រូបស្ត្រីអង្គុយឱបកូនធ្វើពីស្ពាន់តម្លៃជិត ១០ម៉ឺនដុល្លារនឹងត្រូវសាងសង់នៅជើងឯក ដើម្បីជាការចងចាំ
- 2019-05-17 09:05:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបស្ត្រីអង្គុយឱបកូនធ្វើពីស្ពាន់តម្លៃជិត ១០ម៉ឺនដុល្លារនឹងត្រូវសាងសង់នៅជើងឯក ដើម្បីជាការចងចាំ
ចន្លោះមិនឃើញ
រូបស្ត្រីអង្គុយឱបកូនធ្វើអំពីស្ពាន់តម្លៃជិត១០ម៉ឺនដុល្លារអាមេរិកនឹងត្រូវក្រុមហ៊ុនឯកជន ជប៉ុន-កម្ពុជា រ៉ូយាល់ (Japanese Cambodia Royal) សាងសង់ក្នុងពេលឆាប់ៗខាងមុខនេះនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។ នេះបើតាមប្រសាសន៍លោក វឿន វុទ្ធី ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិសាស្ត្របានថ្លែងប្រាប់ sabay។
លោកថា រូបសំណាកធ្វើអំពីស្ពាន់នេះមានកម្រាស់ ៥មីលីម៉ែត្រ និងមានកម្ពស់២ម៉ែត្រ និងមានខឿនចំនួនពីរថ្នាក់ ថ្នាក់ទី ១កម្ពស់ ០,៨៦ម៉ែត្រ បណ្ដោយ ៤,២០ម៉ែត្រ កម្រាលផ្ទៃខាងលើ និងបូកថ្មលាងពណ៌ប្រផេះបិតម៉ាបពណ៌ខ្មៅនៅជញ្ជាំងទាំង ៤ទិស និងមានចារឹកអក្សរពណ៌មាស ខ្មែរ អង់គ្លេស ដែលមានខ្លឹមសារស្តីពីការចងចាំគ្មានថ្ងៃភ្លេចនូវរបបកម្ពុជាប្រជាធិបតេយ្យ ១៧ មេសា ១៩៧៥ - ០៦ មករា ១៩៧៩។ ថ្នាក់ទី២ កម្ពស់ ០,៣៦០ម៉ែត្រ បណ្ដោយ ៤,២ម៉ែត្រ ផ្ទៃកម្រាលថ្មម៉ាប ពណ៌ប្រផេះខ្មៅ។ ការសាងសង់ត្រូវចំណាយរយៈពេល៦ ខែ ស្ថិតនៅបរិវេណមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ខណៈគម្រោងកំណាយបង្ការមុនពេលសាងសង់រូបសំណាកត្រូវបានធ្វើឡើងកាលពីដើមសប្ដាហ៍នេះ។
ការធ្វើគម្រោងកំណាយបង្ការជាមុនពីមន្រ្តីជំនាញ ដោយសារខ្លាចប៉ះពាល់ផ្នូរសាកសព។ “អញ្ចឹងការជីករណ្តៅសាកសពកន្លងមកយើងជីកបានតែ ៨៦អន្លង់ទេ ហើយដែលការស្រាវជ្រាវអន្លង់សាកសពនៅជើងឯកមានរហូតដល់ទៅ ១២០អន្លង់ឯណោះ។ ដូច្នេះនៅសល់ប៉ុន្មានយើងអត់ដឹងនៅកន្លែងណា…អញ្ចឹងបានយើងធ្វើកំណាយបង្ការខ្លាចវាប៉ះអន្លង់ ដែលនៅសេសសល់”។
លោកបានឱ្យដឹងបន្ថែមទៀតថា ការសាងសង់រូបសំណាកនេះត្រូវបានធ្វើឡើងទុកជាការចងចាំមួយរបស់ប្រជាពលរដ្ឋខ្មែរ និងការទប់ស្កាត់មិនឱ្យរបបនេះកើតឡើងវិញ។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រជាពលរដ្ឋខ្មែរ បានប្រឈមជាមួយនឹងភាព អត់ឃ្លាន រស់ដោយភាពភ័យរន្ធត់។ បច្ចុប្បន្នទោះរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានបញ្ចប់ទាំងស្រុង ហើយក៏ពិតមែន តែផលប៉ះពាល់លើផ្នែកសតិអារម្មណ៍នៅតែកើតមានលើសង្គមខ្មែរ ហើយក៏មិនអាចរលប់បាត់ទាំងស្រុងនៅឡើយនោះដែរ។ ដូច្នេះដើម្បីចងចាំអំពីយុគសម័យដ៏សែនខ្មៅងងឹត នៃរបបកម្ពុជាប្រជាធិបតេយ្យ ក្រុមហ៊ុន ជប៉ុនកម្ពុជា រ៉ូយ៉ាល់ បានសម្រេចកសាងរូបភាព ស្រី្តកំពុងអង្គុយឱបកូន ដែលបង្ហាញអំពីជីវិតរស់នៅក្នុងស្ថានភាពអស់សង្ឃឹម និងភាពភ័យរន្ធត់នេះឡើង។
ទោះយ៉ាងណាលោកបានឱ្យដឹងទៀតថា គម្រោងសាងសង់ចម្លាក់ស្ពាន់នេះបានចាប់ផ្ដើមតាំងពីឆ្នាំ២០១៧ មក ប៉ុន្តែដោយរង់ចាំការសិក្សា និងមានការអនុញ្ញាតពីសាលារាជធានីភ្នំពេញ និងក្រសួងវប្បធម៌ជាមុនសិន ទើបសម្រេចសាងសង់ឡើង ខណៈការសាងសង់គ្រោងចំណាយថវិកាចន្លោះពី ៦ ម៉ឺនដុល្លារ ទៅ៨ម៉ឺនដុល្លារអាមេរិក ដោយអ្នកបច្ចេកទេសសាងសង់ខាងសាលារាជធានីភ្នំពេញ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕
រូបភាព៖ ផ្ដល់ឲ្យ