ត្រឡប់មកស្រុកអច្ឆរិយវិញ

  • 2019-06-03 07:36:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ប្រែ​សម្រួល៖ Arun
  • សហការជាមួយ wapatoa.com

កាល​ពី​តូច ខ្ញុំ​ក៏​ដូចជា​ក្មេងៗ​ដទៃទៀត​ដែរ គឺ​តែង​ប្រាថ្នា​ចង់​ទៅ​សិក្សា​នៅស្រុក​ក្រៅ។ កាល​នោះ​ខ្ញុំ​ជឿ​ជាក់ច្បាស់​ណាស់​ថា នៅ​ស្រុក​គេ ប្រាកដ​ជា​មាន​អ្វីៗ​ល្អ​ជាង​យើង​ទាំង​អស់ មិន​ថា​ការ​សិក្សា ការ​រស់​នៅ និងរបស់​ហូប​ចុក​នោះ​ទេ។ តែ​ដល់​ឥលូវ ខ្ញុំ​ធ្លាប់​បាន​ទៅ​នៅ​ស្រុក​គេ​អស់​មួយ​ឆ្នាំ​មក​ហើយ​នោះ ទើប​ខ្ញុំ​ដឹង​ថា អ្វីដែល​ខ្ញុំ​ធ្លាប់​រំពឹង​ទុក​ទាំង​នេះ​ខ្លះ​ក៏ត្រូវ ខ្លះក៏ខុសណាស់ដែរ។

កាលប៉ុន្មានខែដំបូង ដែល​បាន​ទៅ​នៅ​ប្រទេស​អូស្ត្រាលី​ភ្លាម គឺ​ខ្ញុំ​វក់​នឹង​ទស្សនីយភាព​ថ្មីៗ ជាមួយ​មនុស្សចំលែកៗ​ជាច្រើន​នាក់ ដែល​ប្រទេស​ដ៏​ជឿនលឿននេះ​ បាន​ផ្តល់​ឲ្យ ជា​ហេតុ​ធ្វើឲ្យខ្ញុំ​ពុំសូវនឹកពីស្រុកកំណើតខ្លួននោះទេ។ តែ​ដល់យូរៗទៅ នៅពេលដែលខ្ញុំចាប់ផ្តើមសំរបខ្លួននឹងទីក្រុងម៊ែលបន (Melbourne) បានហើយនោះ ទើបចាប់ផ្តើមមានអារម្មណ៍ថាខ្លួននឹកវត្ត និងនឹកស្ថាបត្យកម្មស្ទីលខ្មែរ ដែលខ្ញុំតែងឃើញនៅតាមផ្លូវនៅឯភ្នំពេញយ៉ាងខ្លាំង។

ទោះបីនៅក្រុងទំនើបម៊ែលបននេះមានភោជនីយដ្ឋានគ្រប់មុខ ចំរោះគ្រប់ជាតិសាស្ត្រក្តី តែខ្ញុំបែរជាដេកនឹកគុយទាវក្តៅៗហ៊ុយៗមួយចានប្រាំពាន់ដែលខ្លួនធ្លាប់ញ៉ាំនៅភ្នំពេញទៅវិញ។

រូបថតបានមកពី៖ Penkuro

នៅស្រុកគេនេះ ទោះបើដើរតាមផ្លូវមានសុវត្ថិភាពជាងស្រុកយើងឆ្ងាយ ហើយមានមនុស្សប្លែកជាតិសាស្ត្រគ្នាច្រើនជាងក៏ពិតមែន តែខ្ញុំនៅតែមានអារម្មណ៍ថាដូចជាខ្វះអ្វីម៉្យាងមិនដឹង។

ដោយសារហេតុនេះហើយ ទើបខ្ញុំចាប់ផ្តើមឧស្សាហ៍ធ្វើដំណើរទៅលេងតំបន់ជាយក្រុងមួយឈ្មោះថា ស្ព្រីងវេល (Springvale) ដោយសារនៅទីនោះសំបូរខ្មែរៗយើងរស់នៅច្រើន! ក្រៅពីទៅដើម្បីបានញ៉ាំម្ហូបជាតិហើយ ខ្ញុំក៏ទៅទីនោះដើម្បីតែបានលឺសំលេងមនុស្សនិយាយភាសាខ្មែរផងដែរ ដើម្បីបានអានផ្លាកអក្សរខ្មែរ និងជាពិសេសបំផុតនោះ គឺដើម្បីមានអារម្មណ៍ថាបានជួបពុកម៉ែបងប្អូនសាច់ឈាមជ័រជាខ្មែរដូចគ្នា!

