ចង់បំបែក​ចម្ងល់​រឿងអង្ករខ្មៅ អ្នកស្រាវជ្រាវខ្មែរ​អំពាវនាវ​រក​ជំនួយ​៥០០០​ដុល្លារ​

  • 2019-06-06 05:42:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​​ស្រាវ​ជ្រាវផ្នែក​បុរាណ​វិទ្យាខ្មែរ​​មួយ​ក្រុម​កំពុង​អំពាវនាវ​រក​ថវិកាចំនួន​ប្រាំ​ពាន់​ដុល្លារ​ដើម្បី​បំបែក​ចម្ងល់​​ទាក់ទង​នឹង​អង្ករ​ខ្មៅ​ដែល​រក​ឃើញ​នៅ​ខេត្ត​ស្ទឹង​ត្រែង និងជាប់ពាក់ព័ន្ធទៅ​នឹង​ជំនឿ​ជា​ច្រើន។

លោក​សាស្រ្តាចារ្យ​ផ្នែក​បុរាណ​វិទ្យា ធុយ ចាន់ធួន បាន​សរសេរ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​កាល​ពី​ម្សិល​មិញ​ថា​អង្ករ​ខ្មៅនេះ​ត្រូវបាន​រក​ឃើញ​នៅ​ទួល​មួយ​ក្នុង​ភូមិ​កាំង​តេជោ ឃុំ​ថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង និង​ថា​​ប្រ​ជា​ពល​រដ្ឋ​នៅ​ទី​នោះបាន​ដឹង​ពី​វត្តមាន​អង្ករ​ខ្មៅនេះ​ខ្លះ​តាំងពី​ឆ្នាំ​១៩៤០ និង​ខ្លះបាន​ដឹង​ថា​មាននៅ​ឆ្នាំ១៩៨០។

(រូបភាព៖ ហ្វេសប៊ុក លោក ធុយ ចាន់ធួន)

លោក​សាស្រ្តាចារ្យ​សរសេរ​បន្តថា​នៅទី​ទួល​​នោះមាន​បន្សល់​ទុក​នៅ​ឥដ្ឋ​ជា​ច្រើ​ន​ដុំ ដែល​ទំនងជា​ទីប្រាសាទ​បុរាណ បើ ទោះ​បី​មិនមាន​ឃើញ​ផ្ដែ ឬ​សរសេរពេជ្យ​នៅទីនោះ​ក្ដី។ លោក​បន្ថែម​ថា៖ «សណ្ឋាន​រូបអង្ករ​ខ្មៅ​ខ្ញុំបាន​ពិនិត្យ​ហើយ​រើសយក​គ្រាប់​ដែល​ធំជាង​គេយកមក​ធ្វើការ​ពិនិត្យ​ផ្ទាល់ភ្នែក​ ដោយ​ប្រើខ្នាត​ម៉ាទ្រិច​ និង​អង្ករ​លើ​ក្រដាស​មីលីម៉ែត្រ​ជាជំនួយ​ ឃើញ​ថាគ្រាប់​អង្ករខ្មៅ​ធំជាង​គេនេះមាន​រាងមូល​ទ្រវែង​ទំហំ​ប្រមាណ​បណ្ដោយ៦ ម.ម. ទទឹង​២.ម.ម. ខ្ញុំ​បាន​ប្រើកែវ​ពង្រីក​ (Magnify glass) នេះ​ជា​គ្រាប់​អង្ករ​ពិតៗ ​ព្រោះ​មាន​ទម្រង់​ឆ្នូតៗ​តាម​សសៃ​នៃស្រទាប់​គ្រាប់​ស្រូវ​។ វាជា​គ្រាប់​អង្ករ​សុទ្ធ​ ដែល​មានទំហំ​ ធំ ​តូច ​ខុសៗ​គ្នា​នៅ​លាយឡំ​ជា​មួយគ្នា»​។

