ត្បូង​ឃ្មុំ​ឈ្នះ​ពាន Hun Sen Cup ថ្នាក់​ខេត្ត​ដោយ​កំណត់ត្រាមិនចាញ់សោះ

  • 2019-05-29 12:59:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើសខេត្ត​ត្បូង​ឃ្មុំ​បាន​​ក្លាយ​ជា​ជើង​ឯក​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន (Hun Sen Cup)​ថ្នាក់​ខេត្ត​ប្រចាំ​ឆ្នាំ​២០១៩​ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​ខេត្ត​ជម្រើសសៀមរាប​ដោយ​លទ្ធផល​ ១-០ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ ខណៈ​ចំណាត់​ថ្នាក់​លេខ​៣​បាន​ទៅ​ក្រុម​ខេត្ត​រតនគីរី។

ក្រុម​ខេត្ត​ត្បូងឃ្មុំ

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​រវាង​ក្រុម​ខេត្ត​សៀមរាប​ និង​ខេត្ត​ត្បូង​ឃ្មុំ​ជួរ​ចិត្ត​យ៉ាង​ខ្លាំង​​នៅ​វគ្គ​ទី​១​ដោយ​ក្រុម​នីមួយ​ៗ​សុទ្ធ​តែ​មាន​ឱកាស​វាយ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក​ ប៉ុន្តែ​គ្មាន​គ្រាប់​បាល់​កើត​ឡើង។ អ្វី​ដែល​ជា​រឿង​មិន​ល្អ​សម្រាប់​ខេត្ត​សៀមរាប​គឺ​កីឡាករ​ម្នាក់​ទទួល​បាន​កាត​ក្រហម​​ចេញ​ពី​ទី​លាន​ដែល​ត្រូវ​លេង​១០​នាក់​ប៉ុណ្ណោះ​ទល់​នឹង​ខេត្ត​ត្បូង​ឃ្មុំ​១១​នាក់។

នៅ​វគ្គ​ទី​២​ដោយ​មាន​អំណោយ​ផល​សមាជិក​ច្រើន​ជាង​ ខេត្ត​ត្បូង​ឃ្មុំ​​បាន​ទម្លាយ​សំណាញ់​ទី​​របស់​ខេត្ត​សៀមរាប​បាន​សម្រេច​ដើម្បី​នាំ​មុខ​ ១-០ នៅ​ដើម​វគ្គ​ទី​២។ បន្ទាប់​ពី​ត្រូវ​បាន​ដៃ​គូ​នាំ​មុខ​ ខេត្ត​សៀមរាប​បាន​ព្យាយាម​ដាក់​សម្ពាធ​ខ្លាំង​ ខណៈ​ខេត្ត​ត្បូង​ឃ្មុំ​បាន​ប្រឹង​ការពារ​ និង​វាយ​បក​​វិញ​ប្រកប​ដោយ​គ្រោះ​ថ្នាក់។ យ៉ាង​ណា​លទ្ធផល​ ១-០ រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត។

ក្រុម​ខេត្ត​សៀមរាប

ដូច្នេះ​ក្រុម​ជើង​ឯក​ថ្នាក់​ខេត្ត​បាន​ទៅ​ក្រុម​ខេត្ត​ត្បូង​ឃ្មុំ ហើយ​ខេត្ត​សៀមរាប​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២។ ចំពោះ​ចំណាត់​ថ្នាក់​លេខ​៣​បាន​ទៅ​ក្រុម​ខេត្ត​រតនគីរី​ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​ខេត្ត​កោះកុង​ដោយ​លទ្ធផល​ ៣-១។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៀត​ ត្បូង​ឃ្មុំ​​រក្សា​កំណត់​ត្រា​ដ៏​អស្ចារ្យ​ដោយ​មិន​ស្គាល់​ពាក្យ​ថា បរាជ័យ​សោះ​តាំង​ពី​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ និង​ជម្រុះ​តាំង​ពី​ដំបូង​រហូត​ក្លាយ​ជា​ជើង​ឯក​ថ្នាក់​ខេត្ត​នេះ។ ៣​ក្រុម​មក​ពី​ខេត្ត​គឺ​ ត្បូង​ឃ្មុំ សៀមរាប​ និង​រតនគីរី​បាន​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​​ថ្នាក់​ជាតិ​ដែល​ត្រូវ​ជួប​ក្រុម​អាជីព​ដែល​លេង​លីគ​កំពូល​កម្ពុជា៕

ប្រាក់​រង្វាន់

  • លេខ១៖ ខេត្ត​ត្បូង​ឃ្មុំ ទទួល​បាន ១៥លានរៀល

  • លេខ២៖ ខេត្ត​សៀមរាប ទទួល​បាន ៧,៥លានរៀល

  • លេខ៣៖ ខេត្ត​រតនគីរី ទទួល​បាន ៥លានរៀល

  • កីឡាករ​ល្អជាងគេ៖ សំអាត រ៉ាវី របស់​ខេត្ត​ត្បូង​ឃ្មុំ ទទួល​បាន​ប្រាក់​៥០​ម៉ឺន​រៀល

  • អ្នក​ចាំទីល្អជាងគេ៖ សំអាត រ៉ាវី របស់​ខេត្ត​ត្បូង​ឃ្មុំ ទទួល​បាន​ប្រាក់​៥០​ម៉ឺន​រៀល

  • កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើនជាង​គេ៖ ម៉ាត់ អ៉ីហ្សា របស់​ខេត្តកុងកោះ ទទួល​បាន​ប្រាក់ ៥០​ម៉ឺន​រៀល

  • គ្រូ​បង្វឹក​ល្អជាង​គេ៖ ផល រស្មីពេជ្រ របស់​ខេត្ត​ត្បូង​ឃ្មុំ ទទួល​បាន ៥០​ម៉ឺន​រៀល

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម