ក្រុមហ៊ុន​ទូរសព្ទ ២ ចង់​តតាំងជាមួយ Android ប៉ុន្តែ​បរាជ័យ​​យ៉ាង​ដំណំ

  • 2019-05-22 03:08:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​​​ក្នុង​ឆ្នាំ ២០០៨ ក្រុមហ៊ុន​ Google បាន​បញ្ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​លើ​ទូរសព្ទ​ដំបូង​របស់​ខ្លួន ដែល​បាន​ប្រើ​ឈ្មោះ​ថា​ Android មួយ​ឆ្នាំ​ក្រោយ​ពី Apple បញ្ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS។ កកើត​ដំបូង​ Android មាន​គូ​ប្រជែង​ខ្លាំងៗ​ជា​ច្រើន​ដូច​ជា​ Symbian របស់​ Nokia ដែល​វាយ​លុក​ទីផ្សារ​ខ្លាំង និង BlackBerry OS ជា​ដើម។

យ៉ាងណាក្ដី​នៅ​ឆ្នាំ​ ២០១១ ប្រព័ន្ធ​ Android បាន​រីក​លូតលាស់​ធំ​ឡើងៗ រហូត​ក្លាយ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ពេញ​និយម​បំផុត​មួយ​លើ​ស្មាតហ្វូន និង​នៅ​តែ​ខ្លាំង​មក​ទល់​បច្ចុប្បន្ន​នេះ។ ការ​រីក​ចម្រើន​របស់​ Android គឺ​ដោយ​សារ​​ប្រព័ន្ធ​នេះ​បើក​ចំហ​ដល់​ក្រុមហ៊ុន​ស្មាតហ្វូន​ដទៃ​ទៀត ដែល​ត្រូវ​ការ​វា ដូច​ជា​ Samsung, HTC និង LG ជា​ដើម។

យ៉ាងណា​ក៏​ដោយ មាន​ក្រុមហ៊ុន​មួយ​ចំនួន​មិន​ព្រម​ចាប់​​ដៃ​ជា​មួយ​ Android នោះ​ឡើយ​ ដោយ​ព្យាយាម​​អភិវឌ្ឍ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ខ្លួន ឬ បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ដើម្បី​ប្រជែង​នឹង​ Google។ ​

ក្រោយ​ពី​ការ​ព្យាយាម​ពង្រឹង​ប្រព័ន្ធ​ប្រតិបត្តិការ​ Symbian ហើយ​មិន​បាន​ផល​គាប់​ប្រសើរ​ Nokia ក៏​សម្រេច​លក់​ជំនួញ​ខ្លួន​ឲ្យ​​ Microsoft ​និង​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows Phone ជំនួស​វិញ។ ទោះ​យ៉ាង​ណា​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​ក៏​មិន​បាន​​លទ្ធផល​ល្អ​ប៉ុន្មាន​ដែរ ដែល​ធ្វើ​ឲ្យ​ជំនួញ​​​ម៉ាក​ទូរសព្ទ​​ Nokia ដាំ​ក្បាល​ចុះ។

រឹង​ទទឹង​លែង​បាន​ Nokia ក៏​សម្រេច​ចិត្ត​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ជា​លើក​ដំបូង​នៅ​ឆ្នាំ ២០១៤ ដោយ​ចាប់​ផ្ដើម​ជា​មួយ​ Nokia X Series ដោយ​​មាន​ការ​ផ្លាស់​ប្ដូរ​ Interface ឲ្យ​ស្រដៀង​នឹង​ Windows Phone។ Nokia X Series មិន​បាន​ជួយ​ឲ្យ​ជំនួញ​រីក​ចម្រើន​ បែរ​ជា​ធ្វើ​ឲ្យ​​ជួប​វិបត្តិ​ និង​សម្រេច​លក់​បន្ត​ឲ្យ​ក្រុមហ៊ុន​ HMD Global កាន់​កាប់​ម៉ាក Nokia នេះ​វិញ។

