ក្មេង​ស្រី​សំណាង​៥​នាក់​ គ្រូ​១​នាក់​ត្រូវ​ទូត​អាមេរិក​យក​ទៅទស្សនកិច្ចសិក្សាកីឡានៅ USA

  • 2019-05-31 07:33:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​តី​ខ្មែរ​៥​នាក់​ និង​គ្រូ​បង្វឹក​​នារី​១​នាក់​ត្រូវ​បាន​ស្ថានទូត​អាមេរិក​​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ និង​​មូលនិធី​កុមារ​កម្ពុជា​ (CCF)​ជ្រើស​រើស​យក​ទៅ​ទស្សនកិច្ច​សិក្សា​ផ្នែក​កីឡា​​បាល់ទាត់​​នៅ​​សហរដ្ឋ​អាមេរិក​រយៈ​ពេល​២​សប្តាហ៍។

លោក Neeson និង​លោក Anderson

ក្នុង​ពិធី​​អបអរសាទរ​ និង​ជូន​ដំណើរ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣០​ ខែ​ឧសភា​ នៅ​អង្គការ​ CCF ដែល​មាន​វត្តមាន​តំណាង​ស្ថានទូត​អាមេរិក​ ឪពុក​ម្តាយ​ សាច់​ញាតិ​ និង​​តំណាង​អង្គការ​ លោក​ Gary Anderson អនុប្រធាន​ទូត​ស្តីទី​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​ លោក​រីក​រាយ​ដែល​​នៅ​រដូវ​ក្តៅ​នេះ​ សិស្ស​៥​នាក់​ និង​គ្រូ​ម្នាក់​មក​ពី​មូលនិធី​កុមារ​កម្ពុជា​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​​រដ្ឋ​ New Jersey និង​ New York ដើម្បី​ចូល​រួម​បោះ​ជំរំ​កីឡា​បាល់ទាត់​នារី​ដែល​មាន​រយៈ​ពេល​២​សប្តាហ៍។

ជា​មួយ​គ្នា​នេះ​ លោក​ក៏​បាន​អរគុណ​ដល់​​ដៃ​គូ​គឺ​មូលនិធិ​ ASA Foundation និង​ក្រុម​ CCFដែល​បាន​រៀប​ចំ​ឲ្យ​កើត​មាន​កម្មវិធី​«ការ​លើក​កម្ពស់​សមត្ថភាព​​របស់​យុវជន​តាម​រយៈ​កីឡា»​កាល​ពី​ឆ្នាំ​២០១៨​ និង​ជ្រើស​រើស​បាន​កីឡា​ការិនី​ឆ្នើម​ទាំង​៥​នាក់។

លោក Scoth Neeson

ស្ថាបនិក​អង្គការ​លោក​ Scoth Neeson បាន​និយាយ​ថា​ ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្អូន​​បាន​ធ្វើ​ឲ្យ​ប្អូន​ទទួល​បាន​ជោគជ័យ​មួយ​ចំហ៊ាន​នេះ។ អ្នក​ទាំង​៥​នាក់​ និង​គ្រូ​បង្វឹក​១​នាក់​​គឺ​ជា​មនុស្ស​ដែល​ទទួល​បាន​ជោគជ័យ​ដោយ​ភាព​ស្ងាត់​ស្ងៀម។ លោក​ពិត​ជា​ភ្ញាក់​ផ្អើល​ដែល​សិស្ស​ទាំង​៥​នាក់​​នេះ​ធ្វើ​បាន​ល្អ​ឥត​ខ្ចោះ​ទាំង​ការ​សិក្សា​នៅ​សាលា​ និង​បាល់ទាត់​នៅ​លើ​ទីលាន​ដែល​ផ្សា​ភ្ជាប់​នូវ​​វិន័យ​ ភាព​ជា​អ្នក​ដឹក​នាំ​ និង​​ការ​រៀប​ចំ​ខ្លួន​ប្រាណ។

រូបថត​ជុំ​គ្នា​ក្នុង​ពិធី​ជូន​ដំណើរ

ចំពោះ​គ្រូ​បង្ហាត់​ លក្ខិណា បាន​​ឲ្យ​ដឹង​ថា​ កត្តា​ដែល​សិស្ស​ទាំង​៥​នាក់​ត្រូវ​បាន​ជ្រើស​រើស​គឺ​ទី​១​ ពួក​គាត់​រៀន​ពូកែ​នៅ​សាលា​រៀន។ ទី​២​ ពួក​គាត់​ទៅ​ហ្វឹក​ហាត់​ទៀង​ទាត់​ គោរព​ពេល​វេលា​បាន​ល្អ​ឥត​ខ្ចោះ។ ទី​៣ ការ​ហ្វឹកហាត់​របស់​ពួក​គាត់​ល្អ​ និង​ចំណុច​សំខាន់​មួយ​គឺ​កម្មវិធី​នេះ​ផ្តោត​លើ​ការ​លើក​កម្ពស់​ស្ត្រី​ ដូច្នេះ​ហើយ​បាន​ជា​ជ្រើស​រើស​យក​តែ​នារី​ទាំង​អស់។

