យុវតី​ ស៊ីផ្លែ៖​ បាល់ទាត់​ជួយ​ឲ្យ​ខ្ញុំ​ក្លាហាន ហ៊ាន​ក្រោក​ឈរ​ប្រឈម​ និង​ការ​គំរាម​កំហែង

  • 2019-06-04 10:41:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​វ័យ​១៣​ឆ្នាំ​​ ស៊ីផ្លែ​ លើក​ពី​គុណ​សម្បត្តិ​នៃ​ការ​លេង​បាល់ទាត់​ និង​សារប្រយោជន៍​មួយ​ចំនួន​បន្ទាប់​ពី​រូប​គេ​បាន​ចូលរួម​ក្នុង​កម្មវិធី​ “កម្មវិធី​កីឡា​ដើម្បី​ផ្លាស់​ប្រែ​ជីវិត​ខ្ញុំ”​ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ស្មាត ​និង​អង្គការ​ទស្សនៈ​ពិភពលោក​ កាល​ពី​ថ្ងៃ​ទី១ ​មិថុនា​ ២០១៩​ កន្លងទៅ​នេះ។​

យុវតី​ ស៊ីផ្លែ​(រូបភាពផ្ដល់ឲ្យ)

យុវតី​ ស៊ីផ្លែ​ បាន​ឲ្យ​ដឹង​ថា​ វិស័យ​បាល់ទាត់ ​គឺ​ជួយ​ឲ្យ​កីឡា​ការិនី​រូប​នេះ​មាន​សុខភាព​ល្អ​ មាន​ស្មារតី​រឹងមាំ​ មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ ក្លាហាន​ ក៏​ដូច​ជា​ហ៊ាន​ក្រោកឈរ​តតាំង​ និង​ការ​គំរាម​កំហែង​នានា​ផង​ដែរ។​ ចំណែក​លោក​ លោក សាយ​ សារិន​ ប្រធាន​ផ្នែក​គ្រប់គ្រង​ប្រចាំ​អង្គការ​ទស្សនៈ​ពិភពលោក​ បាន​ឲ្យ​ដឹង​ថា​ ហេតុផល​បាន​ជា​បង្កើត​កម្មវិធី​ខាង​លើ​នេះ​ឡើង គឺ​ដើម្បី​ជំរុញ​ក្នុង​ការ​ទំនាក់ទំនង​ និង​គាំទ្រ​ដល់​យុវជន​ ដែល​ងាយ​រងគ្រោះ​បំផុត។​ កម្មវិធី​នេះ​ដើម្បី​ជួយ​ពួកគេ​ ក្នុង​ការ​បង្កើត​នូវ​ទំនាក់ទំនង​ជា​វិជ្ជមាន​នៅ​ជុំវិញ​ខ្លួន​ និង​ជួយ​ឲ្យ​ពួកគាត់​ទទួល​បាន​នូវ​ជំនាញ​ជីវិត​សំខាន់ៗ។​ ជំនាញ​ទាំង​នោះ​នឹង​ជួយ​ដល់​ពួកគាត់​មាន​ការ​អភិវឌ្ឍ​ក្នុង​ជីវិត​ និង​ជួយ​ដល់​ការ​សម្រេច​ចិត្ត​ត្រឹមត្រូវ​ ពិសេស​ដើម្បី​កាត់​បន្ថយ​អាកប្បកិរិយា​ដែល​នាំ​ឲ្យ​ពួកគាត់​ជួប​នូវ​បញ្ហា​ផ្សេងៗ។​

រូបភាពពេលប្រកួតចប់(រូបភាពផ្ដល់ឲ្យ)

លោក​ Anthony​ Perkins​ នាយក​ផ្នែក​សេវាកម្ម​ឌីជីថល​ នៃ​ក្រុម​ស្មាត​ អាស្យាតា ​ខូអិលធីឌី​ បាន​ មាន​ប្រសាសន៍​ថា៖​ “មិន​ត្រឹមតែ​ជា​ប្រភព​នៃ​លំហាត់​ប្រាណ​ និង​សុខភាព​ប៉ុណ្ណោះ​ទេ​ កីឡា​បាល់ទាត់​ជួយ​ យុវជន​ ក្នុង​ការ​កសាង​មិត្តភាព​ ដោយ​ពុំ​មាន​ការ​រើសអើង​ និង​លើក​ទឹក​ចិត្ត​ដល់​ការ​ធ្វើ​ការងារ​ជា​ក្រុម។​ ក្រោយ​ ការ​សហការ​គ្នា​បង្កើត​កម្មវិធី​រយៈ​ពេល​៣ឆ្នាំ​កន្លងមក​នេះ​ លោក​មាន​ការ​ ជឿជាក់​ថា​ “កម្មវិធី​កីឡា​ដើម្បី​ជីវិត​ខ្ញុំ”  បាន​ភ្ជាប់​ទំនាក់ទំនង​រវាង​យុវជន​ និង​យុវតី​រាប់ពាន់​នាក់​ យ៉ាង​ជោគជ័យ ​ដោយ​បង្កើត​នូវ​សកម្មភាព​ស្ថាបនា ​និង​ជំនាញ​ដ៏​ចាំ​បាច់​ជា​ច្រើន​ដែល​ពួកគាត់​ត្រូវ​ការ​ សម្រាប់​ការ​កសាង​អនាគត​តាម​រយៈ​កីឡា។​ ពួក​លោក​សង្ឃឹម​ថា​ កម្មវិធី​នេះ​នឹង​បន្ត​បង្កើត​នូវ​ផល​វិជ្ជមាន​ទៅ​លើ​យុវជន​កម្ពុជា ​ឲ្យ​បាន​ច្រើន​ជាង​នេះ​ទៀត​ ពិសេស​យុវជន​ដែល​ងាយ​រងគ្រោះ​បំផុត។​

រូបភាពពេលប្រកួតចប់(រូបភាពផ្ដល់ឲ្យ)

​“កម្មវិធីកីឡាដើម្បីផ្លាស់​ប្រែជីវិតខ្ញុំ” ​ នឹង​បន្ត​ចូល​រួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​គុណភាព​ជីវិត​របស់​យុវជន​ តាម​រយៈ​ការ​ផ្ដល់​នូវ​ជំនាញ​ផ្សេងៗ​ ដើម្បី​ជួយ​ពង្រឹង​នូវ​ទេពកោសល្យ​ និង​សមត្ថភាព​របស់​ពួកគាត់។​ ការ​ប្រកួត​បាល់ទាត់​ថ្នាក់​ជាតិ​រៀបចំ​ឡើង​ដើម្បី​បង្កើត​ និង​ពង្រឹង​នូវ​ទំនាក់ទំនង​ ក៏​ដូច​ជា​ចំណង​មិត្តភាព​រវាង​ យុវជន​ដែល​ងាយ​រងគ្រោះ​បំផុត។​ លើស​ពី​នេះ​ទៅ​ទៀត​ វា​ជួយ​ជំរុញ​ និង​លើក​ទឹក​ចិត្ត​របស់​យុវជន​ ក្នុង​ការ​បន្ត​ អភិវឌ្ឍ​ខ្លួន​ឯង​ផ្ទាល់​ ក៏​ដូច​ជា​ចូលរួម​អភិវឌ្ឍន៍​ក្នុង​សហគមន៍។​

នេះ​ជា​លើក​ទី៣​ហើយ​នៃ​ការ​បង្កើត​ “កម្មវិធីកីឡាដើម្បីផ្លាស់​ប្រែជីវិតខ្ញុំ”។​ កម្មវិធី​នេះ​ដែរប្រព្រឹត្តិ​កាល​ពី​ថ្ងៃ​ទី​១ ​ខែ​មិថុនា​ ឆ្នាំ​ ២០១៩​ នៅ​ឯ​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន​ ដែល​មាន​​យុវជន​ចូលរួម​ចំនួន​ ២៦០​នាក់។ ក្នុង​នោះ​យុវតី​ចំនួន​ ១៣០នាក់​ គឺ​ជា​សមាជិក​ក្នុង​ក្លឹប​មក​ពី​បណ្ដា​ខេត្ត​ចំនួន​១៣​ នៅ​ក្នុង​ប្រទេស​កម្ពុជា៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម