ក្ដៅៗ! Real ទិញ​បាន​ខ្សែ​ប្រយុទ្ធ​ Luka Jovic ហើយ!

  • 2019-06-04 12:37:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​អម្បាញ់មិញ​នេះ ក្លឹប​ Real Madrid បាន​ប្រកាស​តាម​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា ខ្លួន​ទិញ​បាន​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Eintracht Frankfurt ហើយ​ចុះ​កុងត្រា​រយៈពេល ៦​ឆ្នាំ​ ដោយ​មាន​សុពលភាព​ដល់​ឆ្នាំ​២០២៥។

ក្នុង​សេចក្ដីថ្លែងការណ៍​របស់ Real Madrid មិន​បាន​បញ្ជាក់​ពី​តម្លៃ​នៃ​ការ​ផ្ទេរ​ចេញ​ពី​ក្លឹប​អាល្លឺម៉ង់​ឡើង​ គ្រាន់​តែ​បាន​ប្រាប់​ថា​ កីឡាករ​នេះ​នៅ​ត្រួតពិនិត្យ​សុខភាព​តែ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​តាម​សារព័ត៌មាន​ល្បី​ៗ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ ក្លឹប​ Real Madrid ទិញ​កីឡាករ​រូប​នេះ​ក្នុង​តម្លៃ​ ៧៩​លាន​ដុល្លារ។

ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​ស៊ែប​រូប​នេះ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ក្លឹប​ធំៗ​យ៉ាង​ខ្លាំង​ដោយ​ រក​គ្រាប់​បាល់​បាន ២៧​គ្រាប់ ក្នុង​ ៤៨​ប្រកួត​នៃ​គ្រប់​កម្មវិធី​ទាំង​អស់​របស់​ក្លឹប​ Frankfurt នា​រដូវ​កាល ២០១៨/១៩​ កន្លង​ទៅ។

ក្រោយ​ពី​ចុះ​កុងត្រា​ជាមួយ​កីឡាករ​វ័យ ២១​ឆ្នាំ​នេះ​ហើយ ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​លើកឡើង​ថា​ ក្លឹប​ Real Madrid នឹង​ត្រៀម​ចំណាយ​លុយ​ធំ​ក្នុង​ទីផ្សារ​កីឡាករ​មុន​បើក​រដូវ​កាល ២០១៩/២០៕

ប្រភព៖ Goal | Real Madrid   ប្រែ​សម្រួល៖ ហ៊ីម រស្មី