ធ្មេចបើកៗ ក៏ខ្ញុំបាននៅស្រុកគេគ្រប់មួយឆ្នាំ ដល់ពេលដែលអាចហោះត្រឡប់មកលេងស្រុកខ្មែរវិញហើយ! មុនពេលមកខ្មែរវិញនោះ ខ្ញុំអរស្ទើរតែទប់លែងរួច ដោយសារចិត្តខ្ញុំពុះកញ្ជ្រោលចង់ជួបជុំគ្រួសារ និងមិត្តភក្តិជាពន់ពេក!

នរណាទៅដឹងថា… ពេលមកដល់ស្រុកវិញ គ្មានរឿងអស្ចារ្យ គ្មានចេញចំរៀងពីក្រោយ ឬចេញភ្លេងឆ្វេចឆ្វាចដូចក្នុងរឿងកុនទេ។ ពេលមកដល់ស្រុកខ្មែរវិញ ខ្ញុំក៏នៅតែជាប់ក្នុងផ្លូវស្ទះដីហុយ ដើម្បីជិះទៅផ្ទះវិញដដែល…

តែពេលនៅខ្មែរបានប៉ុន្មានថ្ងៃទៅ… ពេលដែលខ្ញុំចាប់ផ្តើមស៊ាំនឹងមាតុភូមិយើងវិញ ខ្ញុំចាប់ផ្តើមចាប់អារម្មណ៍ឃើញថា ផ្លូវភ្នំពេញដែលមមាញឹកមានសុទ្ធតែរ៉ឺម៉ក និងម៉ូតូ ផ្សែងធូបក្រអូបអួរអាប់តាមផ្លូវ និងជំនាងផ្ទះតូចៗគួរឲ្យស្រឡាញ់នៅគ្រប់ជ្រុងជ្រោយនេះជាវត្ថុដែលស្អាត ជាវត្ថុដែលធ្វើឲ្យខ្ញុំមានចិត្តស្ងប់ មានអារម្មណ៍ថាខ្លួនបានមកដល់ផ្ទះវិញហើយ!

ពីមុនខ្ញុំមិនដែលចាប់អារម្មណ៍រឿងតូចតាចទាំងអស់នេះទេ តែម្តងនេះ ខ្ញុំបែរជាបិទភ្នែក សោយសុខពួកវាទាន់​ពេល​ខ្ញុំ​បាន​នៅ​ខ្មែរ ទាន់​ពេល​ខ្ញុំ​បាននៅឃើញទីក្រុងភ្នំពេញដ៏ស្រស់ស្អាត តែមហាវឹកវរមួយនេះ!

រូបភាពបានមកពី៖Penkuro

ការទៅរៀនស្រុកគេបានដូចបំណងនេះ បានបង្រៀនខ្ញុំថា ទោះខ្ញុំមានកាយនៅទីណាក៏ដោយ ក៏ខ្ញុំមិនគួរមើលរំលងរឿងតូចៗ ដែលហ៊ុំព័ទ្ធជីវិតប្រចាំថ្ងៃរបស់ខ្ញុំឡើយ! ព្រោះគង់មានថ្ងៃណាមួយ ខ្ញុំនឹងនឹកពួកវា ហើយចង់វិលត្រឡប់ទៅរកពួកវាវិញជាមិនខាន!

  • អត្ថបទនេះ គឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវិបសាយ​ផ្តោត​លើ​ចំណេះ​ដឹង​ចិត្ត​វិទ្យា សិល្បៈ និងការ​អភិវឌ្ឍ​ខ្លួន

  • បើចង់អានអត្ថបទល្អៗដូចនេះទៀត សូមចូលទៅកាន់Wapatoa.com !

អត្ថបទ៖ Arun