តុលាការឥណ្ឌូនេស៊ី កាត់ទោសប្រហារជីវិតជនជាតិបារាំងម្នាក់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន

  • 2019-05-21 03:33:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​បារាំង​ម្នាក់ ត្រូវ​បាន​តុលាការ​ឥណ្ឌូនេស៊ី​កាត់​ទោស​ប្រហារ​ជីវិត​ក្រោយ​ពេល​ដែល​រូប​គេ​រត់​ពន្ធ​គ្រឿង​ញៀន​ចូល​មក​លើ​កោះ Lombok កាល​ពី​ឆ្នាំ​មុន។

យោង​តាម​សារព័ត៌មាន​ Aljazeera ឲ្យ​ដឹង​ថា បុរស​ជន​ជាតិ​បារាំង​ឈ្មោះ Felix Dorfin អាយុ ៣៥​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​កញ្ញា​នៅ​ព្រលាន​យន្ដហោះ​អន្តរជាតិ​នៃ​កោះ Lombok ក្រោយ​រក​ឃើញ​គ្រឿង​ញៀន​ទម្ងន់​ជាង ៣​គីឡូក្រាម​នៅ​ក្នុង​វ៉ាលី។ ជាមួយគ្នានេះ ចៅក្រម Isnurul Syamsul Arif ឲ្យ​ដឹង​ដែរ​ថា បន្ទាប់​ពី​រក​ឃើញ​ថា​លោក Felix Dorfin បាន​នាំ​ចូល​គ្រឿង​ញៀន​ខុស​ច្បាប់​ក្នុង​ប្រទេស លោក​ត្រូវ​បាន​កាត់​ទៅ​ប្រហារជីវិត បើ​ទោះ​បី​ជា​ព្រះ​រាជអាជ្ញា​ស្នើ​សុំ​បន្ធូរ​បន្ថយ​ទោស​ត្រឹម​ជាប់​ពន្ធនាគារ ២០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៧០​ម៉ឺន​ដុល្លារ​ក្ដី។ លោក Dorfin បាន​ជាប់​ពាក់ព័ន្ធ​នឹង​សមាគម​គ្រឿង​ញៀន​អន្ដរជាតិ និង​ការ​នាំ​ចូល​គ្រឿង​ញៀន​ខុស​ច្បាប់​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។

គួរ​បញ្ជាក់​ថា ឥណ្ឌូនេស៊ី​ជា​ប្រទេស​មួយ​ដែល​មាន​ច្បាប់​តឹងតែង​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿងញៀន​ដែល​រួម​មាន​ការ​ប្រហារ​ជីវិត​ដោយ​បាញ់​សម្លាប់​ផង​ដែរ។ យ៉ាង​ណាមិញ ចាប់​តាំង​ពី​ឆ្នាំ ២០១៦​មក មិន​ទាន់​មាន​អ្នក​ទោស​ណា​ម្នាក់ ត្រូវ​បាន​ប្រហារ​ជីវិត​ក្នុង​ប្រទេស​នេះ​នៅ​ឡើយ​ទេ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី