សហព័ន្ធ​កីឡា​សិស្ស​ និស្សិត​ ប្រជុំ​បូកសរុប​ការងារ​ឆ្នាំ​ចាស់​ និង​លើក​ទិសដៅ​៧ចំណុចឆ្នាំ​ថ្មី​

  • 2019-05-23 07:17:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​សិស្ស​ និស្សិត​ បាន​ធ្វើ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​ចាស់​ និង​លើក​ទិសដៅ​សំខាន់ៗ​សម្រាប់​អាណត្តិ​ថ្មី​ព្រឹក​មិញ​នេះ​នៅ​ឯ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ថ្មី​ ដោយ​អធិបតីភាព​ឯកឧត្ដម​ ស​ សុខា។​

រូបភាពអគ្គនាយដ្ឋានកីឡា

ឯកឧត្ដម​ ស​ សុខា​ ប្រធាន​សហព័ន្ធ​សិស្ស​ និស្សិត​ និង​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ​ បាន​ឲ្យ​ដឹង​ថា​ គាំទ្រ​ចំពោះ​ការ​លើក​ឡើង​ពី​ទិសដៅ​អនុវត្ត​ការងារ​បន្ត​សម្រាប់​អាណត្តិ​ថ្មី​នេះ​ ដែល​ក្នុង​នោះ​មាន៖​

-​ ពង្រីក​ និង​ពង្រឹង​សមាគម​សិស្ស​ និស្សិត​ តាម​គ្រឹះស្ថាន​សិក្សា​ចូល​ជា​សមាជិក​ឲ្យ​បាន​ច្រើន។​

-​ ស្នើ​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ មន្ទីរ​អប់រំ​ យក​ចិត្ត​ទុកដាក់​ និង​ជំរុញ​សមាគម​កីឡា​សិស្ស​ និស្សិត​ឲ្យ​ធ្វើ​ការ​ហ្វឹកហាត់​កីឡា​ក្រៅ​ម៉ោង​ និង​ចូលរួម​ប្រកួត​ប្រជែង​ឲ្យ​បាន​ផុលផុស។​

-​ ស្នើ​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ មន្ទីរ​អប់រំ​ ពង្រឹង​ការ​ជ្រើសរើស​កីឡាករ​ កីឡា​ការិនី​ ឲ្យ​សមស្រប​ទៅ​និង​បច្ចេកទេស​ក្នុង​ការ​ចូលរួម​ប្រកួត​ប្រជែង​កម្មវិធី​សិស្ស​ និស្សិត។​

-​ សហការ​ជា​មួយ​សហព័ន្ធ​កីឡា​ជាតិ​បង្កើត​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​ជំនាញ​តាម​គ្រឹះស្ថាន​សិក្សា។​

-​ កៀរគរ​សប្បុរសជន​ និង​ដៃគូ​ឯកជន​ ដើម្បី​ជួយ​គាំទ្រ​សកម្មភាព​កីឡា​សិស្ស​ និស្សិត។​

-​ ពង្រឹង​គុណភាព​ និង​ប្រសិទ្ធភាព​នៃ​ការ​ប្រកួត​កីឡា​សិស្ស​ និស្សិត​ថ្នាក់​ជាតិ។​

-​ លើក​ទឹក​ចិត្ត​គ្រឹះស្ថាន​សិក្សា​ដែល​ធ្វើ​សកម្មភាព​កីឡា​ និង​ជម្រើស​រើស​គ្រឹះស្ថាន​ឆ្នើម​ឲ្យ​ទៅ​ចូលរួម​ការ​ប្រកួត​សិស្ស​ និស្សិត​លក្ខណៈ​អន្តរជាតិ។​

រូបភាពអគ្គនាយដ្ឋានកីឡា

ប្រធាន​សហព័ន្ធ​ខាង​លើ​ ក៏​ស្តត​លើ​បញ្ហា​ប្រឈម​នា​ពេល​កន្លង​មក​នេះ​ចំនួន​៤​ផង​ដែរ​ ទី១​ សូម​ឲ្យ​សមាជិក​របស់​សហព័ន្ធ​ទាំង​អស់​បន្ត​ជួយ​ផ្សព្វផ្សាយ​ ដើម្បី​ឲ្យ​មាន​សមាជិក​កាន់​តែ​ច្រើន​ពី​គ្រឹះស្ថាន​រដ្ឋ​ និង​ឯកជន។​ ព្រោះ​បច្ចុប្បន្ន​នេះ​នៅ​មាន​ចំនួន​តិច​មែនទែន។​ ទី២​ សូម​ចាត់តាំង​ការ​ហ្វឹកហាត់​ក្រៅ​ម៉ោង​សិក្សា​ឲ្យ​បាន​ត្រឹមត្រូវ​ និង​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ​ បង្កើត​ឲ្យ​មាន​ក្លឹប​ផ្សេងៗ​ដើម្បី​ជ្រើសរើស​បាន​អ្នក​មាន​សមត្ថភាព។​ ទី៣​ សូម​ជ្រើសរើស​កីឡាករ​ កីឡា​ការិនី​ឲ្យ​មាន​តម្លាភាព​ គុណភាព​ ដើម្បី​កុំ​ឲ្យ​កីឡាករ​មាន​សមត្ថភាព​ពិត​បាក់​ទឹក​ចិត្ត។​ ទី៤​ មន្ត្រី​សហព័ន្ធ​ត្រូវ​មាន​របាយការណ៍​ច្បាស់​លាស់​ ដើម្បី​ស្នើ​ទៅ​សហព័ន្ធ​កីឡា​ជាតិ​នានា​បង្កើត​ឲ្យ​មាន​វគ្គ​សិក្សា​ខ្លី​ៗ​ដើម្បី​ពង្រឹង​បន្ថែម។​

រូបភាពអគ្គនាយដ្ឋានកីឡា

រំលឹក​ដែរ​ថា​ កម្មវិធី​សន្និបាត​បូក​សរុប​ការងារ​ និង​លើក​ទិសដៅ​អនុវត្ត​អាណត្តិ​ថ្មី​របស់​សហព័ន្ធ​កីឡា​សិស្ស​ និស្សិត​ នេះ​ធ្វើ​ឡើង​កាល​ពី​ព្រឹក​មិញ​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ថ្មី​ជាប់​ពហុ​កីឡដ្ឋាន​ជាតិ។​ ក្រោម​អធិបតីភាព​ឯកឧត្ដម​ ស​ សុខា​ ប្រធាន​សហព័ន្ធ​ មន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​មួយ​ចំនួន​ រួម​ទាំង​លោក​គ្រូ​ អ្នក​គ្រូ​មក​ពី​បណ្ដាល​ខេត្ត​មួយ​ចំនួន​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម