Man City កាន់​តែ​ខិត​ជិត​ក្នុង​ការ​ហាម​មិន​ឲ្យ​លេង​ក្នុង​ Champions League

  • 2019-05-16 12:14:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហភាព​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​ (UEFA) បាន​បញ្ជូន​រឿងក្ដី​ Manchester City ទៅ​កាន់​អង្គ​ជំនុំជម្រះ​របស់​ស្ថាប័ន​គ្រប់គ្រង​ហិរញ្ញវត្ថុ​ក្លឹប​ ទាក់ទង​នឹង​ការ​រំលោភ​លើ​ច្បាប់​ហិរញ្ញវត្ថុ Fair Play។

ក្រុម​ស៊ើបអង្កេត​របស់​គណៈ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់ UEFA បាន​ចំណាយ​ពេល​ជា​ច្រើន​ខែ​ ក្នុង​ការ​ត្រួតពិនិត្យ​លើ​ភស្តុតាង​នៃ​ការ​បែក​ធ្លាយ​ផ្សេង​ៗ និង​របាយការណ៍​របស់​ទស្សនាវដ្ដី​អាល្លឺម៉ង់ Der Spiegel កាល​ពី​ឆ្នាំ​មុន។

បើ​យោង​តាម​កាសែត​ New York Times បាន​ឲ្យ​ដឹង​ថា​ ជំនួប​របស់​ក្រុម​អ្នក​ស៊ើបអង្កេត​កាល​ពី ២​សប្ដាហ៍​មុន​នៅ​ទីស្នាក់ការ​ UEFA នៅ​ប្រទេស​ស្វីស មាន​បំណង​ក្នុង​ការ​ដាក់​បម្រាម​ទៅ​លើ​ក្លឹប​ Manchester City យ៉ាង​តិច​មួយ​រដូវ​កាល​ដែរ នូវ​ការ​លេង​ក្នុង​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប។

កាល​ពី​ខែ​វិច្ឆិកា កន្លង​ទៅ​មាន​ការ​បែក​ធ្លាយ​សារ​អេឡិចត្រូនិក​បាន​អះអាង​ថា​ ក្លឹប​ Manchester City ទទួល​បាន​ទឹកប្រាក់​ចំនួន​ ៥៩.៥​លាន​ផោន ពី​ក្រុមហ៊ុន​ Abu Dhabi United Group ដែល​កាន់កាប់​ដោយ​ម្ចាស់​ក្លឹប​នេះ​ដោយ​ផ្ទាល់​ ទៅ​លើ​កិច្ចព្រមព្រៀង​ឧបត្ថម្ភ​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ Etihad ខណៈ​ទឹកប្រាក់​ចំនួន ៨​លាន​ផោន​ប៉ុណ្ណោះ​បាន​ពី​ក្រុមហ៊ុន​អាកាសចរណ៍​នេះ។

UEFA បាន​ដាក់​កំហិត​ក្នុង​ចំនួន​ទឹកប្រាក់​ដែល​ម្ចាស់​ក្លឹប​អាច​ជះ​ក្នុង​ការ​ទ្រទ្រង់​ក្លឹប​របស់​ខ្លួន ដែល​ការ​ដាក់​កំហិត​បែប​នេះ​គឺ ដើម្បី​ការពារ​អតិផរណា​ក្នុង​បាល់ទាត់។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ក្លឹប​ Manchester City ធ្លាប់​បាន​ពិន័យ​ជា​ទឹកប្រាក់​ចំនួន ៤៩​លាន​ផោន កាល​ពី​ឆ្នាំ២០១៤ ចំពោះ​ការ​ចំណាយ​លុយ​លើ​កីឡាករ​របស់​ខ្លួន​ ដែល​នេះ​ជា​ការ​ល្មើស​នឹង​ច្បាប់​ហិរញ្ញវត្ថុ Fair Play។

អាន​បន្ត​៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី