ល្អ​ណាស់! Angkor Tiger ​ឆ្នាំ​ក្រោយ ​អាច​នឹង​ប្រើ​កីឡដ្ឋាន គិរី​ដង​រែក ​មាន​ស្តង់ដារ​ខ្ពស់

  • 2019-05-23 07:25:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Angkor Tiger ​មាន​គម្រោង​ផ្លាស់​ប្ដូរ​កីឡដ្ឋាន​ដែល​ប្រើ​សព្វ​ថ្ងៃ​នេះ​ហើយ ​ដោយ​អាច​នឹង​ប្រើ​កីឡដ្ឋាន​ថ្មី​នៅ​ទឹក​ដី​សៀមរាប​ដដែល គឺ កីឡដ្ឋាន​របស់​ក្រុម​គិរី​ដង​រែក ដែល​កំពុង​សាងសង់។

លោក ​Akihiro Kato ​ម្ចាស់​ក្លឹប Angkor Tiger ​បាន​បញ្ជាក់​ថា​លោក​កំពុង​ពិចារណា​ក្នុង​ការ​ប្រើ​កីឡដ្ឋាន​ផ្សេង ​ក្រៅ​ពី​កីឡដ្ឋាន​ស្វាយ​ធំ​ហើយ។ ការ​ប្ដូរ​ទឹក​ដី​នេះ គឺ​ដោយសារ​តែ​កីឡដ្ឋាន​ស្វាយ​ធំ ​ទីលាន​មិន​ស្អាត​ត្រូវ​ស្ដង់ដារ​ឡើយ ហើយ​មួយ​វិញ​ទៀត វា​នៅ​ឆ្ងាយ​ពី​ទី​ប្រជុំ​ជន ​ពិបាក​ក្នុង​ការ​ឱ្យ​អ្នក​គាំទ្រ​ទៅ​ចូល​រួម​ទស្សនា​ណាស់។

សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ ​ជន​ជាតិ​ជប៉ុន​ខាង​លើ​នេះ ​មាន​ជម្រើស​ដល់​ទៅ​៣​ឯ​ណោះ​ក្នុង​ការ​ជ្រើស​រើស​យក​កីឡដ្ឋាន​ធ្វើ​ជា​ទឹក​ដី។ ​ជម្រើស​ទាំង​៣​នោះ​រួម​មាន ទី​១ ប្រើ​កីឡដ្ឋាន​ចាស់ ស្វាយ​ធំ​ដដែល ​ទី​២ ប្រើ​កីឡដ្ឋាន​របស់​គីរី​ដង​រែក ​ដែល​កំពុង​សាងសង់ ​ដោយ​ក្លឹប​គីរី​ដង​រែក​ផ្ទាល់​តែ​ម្ដង​និង​គ្រោង​រួច​រាល់​ឆាប់​ៗ​នេះ​។ ទី​៣ ​គឺ​ទីលាន​បាល់​ទាត់​របស់ Palm Container ដែល​កំពុង​សាងសង់​ដែរ។

បើ​តាម​ការ​បញ្ជាក់​របស់​បុរស​ដែល​ចំណាយ​លុយ​៦០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដើម្បី​ទ្រ​ទ្រង់​ក្លឹប Tiger ​ខាង​លើ ​លោក​មាន​ចំណាប់​អារម្មណ៍​លើ​កីឡដ្ឋាន​គីរី​ដង​រែក​ខ្លាំង ព្រោះ​ទី​នោះ​នៅ​ជិត​ប្រជុំ​ជន ​ហើយ​ជា​ទីលាន​ស្ដង់ដារ​អន្តរជាតិ​តែ​ម្ដង។

កីឡដ្ឋានគីរីដងរែក
កីឡដ្ឋាននៅ Palm Container

ចង់​ដឹង​សម្ដី​លម្អិត​របស់​លោក Akihiro ​យ៉ាង​ណា ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​ទាក់ទង​នឹង​កីឡដ្ឋាន​ថ្មី​របស់​ក្រុម Angkor Tiger ៖

អត្ថបទ៖ មុន្នីរម្យ