​លុយ​ៗ! ​Real ​ត្រូវ​ចាយ​ ១,២​លាន​ផោន​ក្នុង​១​សប្ដាហ៍ ​ទើប Neymar ​ព្រម​លេង​ឱ្យ​

  • 2019-05-28 05:21:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ប្រភព​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា Real Madrid ​នឹង​ត្រូវ​ចំណាយ​ប្រមាណ​១,២​លាន​ផោន​ក្នុង​១​សប្ដាហ៍ ទើប​ខ្សែ​ប្រយុទ្ធ Neymar ​ព្រម​ទៅ​លេង​ឱ្យ​នៅ​អេស្ប៉ាញ​។

ក្រុម​ Real Madrid ​កំពុង​ប្រមាញ់​ខ្សែ​ប្រយុទ្ធ​មក​ពង្រឹង​ក្រុម​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ។ ក្នុង​នោះ​ដែរ Neymar ​ជា​បេក្ខភាព​ដែល​លោក Perez ​ប្រធាន​ក្លឹប​ចង់​បាន​ជា​យូរ​មក​ហើយ ពោល​គឺ​តាំង​ពី​រូបគេ​បាន​ចាកចេញ​ពី Barcelona ​ទៅ PSG ​រដូវ​កាល​ដំបូង​ម្ល៉េះ។ តែ​ផ្ទុយ​ទៅ​វិញ ​ក្រុម PSG ​តែងតែ​បដិសេធ​ក្នុង​ការ​លក់​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​នេះ​រហូត ​ទោះ​តម្លៃ​ប៉ុន្មាន​ក៏​ដោយ។

រដូវ​កាល​នេះ Neymar ​មិន​បាន​លេង​ច្រើន​ឱ្យ PSG ​នោះ​ទេ ​ដោយសារ​របួស ​ហើយ​រូបគេ​ក៏​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ជាមួយ​មិត្ត​រួម​ក្រុម​ផង​ដែរ ​មួយ​រយៈ​ចុង​ក្រោយ។ កត្តា​នេះ ​បាន​ធ្វើ​ឱ្យ​មាន​មតិ​ជា​ច្រើន​ពិភាក្សា​ពី​អនាគត​របស់​គេ​នៅ PSG ​សម្រាប់​រដូវ​កាល​ថ្មី។ ​DailyMail ​បាន​ចុះ​ផ្សាយ​នៅ​មុន​នេះ​ថា ​ក្រុម Real Madrid ​នៅ​តែ​មាន​ឱកាស​យក​បាន Neymar ​ដដែល ប៉ុន្តែ​ការ​ចំណាយ​ប្រាកដ​ជា​ច្រើន​មិន​ខាន។

ប្រភព​បាន​បន្ដ​ទៀត​ថា ​ក្រុម Real Madrid ​ត្រូវ​ចំណាយ​យ៉ាង​តិច​១,២​លាន​ផោន​ក្នុង​១​សប្ដាហ៍​ទើប​អាច​នាំ​យក​កំពូល​ខ្សែ​ប្រយុទ្ធ​ខាង​លើ​បាន។ ដោយ​នេះ​គ្រាន់​តែ​ជា​ប្រាក់​ពលកម្ម​របស់​គេ​ប៉ុណ្ណោះ ​នៅ​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​ពី PSG ​ផ្សេង​ទៀត៕

អត្ថបទ៖ មុន្នីរម្យ