ទីបំផុត​ចេញ​​តម្លៃ​ទូរសព្ទ SONY អេក្រង់ 4K ចេញ​លក់​ចុង​ខែ​នេះ

  • 2019-05-19 03:35:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sony Xpeia 1 បាន​ប្រកាស​ចេញ​ក្នុង​កម្មវិធី MWC កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ ដោយ​​នៅ​ពេល​នោះ​ក្រុមហ៊ុន​មិន​បាន​ប្រាប់​អំពី​តម្លៃ​លក់ ឬ ​កាល​បរិច្ឆេទ​ចេញ​លក់​នោះ​ឡើយ។ ទី​បំផុត​តម្លៃ​របស់ Xpeia 1 ត្រូវ​បាន​បង្ហាញ​ តាម​រយៈ​ការ​បើក​ទទួល​ការ​កុម្ម៉ង់​​នៅ​ចក្រភព​អង់គ្លេស។

នៅ​ចក្រភព​អង់គ្លេស​ស្មាតហ្វូន​ប្រើ​អេក្រង់ 4K OLED នេះ មាន​តម្លៃ ៨៤៩ ផោន (ប្រមាណ​ ១ ០៧៩ ដុល្លារ) សម្រាប់​ប្រភេទ RAM ទំហំ ៦ GB អង្គ​ផ្ទុក ១២៨ GB ដែល​ចេញ​លក់​នៅ​ចុង​ខែ​ឧសភា​នេះ។

​ទីផ្សារ​បន្ទាប់​ដែល​គេ​ប្រទះ​ឃើញ​ថា​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ Xperia 1 គឺ​នៅ​​ប្រទេស​ហ្វាំងឡង់ ដែល​លក់​ជា​កញ្ចប់​ជា​មួយ​កាស​ Sony WH-1000XM3 ជា​មួយ​តម្លៃ ១ ០០០ អឺរ៉ូ (ប្រមាណ ១ ១១៦ ដុល្លារ)។ ចំណែក​នៅ​ស៊ុយអែត​វិញ​កញ្ចប់​មួយ​នេះ​មាន​តម្លៃ​ប្រមាណ​ ១ ០៣៧ ដុល្លារ។

ក្រៅ​ពី​ទីផ្សារ​ខាង​លើ​នេះ គេ​សង្កេត​ឃើញ​នៅ​សហរដ្ឋអាមេរិក​បាន​លេច​ចេញ​តម្លៃ​លក់​ Xperia 1 ដែល​នឹង​ចេញ​លក់​នៅ​ថ្ងៃ​ទី ១២ ខែ​កក្កដា ក្នុង​តម្លៃ ៩៤៩ ដុល្លារ​។

​Xperia 1 ជា​ស្មាតហ្វូន​មាន​រាង​ទ្រវែង​ដែល​មាន​អេក្រង់​ទំហំ ៦,៥ អ៊ីញ ​បង្ហាញ​រូបភាព​នៅ​កម្រិត ៣ ៨៤០ x ១ ៦៤៤ ភីកសែល គាំទ្រ​ HDR (BT.2020) អម​ប្រព័ន្ធ​សំឡេង Dolby Atmos។ កាមេរ៉ា​ ៣ គ្រាប់​នៅ​ខាង​ក្រោយ ដោយ​គ្រាប់​ទី​មួយ​មាន Sensor ទំហំ 1/2.6” ជាមួយ​មុខងារ OIS+EIS និង Dual Pixel Autofocus ខណៈ​គ្រាប់​ទី​ពីរ​ជា​ប្រភេទ Telephoto Lens 2x និង​គ្រាប់​ទី​បី​ជា Ultra-Wide Lens។

ប្រើប្រាស់​បន្ទះ​ឈីប​ជំនាន់​ចុង​ក្រោយ Qualcomm Snapdragon 855 មាន​ RAM ទំហំ 6GB អម​អង្គ​ផ្ទុក 64/128GB ជាមួយ​ការ​បន្ថែម microSD Card ដល់ 512GB។ មាន​ថាមពល​ថ្ម ៣ ៣៣០mAh ដោយ​ខ្នង​មុខ​ក្រោយ​ការពារ​ដោយ​ស្រទាប់​កញ្ចក់ Gorilla Glass 6 បន្សំ​អាវក្រោះ​ការពារ​ទឹក​ស្តង់ដារ IP68 ខណៈ​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ​លាក់​ទុក​នៅ​ចំហៀង ប៉ុន្តែ​ចែក​ដាច់​ចេញ​ពី​ប៊ូតុង Power៕

ប្រភព៖ The Verge | GSMarena   ប្រែ​សម្រួល៖ សុខហេង