃមួយ​នៅពេលដែល​ខ្ញុំ​អង្គុយ​នៅក្នុងបន្ទ​ប់ទ​ទួល​ភ្ញៀ​វ ហើយ​សម្លឹងមើល​ពិ​ដាន រំពេច​នោះ​ខ្ញុំ​ក៏​ស្រឡាំងកាំង ដោយ​ដួងចិត្ត​ខ្ញុំ​នឹកឃើញ​អតីតកាល​ម្តាយ​របស់​ខ្ញុំ ហើយ​គិតថា តើ​វា​ជា​រឿង​ល្អ​ទេ​បើ​ខ្ញុំ​ចែករំលែ​ក​រឿងរ៉ាវ​ជីវិត​របស់​​ម្តាយ​ខ្ញុំ ទៅកាន់​អ្នកដទៃ​?

បន្ទាប់ពី​គិត​ហើយ ខ្ញុំ​បាន​ទាញ​ប៊ិក​និង​សៀវភៅ​មក​សរសេរ ដើម្បី​ប្រែក្លាយ​ក្តី​ស្រមៃ​ឲ្យ​លេចចេញ​ជា​រូបរាង​ឡើង​តាម​រយៈ​ការ​រៀ​បរាប់​អំ​ពី​ដំ​ណើ​រ​ជីវិត​របស់​ម្តាយ​ខ្ញុំ គឺជា​ស្ត្រី​ម្នាក់​មាន​សំណាង​បាន​រួច​ជីវិត​ពីស​ម័​យ​ប៉ុល​ពត ដែល​ជា​របប​ប្រល័យ​ពូជ​សាស​ន៏ សម្លាប់​មនុស្ស​យ៉ាង​រង្គាល​អស់​ជាច្រើន​នាក់​។ អ្នកដទៃ​មើលទៅ​គាត់​គ្រាន់តែ​ជា​មនុស្ស​ស្រី​សាម​ញ្ញ​ម្នាក់ ប៉ុន្តែ​សម្រាប់​ខ្ញុំ គាត់​គឺជា​ស្ត្រី​ដ៏​អស្ចារ្យ​ម្នាក់ ស្រស់ស្អាត មាន​ទឹកចិត្ត​សណ្តោស​ប្រណី មាន​គុណ​ធ​ម៏ ព្រហ្មវិហារ​ធ​ម៏​ចំពោះ​កូនៗ ហើយ​អ្នក​ផងទាំងពួង​ស្រឡាញ់​ចូលចិត្ត​គ្រប់ៗ​គ្នា និង​កោតសរសើរ ចំពោះ​ការលះបង់​របស់​គាត់​ដើម្បី​គ្រួសារ​។​

ក្នុងនាម​ខ្ញុំ​ជាកូន​ស្រីម្នាក់ ខ្ញុំ​ពិតជា​ចង់​សម្តែង​នូ​វ​ការដឹងគុណ​ដល់​អ្នក​ម្តាយ​ជាខ្លាំង ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​គាត់​បាន​លាចាក​លោក​នេះ ហើយ​គុណូបការៈរបស់​គាត់​នៅតែ​មិនអាច​បំ​ភ្លេច​បាន​។ ទោះបីជា​រៀ​បរាប់ យ៉ាងណាក៏ដោយ ក៏​មិនអាច​បញ្ជាក់​ពី​អា​រម្ម​ណ៏​ស្រឡាញ់ នឹក​អ្នក​ម្តាយ​របស់​ខ្ញុំ ថា​វា​ធំធេង​ប៉ុណ្ណានោះ​ទេ ដូច្នេះ​ហើយបំ​ណង​តែ​មួយ​គត់​របស់​ខ្ញុំ គឺ​ការតាក់តែង​សៀវភៅ​នេះឡើង ដើម្បី​បំពេញ​ក្តី​ស្រមៃ គឺ​ការចែក​រំលែក​នូ​វ​ការលះបង់​របស់​ម្តាយ​ខ្ញុំ​ទៅកាន់​មិត្ត​អ្នកអាន ហើយ​នាង​ខ្ញុំ​ទទួល​រាល់ការ​រិះ​គន់​ក្នុង​ន័​យ​ស្ថាបនា ដើម្បី​ឲ្យ​សៀវភៅ​នេះ​ទទួលបាន​ភាព​ជោគ​ជ័​យ និង ខ្ញុំ​ចង់ដឹងថា​តើ​មិត្ត​អ្នកអាន​ណា​ខ្លះ​មាន​រឿងរ៉ាវ​ស្រ​ដៀ​ង​នឹង​នាង​ខ្ញុំ​?​

សៀវភៅ​នេះ​ទទួលបានក​ម្មសិ​ទ្ធិ​បញ្ញា និង​សិទ្ធិ​ផ្សព្វផ្សា​យលក់​នៅ​សហរដ្ឋអាមេរិក ហើយ​អាច​រក​ទិញបាន​នៅលើ Amazon តាម Link នេះ​ផ្ទាល់​: www.amazon.com

អត្ថបទ៖ ថា ម៉ាលីដា