​ប្រ​ភព​ដដែល​បន្តថា​អង្ករ​ខ្មៅ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​ជឿ​ថាជា​វត្ថុ​ស័​ក្ដ​សិទ្ធិ ជួយ​ឲ្យ​អ្នក​ដែល​មាន​អង្ករ​នេះ​សុខសប្បាយ រកស៊ី​មាន​បាន និង​គ្មាន​ជំងឺ​​​ជា​ដើម។ លោក​សាស្រ្តាចារ្យ​បាន​ជួប​អ្នក​ដែល​មាន​អង្ករ​ខ្មៅ​នេះ ហើយ​អ្នក​ទាំងនោះ​បាន​និយាយ​ដូច​នេះ។

​បើនិយាយ​ពី​សិលាចារឹក​ខ្មែរ​វិញ​លោក​ថា​អ្នកជំនាញ​សិលាចារឹក​បាន​លើកឡើងថា​មាន​និយាយពី​អង្ករ​ខ្មៅនេះដែរ។ លោក​សរសេរ​បន្តថា​៖ «នៅក្នុង​សិលាចារឹក​ស្ដុក​កក់ធំ មាន​និយាយ​អំពីព្រំ​ប្រទល់​ដីមួយក​ន្លែង​ដែល​លាត​សន្ធឹង​ទៅដល់ ​«ក្រលាដុតស្រូវ» (ក្រលាតុតស្រូ)​ ដែល​យើង​អាចយល់​បាន​ថាទីជា​ក្រលាដុត​ស្រូវ​នោះពុំមែន​ជាទី​តាំងមាន​ទំហំតូច​ជាធម្មតា​ឬជាទី​តាំង​ដែលគេ​ធ្វើចល័ត​នោះឡើយ​។ ដូច្នេះ​យើង​ឃើញថា​ «ដុតស្រូវ» (អង្ករខ្មៅ) នេះគឺ​ជាកិច្ច​ពិធីដែល​គេ​ធ្វើក្នុង​កាលវេលាសន្មតិ​ណា​មួយ»។

ដើម្បី​​ស្រាយ​នូវ​ចម្ងល់ និង​បញ្ជាក់ពី​កាលវេលា​នៃ​វត្តមាន​អង្ករ​ខ្មៅនេះ​លោក​សាស្រ្តាចារ្យ និ​ងក្រុម​ការងារ​បានអំពាវ​នាវ​រកថវិកា​ដើម្បី​យក​សំណាក​អង្ករនេះទៅ​ពិសោធន៍​កាបូន​១៤​នៅ​ប្រ​ទេស​អាល្លឺម៉ង់ ដែល​ត្រូវ​ចំណាយថវិកា​ប្រាំ​ពាន់​ដុល្លារ។

លោកសរសេរ​យ៉ាងនេះថា៖ «ដើម្បី​បំបាត់​ចម្ងល់​ និង​ដើម្បី​ដឹង​ពីអាយុកាល​ពិត​របស់​អង្កខ្មៅ​នេះ យើង​ត្រូវ​យក​ទៅវិភាគ​តាមវិទ្យុ​សកម្ម​សេ១៤​ (C14)។​ ដើម្បីវិ​ភាគ​បាន​យើង​ខ្ញុំត្រូវ​ការថវិកា​ចំនួន​៥០០០ដុល្លា​ អាមេរិក ​ត្រូវ​ធ្វើ​ចំនួន​៥សំណាក ​ ដោយ​ត្រូវ​ផ្ញើសំណាក​នេះទៅ​ប្រទេសអាល្លឺម៉ង់​ដើម្បីពិសោធន៍​។ បាទ​សូម​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ ​មេត្តាជួយ​តាម​ការ​គួរ​ ស្វាគមន៍​ចាប់​តាំង​ពី១ដុល្លា​ឡើងទៅ»៕​

អត្ថបទ៖ ទូច សុខា