លោក Felix ថា កីឡាករ​ដែល​ជ្រើស​រើសសុទ្ធ​តែ​មាន​ឆន្ទៈខ្ពស់ដើម្បីជាតិទាំងអស់

  • 2019-06-05 05:06:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Felix គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​បក​ស្រាយ​ និង​ពន្យល់​ពី​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ដែល​លោក​បាន​កោះ​ហៅ​​ដើម្បី​ប្រកួត​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ប៉ាគីស្ថាន ល្ងាច​ថ្ងៃ​ទី​៦​ ខែ​មិថុនា​ ខាង​មុខ​នេះ​ក្នុង​ព្រឹត្តិការណ៍​ជម្រុះ​ World Cup 2022 និង​ Asian Cup 2023 ជុំ​ទី​១​នៅ​តំបន់​អាស៊ី។

លោក Felix

ក្នុង​សន្និសីទ​សារព័ត៌មាន​មិញ​នេះ​ លោក​បាន​និយាយ​ថា កីឡាករ​បាល់ទាត់​គឺ​ត្រូវ​ការ​លេង​ជា​ក្រុម​ ដូច្នេះ​លោក​ត្រូវ​ការ​ជ្រើស​រើស​កីឡាករ​ដែល​​លេង​ជា​ក្រុម។ កីឡាករ​ទាំង​២៦​នាក់​ដែល​លោក​បាន​ជ្រើស​រើស​សុទ្ធ​តែ​មាន​ឆន្ទៈ​ខ្ពស់​ទាំង​អស់​ដើម្បី​​​ជាតិ។ កីឡាករ​ខ្លះ​មិន​សូវ​បាន​លេង​លីគ​ ប៉ុន្តែ​ពួក​គេ​ទើប​តែ​មិន​បាន​លេង​ប្រហែល​ជា​ពីរ​បី​ប្រកួត​ប៉ុណ្ណោះ ក្រុម​ការងារ​របស់​លោក​បាន​តាម​ដាន​យូរ​ហើយ​ និង​បាន​​​ទំនាក់ទំនង​ច្បាស់​លាស់​ជា​មួយ​ថ្នាក់​ដឹក​នាំ​ក្លឹប​​ដើម្បី​​​​ពិនិត្យ​មើល​ពី​គុណភាព​ អត្តចរឹក​ និង​វិន័យ​ទើប​បាន​ជា​សម្រេច​ជ្រើស​រើស​យក​ពួក​គេ។

បើ​និយាយ​ពី​កីឡាករ​ ដាវ នីម របស់​គីរីវង់សុខសែន​ជ័យ​ត្រូវ​បាន​លោក​គ្រូ​បង្វឹក​ជន​ជាតិ​អាហ្សង់ទីនបានលើក​ឡើង​ថា​ រូប​គេ​ជា​កីឡាករ​ដែល​មាន​បច្ចេកទេស​ល្អ​ ល្បឿន​លឿន​ និង​កម្លាំង​ស៊ុហ្វ​ក៏​​ល្អ។ រូប​គេ​សក្តិសម​ជាប់​ជម្រើស​ជាតិ​ដើម្បី​សិក្សា​​រៀន​សូត្រ​បន្ថែម​ទៀត​ក្នុង​ក្រុម​ជម្រើស​ជាតិ។ កីឡាករ​រូប​នេះ​អាច​លេង​បាន​ទាំង​តំបន់​ប្រយុទ្ធ​ និង​បម្រើ​ស្លាប។

ក្រុម​កម្ពុជា​ហ្វឹកហាត់

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​គឺ​​លោក​ Felix ​បាន​និយាយ​ថា​ រាល់​ការ​ប្រកួត​គ្រប់​កម្មវិធី​ទាំង​អស់​ពោល​គឺ​ទាំង​កម្រិត​យុវជន​ និង​ក្រុម​ធំ​​តាំង​ពី​មុន​ៗ​មក​គឺ​ដើម្បី​ធ្វើ​តេស្ត​ទាំង​អស់។ ការ​ធ្វើ​តេស្ត​នេះ​គឺ​ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ល្អ​ប្រសើរ​ និង​រីក​ចម្រើន។

លោក​ជឿ​ជាក់​ និង​មាន​ទំនុក​ចិត្ត​ខ្ពស់​លើ​កីឡាករ​ទាំង​២៦​នាក់​ដែល​លោក​បាន​ច្រើន​ ហើយ​ថ្ងៃ​ស្អែក​ពួក​គេ​នឹង​ផ្តល់​ភាព​សប្បាយ​រីក​រាយ​ដល់​អ្នក​គាំទ្រ៕

អត្ថបទ៖ ជាន ចាន់រ៉ា