សូម​ទស្សនា​វីដេអូ

យុវតី​ ឈឺន សុជាតា អាយុ​១៧​ឆ្នាំ​បាន​រៀបរាប់​ថា​ តាំង​ពី​តូច​មក​​នាង​​ចូល​ចិត្ត​លេង​បាល់ទាត់។ នៅ​ពេល​​គ្រូ​អត់​ប្រៀប នាង​នាំ​គ្នា​លេង​បាល់ទាត់​ជា​មួយ​ប្រុសៗ។ ឱកាស​ទៅ​សហរដ្ឋ​អាមេរិក​នេះ​នាង​មិន​ស្មាន​ថា​ កើត​មាន​ចំពោះ​រូប​នាង​សោះ​ ប៉ុន្តែ​ពេល​​ចូល​រួម​កម្មវិធី​បាល់ទាត់​«ការ​លើក​កម្ពស់​សមត្ថភាព​​របស់​យុវជន​តាម​រយៈ​កីឡា»​កាល​ពី​ឆ្នាំ​២០១៨​ នាង​មាន​វត្តមាន​រហូត ខិត​ខំ​​រៀន​សូត្រ​ពី​របៀប​លេង​ កាន់​វិន័យ​បាន​ល្អ​ ព្រម​ទាំង​រៀន​ទទួល​បាន​លទ្ធផល​ល្អ​នៅ​សាលា​ដែល​ជា​ហេតុ​​​ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្រង​ជ្រើស​រើស​។

គ្រូ​បង្ហាត់​បាល់ទាត់ លក្ខិណា

កាល​ពី​ឆ្នាំ​២០១៨​ ស្ថាន​ទូត​អាមេរិក​ និង​អង្គការ​ជា​ដៃ​គូ​បាន​រៀប​ចំ​កម្មវិធី​«ការ​លើក​កម្ពស់​សមត្ថភាព​​របស់​យុវជន​តាម​រយៈ​កីឡា»​ដែល​មាន​សិស្សា​និសិស្ស​ជិត​១០០​នាក់​ចូល​រួម​ដែល​ផ្តោត​លើ​ការ​​លើក​​កម្ពស់​សមត្ថភាព​យុវជន​តាម​រយៈ​កីឡា​​ និង​ជា​ផ្នែក​សំខាន់​ចំា​បាច់​នៃ​ការ​អប់រំ។ កម្មវិធី​​ហ្វឹកហាត់​បាល់ទាត់​​រយៈ​ពេល​៦​ខែ​នេះ​ហើយ​ដែល​​អ្នក​គ្រប់​គ្រង​តាម​ដាន​ និង​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​​រហូត​ដល់​សិស្ស​ឆ្នើម​​​៥​នាក់​​ត្រូវ​បាន​ជ្រើស​រើស​ និង​បញ្ជូន​ទៅ​ទស្សនកិច្ច​សិក្សា​ផ្នែក​កីឡា​នៅ​អាមេរិក​ដែល​ខាង​ស្ថានទូត​​ទទួល​បន្ទុក​លើ​ការ​ចំណាយ​ទាំង​ស្រុង។

យុវតី​ទំាង​៥​នាក់​ដែល​បាន​ទៅ​អាមេរិក

តាម​ការ​គ្រោង​ទុក​ យុវតី​ទាំង​៥​នាក់​ និង​គ្រូ​បង្វឹក​​ត្រូវ​ដល់​ Hingstown, New Jersey និង​ New York City ដែល​មាន​យុវជន​មក​​ប្រទេស​ជា​ច្រើន​ទៀត​ដើម្បី​ចូល​រួម​សកម្មភាព​ ការ​បោះ​ជំរំ​ហ្វឹកហាត់​បាល់ទាត់​ ប្រជុំ​លក្ខណៈ​អាជីព​ សិក្ខា​សាលា​ ទស្សនា​កន្លែង​កីឡា​ ឱកាស​ស្ម័គ្រ​ចិត្ត​ សកម្មភាព​វប្បធម៌​ ​និង​បដិសណ្ឋារកិច្ច​ជា​ដើម។ យុវទាំង​៥​នាក់​គឺ អ៊ុន ម៉ាណែត​ អាយុ​១៦​ឆ្នាំ, រ៉ាន់ រតនា អាយុ​​១៥​ឆ្នាំ​ កុន​ ញ៉ាញ់​ អាយុ​១៥​ឆ្នាំ​ ហឿម ផាត់​ អាយុ​១៥​ឆ្នាំ​ និង​ ឈឺន សុជាតា​ អាយុ​១៧​ឆ្នាំ៕

សាលា​រៀន​របស់​អង្គការ ASA Foundation

អត្ថបទ៖ ជាន ចាន់រ៉ា