ស្រដៀង​នឹង​ Nokia ដែរ BlackBerry បាន​សម្រេច​ចិត្ត​ប្រកួត​នឹង​ Android និង iOS ជា​មួយ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ​ BlackBerry របស់​ខ្លួន​ ប្រើ​ជា​មួយ​ទូរសព្ទ BlackBerry Touch Series ដែល​ចេញ​ឆ្នាំ ២០១០។ ប៉ុន្តែ​ទូរសព្ទ​នេះ​មិន​អាច​ប្រកួត​ប្រជែង​នឹង​ iPhone 4, Motorola Droid X ឬ HTC Evo ដែល​ចេញ​ដំណាល​គ្នា​បាន​នោះ​ទេ។

នៅ​ឆ្នាំ ២០១៣ ក្រុមហ៊ុន​សម្រេច​ធ្វើ​ការ​កែប្រែ​ប្រព័ន្ធ​ប្រតិបត្តិការ​​របស់​ខ្លួន ដោយ​​ឲ្យ​ឈ្មោះ​ថា​​ BlackBerry 10។ ប្រព័ន្ធ​ថ្មី​នេះ​អាច​ដំឡើង​កម្មវិធី​ Android ពី​ខាង​ក្រៅ​បាន​ ប៉ុន្តែ​ដំណើរ​ការ​រាង​ស្មុគស្មាញ​ និង​​មិន​សូវ​ដំណើរ​ការ​ស្រួល ហើយ​ក្រុមហ៊ុន​ក៏​បិទ​ប្រព័ន្ធ​នេះ​ចោល​នៅ​ឆ្នាំ ២០១៦។ ក្រោយ​មក​ទៀត​ BlackBerry បាន​ផ្លាស់​ប្ដូរ​ម្ចាស់​ ដោយ​​ប្រើ​ Android ជំនួស​វិញ ដែល​បាន​បង្កើន​ចំនួន​លក់​ និង​ទាក់ទាញ​អ្នក​ប្រើ​បាន​ច្រើន។

​ងាក​មក​ Samsung វិញ​ទទូល​បាន​ជោគជ័យ​​ក៏​ដោយ​សារ​ការ​ប្រើ​ប្រាស់​ Android នេះ​ដែរ ប៉ុន្តែ​ក្រុមហ៊ុន​ក៏​គិត​ចង់​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ Google ផង​ដែរ។ នៅ​ឆ្នាំ ២០០៩ ក្រុមហ៊ុន​បាន​បញ្ចេញ​ទូរសព្ទ​ម៉ូដែល​ Waves ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Bada ដែល​បង្កើត​ដោយ​ខ្លួន​ឯង។ នៅ​ឆ្នាំ ២០១៣ ក្រុមហ៊ុន​បាន​បន្ត​បញ្ចេញ​ស្មាតហ្វូន​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Tizen ដំណាល​គ្នា​ជា​មួយ​នឹង​ស្មាតហ្វូន​ប្រើ​ Android។

យ៉ាងណាក្ដី​​ស្មាតហ្វូន​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​​ Tizen មិន​ជា​សូវ​ទទួល​បាន​ការ​ស្វាគមន៍​ពី​ទីផ្សារ​ប៉ុន្មាន​ឡើយ ហេតុ​នេះ​ទើប​ Samsung ផ្ដោត​​លើ​ស្មាតហ្វូន​ Android ​ជំនួស​វិញ។ ប៉ុន្តែ​ចំពោះ​ Smart Watch និង Smart TV របស់​ Samsung គឺ​ប្រើ​ប្រាស់​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​​ Tizen​ ដោយ​មិន​ពឹង​ផ្អែក​លើ​ Google ដូច​ក្រុមហ៊ុន​ដទៃ​ឡើយ។

​បច្ចុប្បន្ន​នេះ​ Android មាន​​ទីផ្សារ​ ៨៥% ​និង​សេស​សល់​ ១៥% គឺ​ជា​ចំណែក​របស់​ iOS ហើយ​គ្មាន​សេស​សល់​ចំណែក​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ដទៃ​ឡើយ។ នេះ​ផ្អែក​តាម​ទិន្នន័យ​របស់​​ក្រុមហ៊ុន​ស្រាវជ្រាវ​ IDC៕

ចុចអាន៖

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង