ប្រទះ​ឃើញ​អតីត​តារា​សម្ដែង និង​ពិធី​ការិនី​ទូរទស្សន៍ ដួង ជានិច្ច មាន​រូបរាង​ខុស​ប្លែក​ពី​ពេល​មុន

  • 2019-05-22 03:05:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ជា​ពិធី​ការិនី​ទូរទស្សន៍ CNC ធ្មេញ​ច្រពើស មុខ​មាន​មន្ត​ស្នេហ៍ កញ្ញា ដួង ជានិច្ច បាន​បាត់​មុខ​ប្រមាណ​២​ឆ្នាំ​ហើយ​ពី​លើ​កញ្ចក់​ទូរទស្សន៍​ទៅ​ហើយ​នោះ ម្សិលមិញ​ស្រាប់​តែ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នាង​ជា​ថ្មី នៅ​ម្ដុំ​មុខ​សាលា​ដំបូង​រាជធានី។

ខុស​ពី​សព្វ​ដង ដែល​ប្រិយមិត្ត​ធ្លាប់​តែ​ឃើញ​នាង​ក្នុង​សំលៀកបំពាក់​ធ្វើ​ការ​ជា​ពិធី​ការិនី​ទូរទស្សន៍ ប៉ុន្តែ​ម្សិលមិញ ជានិច្ច បាន​ប្រាកដ​ខ្លួន ក្នុង​សំលៀកបំពាក់​សាមញ្ញ ពោល​គឺ​ខោ​ខោវប៊យ និង​អាវ​ក​ដុប​ដៃ​វែង​មាន​ពណ៌​ខៀវ​ស្រាល ឆ្លុះ​នឹង​សាច់​ស​ខ្ចី​របស់​នាង។ មួយ​ឈុត​របៀប​យុវវ័យ​នេះ ជានិច្ច ត្រូវ​បាន​គេ​មើល​ឃើញ​ថា នៅ​តែ​មាន​សម្រស់​ស្រស់​ស្អាត។ យ៉ាង​ណា អតីត​មិត្ត​រួម​ការងារ​ជាមួយ​ស្រី​ស្អាត​រូប​នេះ អះអាង​ថា ដួង ជានិច្ច កាល​ពី​មុន​ស្អាត​ជាង។

“គាត់​នៅ​តែ​ស្អាត...តែ​បើ​មែន​ទែន​ទៅ កាល​មុន​គាត់​ស្អាត​ជាង កាល​មុន​គាត់​មាន​សាច់​ជាង​នេះ ឥឡូវ​រាង​ស្គម​ជាង​មុន​បន្តិច...អា​និច្ច បើ​ឡើង​គីឡូ​ជាង​ហ្នឹង​បន្តិច រឹត​តែ​ស្អាត!”។

កញ្ញា ដួង ជានិច្ច គឺ​ជា​អតីត​ពិធីការិនី​ទូរទស្សន៍ CNC ដែល​ធ្លាប់​ធ្វើ​ការ​ប្រមាណ​៥​ឆ្នាំ។ ក្រៅ​ពី​នេះ នាង​ក៏​ធ្លាប់​សម្ដែង​ភាពយន្ត​ខ្លះ​ដែរ​ ក្នុង​នោះ​សមិទ្ធផល​សិល្បៈ​គួរ​ចាប់​អារម្មណ៍​នោះ គឺ​នាង​ធ្លាប់​ដើរ​ជា​តួឯក​មួយ​រឿង​ជាមួយ​កំលោះ​សង្ហា ប៊ឺរី ក្នុង​រឿង "ចាំ​តែ​ខ្លាច​តើ!” របស់​ផលិតកម្ម​រ៉ក់ កាល​ពី​ឆ្នាំ ២០១៣។

ប៉ុន្តែ​បន្ទាប់​នោះ​មក នាង​ក៏​បាន​បាត់​មុខ​ឈឹង​ពី​ទូរទស្សន៍ និង​ការងារ​សិល្បៈ។ ជុំវិញ​បញ្ហា​នេះ សាមី​ខ្លួន បាន​បញ្ជាក់​ថា នាង​បាន​ឈប់​ពី​ការងារ​ប្រមាណ​ជាង ២​ឆ្នាំ​មក​ហើយ ក្រោយ​ពី​នាង​ត្រឡប់​មក​ពី​បរទេស​វិញ។ ចំពោះ​មូលហេតុ ជានិច្ច បញ្ជាក់​ខ្លី​ថា ដោយ​សារ​តែ​នាង​មាន​ការងារ​ខ្លួន​ឯង​ត្រូវ​បំពេញ​ដែរ គឺ​ការងារ​ពាក់​ព័ន្ធ​នឹង​អចលនទ្រព្យ។

វិល​មក​វត្តមាន​របស់​នាង នៅ​បរិវេណ​សាលា​ដំបូង​រាជធានី​នៅ​រសៀល​ម្សិលមិញ​នេះ មាន​ដំណឹង​ថា ជានិច្ច មាន​ពាក់​ព័ន្ធ​នឹង​ករណី​បណ្ដឹង​មួយ​ជាមួយ​ភាគី​ម្ខាង​ទៀត។ យ៉ាង​ណា នារី​វ័យ ៣២​ឆ្នាំ​រូប​នេះ សុំ​មិន​អធិប្បាយ​លម្អិត​ទេ៕

អត្ថបទ៖ ទារិកា