ខ្លាំងមែន! យុវជន​ខ្មែរម្នាក់នេះ Hack ហ្វេសប៊ុកគេ​ជាង ២០០គណនី តែត្រូវ​ជាប់ខ្នោះ

  • 2019-05-31 02:56:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្លាំង​សមត្ថកិច្ច បាន​ចាប់ខ្លួន​យុវជន​ម្នាក់​ដែល​ធ្វើ​សកម្មភាព Hack ហ្វេសប៊ុក​របស់គេ​រហូតដល់​ជាង ២០០​គណនី ដើម្បី​ឆបោក​ប្រាក់​តាម​គ្រប់​រូបភាព ក្នុងនោះ​មាន​គណនី​ហ្វេសប៊ុក​ចំនួន​៥០ ដែល​ចាញ់បោក​យុវជន​ម្នាក់នេះ។ នេះបើ​តាមការចុះផ្សាយ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ​២០១៩។

រូបថត៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ

លោក​ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឲ្យដឹង​ថា យុវជនម្នាក់នេះ​ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៩ នៅត្រង់​ចំណុចផ្លូវ​លេខ១៨២ សង្កាត់​ទឹកល្អក់២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដោយ​កម្លាំង​នាយកដ្ឋាន​របស់​លោក ដោយដឹកនាំ​ដោយ ឧត្តមសេនីយ៍​ទោ ស៊ីវ ឈាន់ សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។

លោក​ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (រូបកណ្តាល)

យុវជនម្នាក់​នេះ​ឈ្មោះ គ្រួច ស៊ីឆៃ ជនជាតិ​ខ្មែរ កើតថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ​១៩៩៧ មុខរបរ​មិនពិតប្រាកដ មានស្រុក​កំណើត សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ទីលំនៅបច្ចុប្បន្ន​ផ្លូវ១៩៨១ សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ។

បើតាមលោក​ឧត្តមសេនីយ៍​ប្រធាន​នាយកដ្ឋាន បុគ្គល​រូបនេះ ត្រូវបាន​ជនរងគ្រោះ​ដាក់ពាក្យ​បណ្ដឹង​ពីបទ​លួចចូល​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​អ្នកដទៃ ដោយគ្មាន​ការ​អនុញ្ញាត រួចឆាត​ (chat) ទៅខ្ចីប្រាក់​ពី​មិត្តភក្តិ​នៅក្នុង​ហ្វេសប៊ុក ដោយ​តម្រូវឲ្យ​ផ្ញើប្រាក់​តាម​ក្រុមហ៊ុន​វេរលុយ ដែលកន្លងមក​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ទទួលពាក្យ​បណ្ដឹង​ជាច្រើន​ពីជន​រងគ្រោះ។

ក្រោយធ្វើការ​ចាប់ខ្លួន ជនសង្ស័យ​ខាងលើបាន​សារភាព​ថា ធ្លាប់បាន​ធ្វើការ​ឆបោក​ប្រាក់​ជាច្រើនសារ ហើយ​រូបគេ បានលួច​ចូល​គណនី​ហ្វេសប៊ុក បាន​ប្រហែល​២០០​គណនី និងជាង​៥០គណនី ទទួល​បានប្រាក់​ពីការ​ឆបោក។ បច្ចុប្បន្ន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាននឹង​កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ៕

អត្ថបទ៖ សំភី