នៅ​យប់​ចុង​ក្រោយនៃ​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក ព្រាប សុវត្ថិ នៅ​តែ​ធ្វើ​ឲ្យ​នារី​ៗ​ជ្រួល​ច្របល់

  • 2019-05-28 02:56:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា​វ័យ​រាង​ជ្រេ​បន្តិច ប៉ុន្តែ​តារា​ចម្រៀង ព្រាប សុវត្ថិ ត្រូវ​បាន​គេ​មើល​ឃើញ​ថា នៅ​មាន​រូបរាង​ស្រស់​សង្ហា ពោល​គឺ​នៅ​តែ​មាន​ការ​គាំទ្រ​ខ្លាំង​ពី​អ្នក​គាំទ្រ​វ័យ​កណ្ដាល ពិសេស​នារី​តែ​ម្ដង ដូច​ក្នុង​វីដេអូ​ការ​សម្ដែង​ចុង​ក្រោយ​របស់​លោក​នៅ​សហរដ្ឋ​អាមេរិក។

លោក ព្រាប សុវត្ថិ បាន​បញ្ចប់​បេសកកម្ម​សិល្បៈ​រយៈ​ពេល ២​ខែ​នៅ​សហរដ្ឋ​អាមេរិក​ហើយ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ទី ២៦ ឧសភា កន្លង​ទៅ​នេះ ដែល​បេសកកម្ម​របស់​លោក​បាន​ធ្វើ​ឡើង​នៅ ទី​ក្រុង​ឡូវ៉ែល​ជាមួយ​នឹង​ការ​គាំទ្រ​ខ្លាំង​មិន​ចាញ់​ការ​ប្រគំ​តន្ត្រី​បើក​ឆាក​របស់​លោក​នៅ​កាស៊ីណូ Foxwoods នោះ​ឡើយ ក្នុង​នោះ​តាម​ព័ត៌មាន សំបុត្រ​ចំនួន​ពាក់​កណ្ដាល ត្រូវ​លក់​អស់​តាំង​ពី​មុន​ការ​សម្ដែង​ចាប់​ផ្ដើម​ប្រមាណ​១​សប្ដាហ៍​ឯណោះ។

វិល​មក​ទិដ្ឋភាព​ជាក់​ស្ដែង​ក្នុង​ថ្ងៃ​បេសកកម្ម​ចុង​ក្រោយ​របស់​ឪពុក កូន ព្រាប សុវត្ថិ វិញ គឺ​មាន​អ្នក​ចូល​ទស្សនា​ពេញ​តែ​ម្ដង។ នៅ​ក្នុង​រាត្រី​នោះ នៅ​ចុង​ក្រោយ លោក ព្រាប សុវត្ថិ មិន​បាន​លើក​យក​បទ​ចម្រៀង​ខ្លួន​ឯង​មក​ច្រៀង​ទេ ប៉ុន្តែ​បាន​យក​បទ​របស់​លោក ហួរ ឡាវី មក​ច្រៀង​វិញ​ម្ដង ដែល​បទ​នោះ​មាន​ចំណង​ជើង​ថា "ស្គាល់​តែ​ក្លិន​មិន​បាន​ខ្លួន"។

លោក ព្រាប សុវត្ថិ បាន​ប្រើ​ទេពកោសល្យ​សិល្បៈ​របស់​ខ្លួន បង្កើត​ស្ទីល​នៃ​ការ​ប្រើ​ប្រាស់​សំឡេង​ក្នុង​បទ​ចម្រៀង​មួយ​បទ​នេះ ស្ដាប់​ទៅ​កាន់​តែ​ទាក់​ទាញ។ ងាក​ទៅ​មើល​អ្នក​គាំទ្រ​ឯណោះ​វិញ ពិសេស​នារី​ៗ​តែ​ម្ដង នៅ​តែ​ពេញ​ចិត្ត​ការ​សម្ដែង និង​ទេពកោសល្យ​របស់​តារា​ចម្រៀង​ជួរ​មុខ​របស់​កម្ពុជា​រូប​នេះ ពោល​គឺ​នៅ​តែ​គាំទ្រ​ខ្លាំង​តែ​ម្ដង បើ​ទោះ​ការ​គាំទ្រ​មួយ​ផ្នែក​ត្រូវ​ចែក​ទៅ​ឲ្យ​កូន​ៗ​ទាំង​៣​របស់​លោក​ក៏​ដោយ។

អតីត​តារា​សម្ដែង សុភា ដេវីដ និង​សុវត្ថិ មុន្នីវណ្ណ(រូបភាព៖ ហ្វេសប៊ុក ហង្ស ឈា)

លោក ស្នាយ ឬ​ព្រាប សុវត្ថិ រួម​ទាំង​កូន​ទាំង ៣ និង​ក្រុម​ភ្លេង​របស់​លោក​ផង បាន​ចេញ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី ២១ មីនា ២០១៩ ក្រោម​ការ​ឧបត្ថម្ភ​របស់​លោក ហង្ស ឈា សុភា ដេវីដ រួម​ជាមួយ Rising Star Entertainment។ លោក​ទើប​បញ្ចប់​ការ​សម្ដែង​២ខែ​នៅ​សហរដ្ឋ​អាមេរិក ត្រឹម​យប់​ថ្ងៃ​អាទិត្យ កន្លង​ទៅ​នេះ។ ចំពោះ​ដំណើរ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ពេល​ណា លោក ហង្ស ឈា បញ្ជាក់​ថា មិន​ទាន់​មាន​កាល​បរិច្ឆេទ​ច្បាស់​លាស់​នៅ​ឡើយ ដោយ​សារ​តែ តារា​ចម្រៀង​ចង់​សម្រាក​កាយ​បន្តិច​សិន មុន​ហោះ​មក​កម្ពុជា​វិញ៕

តោះ...ទស្សនា ព្រាប សុវត្ថិ ថ្ងៃ​ចុង​ក្រោយ​នៅ​អាមេរិក​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា