ក្លឹប​​ទាំង ៧ នៅ​ Premier League ដែល​បណ្តេញ​គ្រូ​បង្វឹក​ញឹក​ជាង​គេ

  • 2019-05-19 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខណៈ​ដែល Manchester United មាន​គ្រូ​បង្វឹក​តែ​ម្នាក់​គត់​សម្រាប់ ២១ រដូវ​កាល​ដំបូង​នៃ Premier League ហើយ Arsene Wenger បាន​កាន់​កាប់ Arsenal ចាប់​តាំងពី​ឆ្នាំ ១៩៩៦ មក ក្លឹប​កំពូលៗ​នៅ​អង់គ្លេស​មួយ​ចំនួន​​បាន​បណ្តេញ​គ្រូ​បង្វឹក​ចាស់ ផ្លាស់​គ្រូ​បង្វឹក​​ថ្មី​ញឹកញាប់​បំផុត។

ខាង​ក្រោម​នេះ​គឺ​ជា​ក្លឹប​ទាំង​៧​ដែល​​មាន​គ្រូ​បង្វឹក​ច្រើន​បំផុត​ចាប់តាំង​ពី​ឆ្នាំ ១៩៩២ មក៖

៧ Crystal Palace - គ្រូ​បង្វឹក ១១ នាក់

​Crystal Palace ក៏​ជា​ក្លឹប​ដែល​បាន​ផ្លាស់ប្ដូរ​គ្រូ​បង្វឹក​ញឹក​បំផុត​ផង​ដែរ ហើយ Frank de Boer ត្រូវ​បាន​ក្លឹប​បញ្ឈប់​ត្រឹម​តែ ៧២ ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​​កាន់​ការងារ។

គ្រូ​បង្វឹក​​ទាំង​នោះ​​មាន​ដូចជា៖ Steve Coppell, Alan Smith, Steve Coppell, Iain Dowie, Ian Holloway, Tony Pulis, Neil Warnock, Alan Pardew, Sam Allardyce, Frank de Boer និង Roy Hodgson។

៦ Aston Villa - គ្រូ​បង្វឹក ១២ នាក់

Steve Bruce គឺ​ជា​អ្នកចាត់ការ​ទី ១២ ដែល​ត្រូវ​បាន Aston Villa បណ្តេញ​ចេញ។ ក្រៅ​ពី​នោះ​មាន​ដូចជា៖ Ron Atkinson, Brian Little, John Gregory, Graham Taylor, David O'Leary, Martin O'Neill, Gerard Houllier, Alex McLeish, Paul Lambert, Tim Sherwood, Remi Garde។

៥ Sunderland - គ្រូ​បង្វឹក ១២ នាក់

Sunderland មាន​គ្រូ​បង្វឹក​ដល់​ទៅ​១២​នាក់​ត្រឹម​១៦​រដូវ​កាល​ប៉ុណ្ណោះ។ Peter Reid គឺជា​គ្រូ​បង្វឹក​ដ៏​ជោគជ័យ​បំផុត​​របស់​ក្រុម​ឆ្មា​ខ្មៅ ធ្លាប់​នាំ​ក្លឹប​​​ឡើង​ដល់​លេខ​៧​​​នៅ Premier League កាល​ពី​ឆ្នាំ ២០០០។

៤ Chelsea - គ្រូ​បង្វឹក ១៣ នាក់

ចាប់តាំង​ពី Roman Abramovich បាន​ទិញ​ក្លឹប Chelsea កាល​ពី​ឆ្នាំ ២០០៣ ក្នុង​តម្លៃ ១៤០ លាន​ផោន (១៧៨ លាន​ដុល្លារ ស្មើ​នឹង​​ចំនួន​ទឹកប្រាក់​ដែល​ Barcelona ទិញ Coutinho ពី Liverpool ប៉ុណ្ណោះ) មហាសេដ្ឋី​រុស្ស៊ី​ជះ​លុយ ធ្វើ​ឲ្យ​តោ​ខៀវ​បាន​ក្រសោប​ពាន​ធំៗ​ Premier League ៥​លើក និង Champions Leauge ១លើក ហើយ​ក្លឹប​នេះ​ក៏​​ត្រូវ​គេ​ស្គាល់​ថា បន្ទប់​គ្រូ​បង្វឹក​​ត្រូវ​គេ​រុះរើ​​ញឹកញាប់​បំផុត។

​គ្រូ​បង្វឹក​ទាំង​នោះ​មាន៖ Ian Porterfield, Glenn Hoddle, Ruud Gullit, Gianluca Vialli, Claudio Ranieri, Jose Mourinho, Avram Grant, Luiz Felipe Scolari, Carlo Ancelotti, Andre Villas-Boas, Roberto Di Matteo, Jose Mourinho, Antonio Conte។

៣ Tottenham Hotspur - គ្រូ​បង្វឹក ១៣ នាក់

Spurs ក៏​មាន​ប្រវត្តិ​បណ្ដេញ​គ្រូ​បង្វឹក​ញឹកញាប់​ផង​ដែរ ហើយ​រឿងរ៉ាវ​ដ៏​កម្រ​មួយ​ទៀត​នៅ​ក្នុង​ពិភព​បាល់ទាត់​គឺ​ Doug Livermore និង Ray Clemence គឺ​ជា​សហ​គ្រូ​បង្វឹក​​របស់ Spurs នៅ​ដើម​សករាជ​នៃ​ក្របខ័ណ្ឌ Premier League នៅ​ឆ្នាំ ១៩៩២/៩៣។

​​គ្រូ​បង្វឹក​ទាំង​នោះ​មាន៖ Doug Livermore/Ray Clemence, Ossie Ardiles, Gerry Francis, Christian Gross, George Graham, Glenn Hoddle, Jacques Santini, Martin Jol, Juande Ramos, Harry Redknapp, Andre Villas-Boas, Tim Sherwood ខណៈ​ដែល​លោក Mauricio Pochettino ធ្លាប់​បង្ហើប​ថា​លោក​នឹង​ចេញ​ពី​ក្រុម​មាន់​ខ្នាយ​មាស​បើ​ក្លឹប​ឈ្នះ Champions League។

២ Newcastle United - គ្រូ​បង្វឹក ១៤ នាក់

Kevin Keegan បាន​ក្លាយ​ទៅ​ជា​គ្រូបង្វឹក​២​ដង​សម្រាប់​ក្រុម Newcastle United ខណៈ​ដែល Alan Shearer, John Carver និង Nigel Pearson ធ្លាប់​បាន​ធ្វើ​ត្រឹម​ជា​គ្រូ​បណ្ដោះអាសន្ន​ប៉ុណ្ណោះ។

១ Southampton – គ្រូ​បង្វឹក ១៦ នាក់

គ្រូ​បង្វឹក​អចិន្ត្រៃយ៍​មិន​តិច​ជាង​១៦​នាក់​ឡើយ​​ដែល​បាន​ដឹកនាំ Southampton នៅ​ក្នុង​ក្របខ័ណ្ឌ Premier League ហើយ​នោះ​មិន​រាប់​បញ្ចូល​គ្រូ​បង្វឹក​បណ្ដោះ​អាសន្ន​ និង គ្រូ​បង្វឹក​ដែល​បាន​ដឹកនាំ Southampton អំឡុង​ក្រុម​នេះ​ធ្លាក់​ចេញ​ពី Premier League ៧​ឆ្នាំ​ចន្លោះ​ពី​ឆ្នាំ​ ២០០៥ ដល់​ឆ្នាំ ២០១២​ផង៕

អាន៖ ក្លឹប​​ដ៏​គួរ​ឲ្យ​ស្អប់​បំផុត​នៅ Premier League អ្នកគាំទ្រ​បោះ​ឲ្យ Chelsea, Liverpool និង Man Utd

អាន៖ ក្លឹបនៅ Premier League បាន​ប្រើ​វ៉ែនតា​ចារកម្ម​ប្រភេទ James Bond ដើម្បី​ផ្តួល​គូប្រជែង

ប្រភព៖ 90min   ប្រែ​សម្រួល៖ សុខ លាងហ៊ត