មេ ONE ប្រកាស​ឲ្យ​ Petchmorakot និង Petrosyan ប្រកួត​​ឡើង​វិញ ដោយ​សារ​មើល​ឃើញមិន​ប្រក្រតី

  • 2019-05-23 02:52:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Chatri Sityodtong ប្រធាន និងជា​នាយកប្រតិបត្តិ ONE Championship បាន​ប្រកាស​ថា លទ្ធផល​នៃ​ការប្រកួត​វគ្គ​ ៨នាក់​ចុងក្រោយ​នៃកម្មវិធី​ដណ្ដើម​ប្រាក់​១លាន​ដុល្លារ ONE Featherweight Kickboxing World Grand Prix រវាង​អ្នកប្រដាល់ថៃ Petchmorakot Petchyindee Academy និង​អ្នកប្រដាល់​អ៊ីតាលី Giorgio Petrosyan ត្រូវ​ទុក​ជា​មោឃៈ ហើយ​កីឡាករ​ទាំង២ ត្រូវ​ប្រកួត​គ្នា​ជាថ្មី។

Petrosyan ម៉ាត់​មុខ​ Petchmorakot (រូបភាព៖ ONE Championship)

សូមបញ្ជាក់ថា Petchmorakot បាន​យកឈ្នះ Petrosyan ដោយ​ពិន្ទុ​មិន​ឯកច្ឆ័ន្ធ នា​ការប្រកួត​ដែល​ធ្វើ​ឡើង​ក្នុង​ព្រឹត្តិការណ៍ ONE: ENTER THE DRAGON កាលពី​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ។ លទ្ធផល​នេះ បាន​បង្ក​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ច្រើន​ សូម្បី​តែ​លោក Chatri ក៏​បាន​បង្ហាញ​អារម្មណ៍​ដូចគ្នា​នេះ នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ដែរ។

នៅ​ថ្ងៃ​ទី២២ ខែឧសភា​ម្សិលមិញនេះ លោក Chatri បាន​ប្រកាស​ថា៖ "ONE Championship បាន​ធ្វើ​ការ​ត្រួតពិនិត្យ​ពិន្ទុ​ដ៏​ចម្រូងចម្រាស​រវាង Petrosyan និង Petchmorakot នៅ​ ONE: ENTER THE DRAGON ប្រទេ​សសិង្ហបុរីឡើង​វិញ។ ដើម្បី​ឲ្យស្មើភាព​គ្នា​សម្រាប់​គ្រប់ភាគី គណៈកម្មការ​រៀបចំ​ការប្រកួត​របស់ ONE បាន​សម្រេច​ចាត់ទុក​លទ្ធផល​នៃការប្រកួត​នោះ​ជា​មោឃៈ (no contest)។ អាជ្ញាកណ្ដាល​ មិន​បាន​ទប់ស្កាត់​ការ​វាយ​ខុស​លក្ខន្តិកៈ​នៅ​ក្នុង​ការប្រកួត​នោះ ដែល​ធ្វើ​ឲ្យរំខាន​ដល់​ការ​ប្រកួត​ម្ដង​ជា​ពីរ​ដង"។

លោក Chatri បាន​បន្ថែម​ថា៖ "ការ​ប្រកួត​ឡើង​វិញ​ ត្រូវ​បាន​ធ្វើ​ឡើង ហើយ​អ្នក​ឈ្នះ​នឹង​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ដើម្បី​បន្ត​ប្រជែង​យក​ប្រាក់​១លាន​ដុល្លារ​នៃ ONE Featherweight Kickboxing World Grand Prix"។

អាជ្ញាកណ្ដាល​លើ​ដៃ ឲ្យ Petchmorakot ឈ្នះ Petrosyan (រូបភាព៖ ONE Championship)

សូមបញ្ជាក់ថា កីឡាករ ៣រូប​ទៀត ដែល​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ រួមមាន៖ កីឡាករ​រុស្ស៊ី Dzhabar Askerov (ឈ្នះកីឡាករ​អាល្លឺម៉ង់ Enriko Kehl), អ្នកប្រដាល់ថៃ Jo Nattawut (ឈ្នះ​កីឡាករ​អ៊ុយក្រែន Sasha Moisa) និង​កីឡាករ​បារាំង Samy Sana (ឈ្នះអ្នកប្រដាល់ថៃ Yodsanklai)។ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ គឺ Dzhabar Askerov ជួប Samy Sana ឯ Jo Nattawut រង់ចាំអ្នកឈ្នះរវាង Petrosyan និង Petchmorakot៕

ទស្សនា​វីដេអូ​នៃការប្រកួត​រវាង Petchmorakot និង Petrosyan៖

ចុចអាន៖ កំណត់ត្រា​មិន​ចាញ់ ៨ឆ្នាំ​របស់ Yodsanklai ត្រូវ​ចប់ ឯ​លុយ​ ១លាន​ដុល្លារ​ក៏អស់​ឱកាស​យក

អត្ថបទ៖ ហេង សុធារិទ្ធិ