​កំពង់​ស្ពឺ​ទៀត​ហើយ​! ស្ពាន​អាកាស​ថ្មើរ​ជើង​កាត់​​ផ្លូវ​ជាតិ​លេខ៤​​តម្លៃ​ជាង ៣០​ម៉ឺន​​ដុល្លារ​​នឹង​​ត្រូវ​សាងសង់​ឆាប់​ៗ​នេះ

  • 2019-05-19 02:31:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​អាកាស​ថ្មើរ​ជើង​ កាត់​ផ្លូវ​ជាតិ​លេខ​៤​ ​ដំបូង​បង្អស់​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់​ស្ពឺ​ តម្លៃ​ជាង ៣០​ម៉ឺនដុល្លារ អាមេរិក​​​នឹង​ត្រូវ​​បើក​ការដ្ឋាន​សាងសង់​​នៅ​ថ្ងៃ​​ច័ន្ទ​ដើម​សប្ដាហ៍​​ក្រោយ​នេះ​ នៅ​ទី​រួមខេត្ត​កំពង់​ស្ពឺ​ ក្រោម​អធិបតី​ភាព​​​ឯក​ឧត្ដម​ វ៉ី​ សំណាង អភិបាល​ខេត្ត​។ ស្ពាន​​នេះ​ត្រូវ​បាន​កសាង​​​​ឡើង​ ដើម្បី​សម្រួល​ការ​​ឆ្លងកាត់​​របស់​ប្រជាពលរដ្ឋ​ថ្មើរ​​ជើង​​​​ពី​​គ្រោះ​ថ្នាក់​ និង​ការ​កក​ស្ទះ​ចរាចរណ៍។

ឯក​ឧត្ដម វ៉ី សំណាង​ អភិបាល​ខេត្ត​កំពង់​ស្ពឺ​បាន​​ប្រាប់ Sabay ​​ឱ្យ​ដឹង​ថា ស្ពាន​​នេះ​នឹង​ត្រូវ​សាងសង់​​ត្រង់​ចំណុច​បេន​ឡាន​ផ្សារ​កំពង់​ស្ពឺ​ ដោយ​មាន​ប្រវែង​ ៣០​ម៉ែត្រ​ ​កម្ពស់​ ៥,២​ម៉ែត្រ​ ទទឹង​៣​ម៉ែត្រ​ ធ្វើ​ពី​បេតុង​អាមេ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​លោក​ជំទាវ​បណ្ឌិត​ សៀង ចាន់​ហេង អគ្គនាយក​ក្រុម​ហ៊ុន​ ហេង អភិវឌ្ឍន៍ ក្នុង​តម្លៃ​សាង​សង់​ ៣៤​​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​​ចំណាយ​ពេល​សាងសង់​​ជិត​មួយ​ឆ្នាំ​។

ឯកឧត្ដម​បន្ថែម​ថា មូលហេតុ​​សម្រេច​កសាង​ស្ពាន​អាកាស​ថ្មើរ​ជើង​ត្រង់​ចំណុច​គោលដៅ​​ខាងលើ​ ​ដោយ​សា​កន្លង​មក​​កើត​​មាន​ការ​ស្ទះ​ចរាចរណ៍​ ខណៈ​រដ្ឋបាល​ខេត្ត​ក៏​គ្រោង​សាង​សង់​ស្ពាន​អាកាស​ថ្មើរ​ជើង​ចំនួន​ពីរ​​បន្ថែម​​ទៀត​​ផង​ដែរ គឺ​ត្រង់​ចំណុច​វិទ្យាល័យ​​កំពង់ស្ពឺ​ និង​ត្រង់​ចំណុច​មុខ​រោងចក្រ​សាប្រ៊ីណា។

អញ្ចឹង​យើង​​កំពុង​​គៀង​គរ​រក​ប្រភព​ថវិកា ​សាងសង់​ស្ពាន​ទាំង​ពីរ​ទីតាំង​ខាង​លើបន្ថែម​ទៀត​ ធ្វើ​យ៉ាង​ណា ដើម្បី​សម្រួល​ការ​ឆ្លង​កាត់​របស់​បងប្អូន​ប្រជាពលរដ្ឋ​មិន​ឱ្យ​គ្រោះថ្នាក់​ចរាចរណ៍ ​ការ​កក​ស្ទះ និង​​ការ​ឆ្លង​កាត់​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ”។

ពេល​បច្ចុប្បន្ន​នេះ ខេត្ត​កំពង់ស្ពឺ បាន​និង​កំពុង​ពង្រីក​វិសាលភាព​ផ្នែក​សេដ្ឋកិច្ច កាន់តែ​ប្រសើរ​ជាង​មុន​ ខណៈ​​សិប្បកម្ម​ធន​តូ​ច​ និង​មធ្យម​នៅ​តាម​មូលដ្ឋាន​មាន​រហូត​រាប់​រយ​មូលដ្ឋាន ដែល​​អាច​ផ្ដល់​ការងារ​ដល់​កម្មករ​កម្មការិនី​រាប់​ម៉ឺន​នាក់។​ ការអភិវឌ្ឍ​​ខេត្ត​កំពង់ស្ពឺ​បច្ចុប្បន្ន​បាន​ត​ភ្ជាប់​គ្នា​ជាមួយ​រាជធានី​ភ្នំពេញ​រួចហើយ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៤​។ រាជរដ្ឋាភិបាល​​នឹង​រៀបចំ តំបន់​តាម​ផ្លូវ​ជាតិ​លេខ៤ ពី​រាជធានី​ភ្នំពេញ ទៅកាន់​ខេត្ត​ព្រះសីហនុ ជា​តំបន់​ឧស្សាហកម្ម​នៅ​ឆ្នាំ​២០២៥ ខាងមុខនេះ។​

ខេត្ត​​កំពង់​ស្ពឺ ​​គឺជា​ខេត្ត​មួយ​​ក្នុង​ចំណោម​រាជធានី​ខេត្ត​ទាំង​ ២៥ ដែល​មាន​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​ ៨៥៤ ៧២​០នាក់​៕

អត្ថបទ៖ សុផល