សារព័ត៌មាន​អ៊ីតាលី​​ផ្សាយ​ថា Ronaldo ជា​អ្នក​នៅ​ពីក្រោយ​​ការ​បណ្ដេញ​ Allegri ចេញ

  • 2019-05-19 05:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Juventus ប្រកាស​ចែក​ផ្លូវ​គ្នា​ជាមួយ Mssimiliano​ Allegri នៅ​ដំណាច់​រដូវ​កាល​នេះ ហើយ​មូលហេតុ​មួយ​ក្នុង​ចំណោម​​ហេតុផល​ដែល​ក្លឹប​បាន​សម្រេចចិត្ត​បណ្ដេញ​​គ្រូ​បង្វឹក​​រូប​នេះ​ចេញព្រោះ​ Ronaldo មិន​គាំទ្រ​គាត់។ នេះ​បើ​តាម​សារព័ត៌មាន​អ៊ីតាលី Il Giornale ចុះ​ផ្សាយ។

ប្រភព​ខាង​លើ​បន្ត​ថា កីឡាករ​លេខ​៧​មិន​ចង់​ឲ្យ​លោក Allegri បន្ត​នៅ​ Juventus ឡើយ។ Ronaldo ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​គ្រូ​បង្វឹក។ យោង​លើ​ហេតុផល​នេះ​ ប្រធានក្លឹប​គឺ​លោក Andrea Agnelli ក៏​បាន​សម្រេច​ចិត្ត​ដក​គ្រូ​បង្វឹក​ដែល​​ធ្លាប់​ជួយ​ក្លឹប​ឈ្នះ​ពាន​ចំនួន​១១ ក្នុង​រយៈ​ពេល​៥​រដូវ​កាល (ពាន Serie A ចំនួន ៥​ដង Coppa Italia ៤​ដង និង​ Supercoppa Italia ចំនួន ២​ដង)។

សារព័ត៌មាន​ The Express របស់​អង់គ្លេស​ក៏​បាន​ផ្សាយ​ស្រដៀង​គ្នា​ដែរ​​ថា ការ​ចាកចេញ​របស់ Allegri ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ដើម​សប្តាហ៍​នេះ​ ប៉ុន្តែ​ឥឡូវ​​គ្រូ​បង្វឹក​វ័យ ៥១ ឆ្នាំ​​បាន​​ទម្លាយ​ថា​ វា​មិនមែន​ជា​ការ​សម្រេច​ចិត្ត​របស់​លោក​ឡើយ។

Allegri ​បាន​និយាយ​ថា "យើង​បាន​វាយតម្លៃ​ពី​អនាគត​ក្លឹប Juventus ជាមួយ​គ្នា ហើយ​ជាក់ស្ដែង​ក្លឹប​បាន​សម្រេចចិត្ត​យក​គោលដៅ​​ឆ្នាំ​ក្រោយ ដោយ​គ្មាន​រូប​ខ្ញុំ ប៉ុន្តែ​វា​នឹង​មិន​ផ្លាស់ប្ដូរ​អ្វី​​ច្រើន​ឡើយ"។

លោក​បន្ត​ដោយ​អួលអាក់​ថា "យើង​បាន​រីកចម្រើន​ជាមួយ​គ្នា​ ហើយ​វា​ជា​ពេល​ដ៏​ស័ក្ដិសម​​បំផុត​ដើម្បី​ចាកចេញ​ពី​ក្លឹប​ក្នុង​កាលៈទេសៈ​ល្អ​បំផុត​នេះ"។

Ronaldo បាន​បង្ហោះ​​សារ​រំជើបរំជួល​មួយ​នៅ​លើ​រូប​១​សន្លឹក​អោប​គ្នា​ជាមួយ​គ្រូ​បង្វឹក ​សរសេរ​ថា "អរគុណ លោក! យើង​នៅ​ជាមួយ​គ្នា​​បាន​តែ​១​ឆ្នាំ ប៉ុន្តែ​វា​ពិត​ជា​អស្ចារ្យ​ណាស់​ ព្រោះ​ក្រៅ​ពី​ជា​គ្រូ​បង្វឹក​ដ៏​អស្ចារ្យ លោក​គឺ​ជា​បុរស​ដ៏​អស្ចារ្យ។ វា​ពិត​ជា​សប្បាយ​ណាស់ ដែល​​បាន​ធ្វើការ​ជាមួយ​លោក! "។

Ronaldo ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​ចំណាប់​អារម្មណ៍​ចំពោះ​គ្រូ​បង្វឹក​របស់​ Napoli លោក Carlo Ancelotti ចង់​ឲ្យ​មក​ជំនួស​កៅអី​លោក Allegri ហើយ​កីឡាករ​វ័យ​៣៤​ឆ្នាំ​ក៏​ធ្លាប់​សរសើរ​អតីត​គ្រូ​បង្វឹក​ Real Madrid រូប​នេះ​បន្ទាប់​ពី​​រយៈពេល​ខ្លី​​លេង​នៅ​លីគ​អ៊ីតាលី។ ប្រភព​ខាង​លើ​បន្ថែម៕​

អាន៖ កីឡាករ​របស់​ក្លឹប Bolton មិន​ព្រម​ចូល​ទីលាន និង បាន​ធ្វើ​ការ​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល

អាន៖ Ronaldo បង្ហើប​ថា មេរៀន​របស់ Sir Alex Ferguson ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​កំពូល​កីឡាករ

ប្រភព៖ Express | Besoccer   ប្រែ​សម្រួល៖ សុខ លាងហ៊ត